ព្រាប សុវត្ថិ ដែលមនុស្សមួយចំនួនយល់ថា ពេលដែលខេមរៈ សិរីមន្ដ ទៅដល់ហង្សមាស នឹងធ្វើឲ្យកំពូលតារាចម្រៀងហង្សមាស រូបនេះ មានការប្រែប្រួលទីផ្សារចម្រៀង ឬអាចប្រឈមការធ្លាក់ចុះនោះ នៅទីបំផុត ព្រាប សុវត្ថិ នៅតែអាចឈរជើងក្នុងទីផ្សារចម្រៀងបានដូចមុនដដែល គិតត្រឹមដើមឆ្នាំ២០១៩នេះ។
ចម្ងល់របស់មហាជនបានលើកឡើងថា តើព្រាប សុវត្ថិ ដែលមានវ័យជាង៤០ឆ្នាំទៅហើយនោះ អាចនឹងល្បីល្បាញឈ្មោះបានប៉ុន្មានឆ្នាំទៀតទៅ បើពេលនេះ លោកច្រៀងបទសម័យ សឹងតែលែងត្រូវវ័យរបស់លោកទៅហើយ?
អ្នកជំនាញសិល្បៈ លោកសាស្រ្ដាចារ្យសេង សំអាន មន្រ្ដីជាន់ខ្ពស់របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា ព្រាប សុវត្ថិ មិនទាន់ធ្លាក់ទេ គិតមកដល់ពេលនេះ ព្រោះសំឡេងនៅតែមិនទាន់ធ្លាក់ចុះ ហើយតារាហង្សមាស រូបនេះ អាចនឹងល្បីបានច្រើនឆ្នាំតទៅទៀត ដូចពាក្យគេថា ”ខ្ញីចាស់កាន់តែហឹរ”។
ចំណែកអតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស លោកនូ សុិប ក៏មានទស្សនៈស្រដៀងគ្នានេះដែរ ដោយចាត់ទុកថា ព្រាប សុវត្ថិ ដែលត្រូវតាមខ្នាតស្ដង់ដារអន្តរជាតិ ហើយអ្នកចម្រៀងរូបនេះ អាចល្បីបានជាច្រើនឆ្នាំតទៅទៀត ដោយសារសំឡេងមិនទាន់ធ្លាក់ឡើយ ទោះជាមានវ័យកាន់តែច្រើនក្ដី។
ប៉ុន្ដែផ្ទុយពីការអះអាងរបស់លោកសាស្រ្ដាចារ្យសេង សំអាន និងអតីតតារាចម្រៀងហង្សមាស លោកនូ សិុប ព្រោះលោកមិញ សុធីវណ្ណ តារាចម្រៀងជើងចាស់ និងជាអ្នកជំនាញធ្វើបទភ្លេង និងតន្ដ្រីល្បីឈ្មោះនោះ យល់ថា កត្តាតែម្យ៉ាងគត់ដែលព្រាប សុវត្ថិ ថា នៅតែល្បីតទៅទៀត ឬចុះខ្សោយនោះ គឺនៅលើ ”ហង្សមាស”។
លោកសុធីវណ្ណ យល់ថា ហង្សមាស ធ្លាប់ធ្វើព្យុះភ្លៀងជាច្រើនមកហើយ គឺចង់លើកឲ្យតារាណាល្បី ឬមិនល្បី នៅលើចិត្តគេចង់ ហេតុនេះហើយ ព្រាប សុវត្ថិ ក៏ដូច្នេះដែរ។
ប៉ុន្តែលោកសុធីវណ្ណ យល់ថា តារាចម្រៀងផ្សេងៗទៀត ក៏មានសមត្ថភាពមិនអន់ជាងព្រាប សុវត្ថិ ដែរ គ្រាន់តែគ្មានឱកាសបានបញ្ចេញសមត្ថភាពប៉ុណ្ណោះ ហើយសម្រាប់អារម្មណ៍លោកផ្ទាល់ បើឲ្យលោកជ្រើសរើសយកម្នាក់ រវាងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ នោះគឺលោកសូមជ្រើសរើសយកខេមរៈ សិរីមន្ដ ហើយ។
ព្រាប សុវត្ថិ បានឈរជើងនៅផលិតកម្មរស្មីហង្សមាស ជាង២ទសវត្ស ហើយដែលមានបទចម្រៀងនៅផលិតកម្មនេះ ជាង៣០០០បទ។ ក្រៅពីជោគជ័យផ្នែកចម្រៀងនោះ ព្រាប សុវត្ថិ ក៏ជោគជ័យរឿងគ្រួសារដែរ ដែលលោករស់នៅជាមួយភរិយា អ្នកស្រីឡុង ស្រីមុំ យ៉ាងមានសុភមង្គល និងមានកូនសុទ្ធតែប្រុស៣នាក់ ដើរតាមគន្លងលោក ហើយបានក្លាយទៅជាតារាចម្រៀងហង្សមាស នៅពេលនេះ គឺសុវត្ថិ មុនីនាថ ,សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ ។
ប្រភពបានឲ្យដឹងថា ទោះជាព្រាប សុវត្ថិ តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយភរិយាអ្នកស្រីឡុង ស្រីមុំ មែន តែលោកគ្មានគម្រោងតាមយកកូនស្រីម្នាក់ទៀតឡើយ។
ជុំវិញករណីព្រាប សុវត្ថិ នៅតែមិនទាន់មានតារាណាអាចផ្ដួលបាននេះ អ្នកយកព័ត៌មានយើងបានសាកសួរអ្នកជំនាញភ្លេងនៅផលិតកម្មរស្មីហង្សមាស ហើយបុរសដែលធ្វើការនៅហង្សមាស ជាង១០ឆ្នាំមកហើយ និងត្រូវបានតារាចម្រៀងជាច្រើន បានហៅថា ”លោកគ្រូៗ” នោះ សុំមិនឲ្យដាក់ឈ្មោះទេ ដោយអះអាងថា ព្រាប សុវត្ថិ អាចល្បីបទបែបសម័យ៣ឆ្នាំទៀត។
លោកគ្រូភ្លេងនោះ បញ្ជាក់ថា នៅពេលដែលព្រាប សុវត្ថិ ច្រៀងបទសម័យលែងត្រូវហើយ ហង្សមាស នឹងធ្វើបទឲ្យព្រាប សុវត្ថិ ច្រៀងជាបទឡុកធុង ហើយគាត់ល្បីខាងបទហ្នឹងវិញម្ដង៕