Monday, January 20, 2025
Homeព័ត៌មានជាតិចុម!!! នៅហ្វាន់ ក្លឹប មានរឿងនេះផង ឈ្លោះគ្នាបែកផ្សែង

ចុម!!! នៅហ្វាន់ ក្លឹប មានរឿងនេះផង ឈ្លោះគ្នាបែកផ្សែង

ភ្នំពេញ៖ ជម្លោះរវាងម្ចាស់ផ្ទះជួល ជាមួយថៅកែក្លឹបរាត្រីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២និង៣៥នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចក្លឹបឌីស្កូ យីហោ ហ្វាន់ក្លឹប មានទីតាំងស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ភាគីទំនាស់ខាងលើ ត្រូវបានគេដឹងថា ភាគីម្ចាស់ទីតាំងមានឈ្មោះសា រ៉ាត់។ ចំណែកអ្នកជួលទីតាំងបើកក្លឹប មានឈ្មោះស៊ីន ឆុងហ្វាន់ អាយុ៦៥ឆ្នាំ ជាជនជាតិកូរ៉េ មានប្រពន្ធឈ្មោះទេប ចាន់ណារិន អាយុ៣៣ឆ្នាំ ជាជនជាតិខ្មែរ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ទំនាស់ខាងលើនេះ បណ្តាលមកពីបុរសជនជាតិកូរ៉េ មិនគោរពនូវកិច្ចសន្យា (កុងត្រា) ដោយនៅក្នុងកុងត្រា មានរយៈពេលជួល២ឆ្នាំ។

ប៉ុន្តែក្រោយពីជួលទីតាំងខាងលើ បើកក្លឹបដំណើរការបានរយៈពេល៨ខែ រកស៊ីមិនទៅមុខ បែរជាខាតឡុង ចុងអស់ជាង៧ម៉ឺនដុល្លារ ស្រាប់តែបុរសជនជាតិកូរ៉េនោះ បង្ខំចិត្តឈប់ជួលតទៅទៀត និងរើសម្ភារចេញ ទើបម្ចាស់ទីតាំងចេញមករារាំង ជាហេតុធ្វើឱ្យក្លាយជាទំនាស់តែម្តង។

យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ បុរសជនជាតិកូរ៉េ និងប្រពន្ធជនជាតិខ្មែរ បានជួលទីតាំងខាងលើ បើកក្លឹបឌីស្កូ ដោយដាក់យីហោ ហ្វាន់ក្លឹប នៅក្នុងការជួលនេះ ក្នុង១ខែ៣០០០ដុល្លារ ហើយក៏បានធ្វើកិច្ចសន្យាជាមួយគ្នាត្រឹមត្រូវ ដោយជួលរយៈពេល២ឆ្នាំ។ ខណៈនោះ ម្ចាស់ទីតាំង បានតម្រូវឱ្យកក់លុយមុន១ខែ គឺ៣០០០ដុល្លារ ហើយក្រោយពេលត្រូវរ៉ូវគ្នាហើយ បុរសជនជាតិកូរ៉េ បានបើកដំណើរការក្លឹបនោះ ជារៀងរាល់ខែ។ រហូតមកទល់នឹងពេលនេះ ទើបបានរយៈពេល៨ខែប៉ុណ្ណោះ ក្លឹបក៏ត្រូវបានបិទទ្វារឈប់ដំណើរការ ហើយថៅកែកូរ៉េនេះ បានរើឥវ៉ាន់បម្រុងចាកចេញ ក៏ត្រូវម្ចាស់ទីតាំងរារាំងមិនឱ្យរើ ព្រមទាំងឃាត់មិនឱ្យបុរសជនជាតិកូរ៉េនោះ យកសម្ភារចេញពីទីតាំង និងទាមទារឱ្យបើកប្រាក់ឈ្នួលទីតាំង ក្នុងខែចុងក្រោយសិន ដោយអះអាងថា ជនជាតិកូរ៉េ មិនគោរពកុងត្រា ហើយមិនទាន់បើកលុយឈ្នួលក្នុងខែមករា ជូនគាត់នៅឡើយ។ ពេលនោះ ក៏បង្កឱ្យមានទំនាស់គ្នាកើតឡើង រហូតម្ចាស់ទីតាំងប្តឹងសុំឱ្យនគរបាលប៉ុស្តិ៍ចោមចៅ ជួយអន្តរាគមន៍ និងរកដំណោះស្រាយ។

ដោយឡែក តាមសម្តីបុរសជាជនជាតិកូរ៉េវិញ បានឱ្យដឹងថា តាមពិតគាត់មិនចង់ធ្វើបែបនេះទេ ប៉ុន្តែគាត់បានរកស៊ីរហូតខាតឡុងចុង អស់ចំនួនជាង៧ម៉ឺនដុល្លារហើយ ដូច្នេះគ្មានលទ្ធភាព ដើម្បីបន្តការរកស៊ីទៀតបានឡើយ។ ពេលនេះ គាត់សុំចប់ត្រឹមនឹង និងសុំយកសម្ភាររបស់គាត់ចេញពីទីតាំង ដោយឡែកប្រាប់ឈ្នួល គាត់បានកក់មុន១ខែដែរ ហើយហេតុនេះ សូមឱ្យរួចគ្នាទៅចុះ។

 

ក្រោយសម្របសម្រួលគ្នារួចមក រហូតដល់វេលាម៉ោង១និង១៥នាទីរសៀលថ្ងៃដដែល ទើបភាគីទាំង២ បានឯកភាពបញ្ចប់រឿង ដោយខាងបុរសជនជាតិកូរ៉េ យល់ព្រមចេញបង់ថ្លៃទឹកថ្លៃភ្លើង និងបើកប្រាក់ឈ្នួលចំនួន៣០០ដុល្លារនៅក្នុងខែមករា ឆ្នាំ២០១៩នេះ ទៅឱ្យម្ចាស់ទីតាំង៕

RELATED ARTICLES