ភ្នំពេញ ៖ ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយមហាវិថីសហពន្ធ័រុស្សី ចំណុចគល់ស្ពានអាកាស៧មករា ស្ថិតនៅក្នុងភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ស្ត្រីដែលបម្រុងបោះកូនចូលរថយន្តនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះនិយាយគ្នាស្តាប់មិនបាន។
តាមសម្តីបុរសម្នាក់ ដែលប្រទះឃើញហេតុការណ៍ផ្ទាល់ភ្នែក បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូ១គឿង តាមបណ្តោយមហាវិថីសហពន្ធ័រុស្សី ស្រាប់តែប្រទះឃើញស្ត្រីរូបនោះ បានដើរនៅខាងមុខរេរាពេញដងផ្លូវ និងបីកូនប្រុសម្នាក់គ្រវីគ្រវាត់ចុះឡើងៗ បន្ទាប់មក ស្ត្រីរូបនោះក៏ប្រុងបោះកូនតូចចូលទៅក្រោមរថយន្តដែលកំពុងបើកបរនៅលើដងផ្លូវទៀតផង ទើបគាត់ឃើញសភាពមិនស្រួល ក៏ស្រែកឆោឡោ ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះ ចេញមកជួយចាប់ឃាត់ស្ត្រីខាងលើ ព្រោះខ្លាចនាំគ្រោះថ្នាក់ដល់កូនតូច។
បន្ទាប់ពីត្រូវប្រជាពលរដ្ឋចាប់ឃាត់ ស្រាប់តែស្ត្រីរូបនោះចាប់ផ្តើមឡាំប៉ា រើបម្រះយកតែឈ្នះដៃ ហើយទោះជាប្រជាពលរដ្ឋ នាំគ្នាជួយសម្របសម្រួល សួរនាំអ្វី ក៏នាងមិនព្រមឆ្លើយទាំងអស់ រហូតដល់អស់លទ្ធភាព ក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍វិញម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ រួចទំនាក់ទំនងទៅខាងសង្គមកិច្ចមកទទួលយកស្ត្រីខាងលើទៅស្នាក់នៅបណ្តោះអាសន្ន៕