ភ្នំពេញ៖ ករណីអំពើហិង្សាក្នុងគ្រួសារ ប្តីវ៉ៃប្រពន្ធបែកមាត់ ពកក្បាលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ២៥៧ កែងនិងផ្លូវ២៣០ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
បុរសជាប្តីមានឈ្មោះសុង សេរី អាយុ៣៨ឆ្នាំ មុខរបរជាអ្នកយាមឃ្លាំងម៉ូតូ នៅក្បែរកន្លែងកើតហេតុ។ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះសឿន ចន្ថា អាយុ៣០ឆ្នាំ មុខរបកម្មការិនីរោងចក្រ មានស្រុកកំណើត នៅភូមិក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល។ ប្តីប្រពន្ធអ្នកទាំងពីរ សព្វថ្ងៃស្នាក់នៅជុំគ្នា ម្តុំខាងក្រោយសាលាបឋមសិក្សាទឹកល្អក់៣ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
ស្ត្រីរងគ្រោះជាប្រពន្ធបន្តថា នៅមុនពេលកើតហេតុ នាងនិងប្តីបានទៅលេងផ្ទះបងស្រីខាងប្តី នៅម្តុំវត្តពោធិ៍ញាណ ដើម្បីសួររកមើលផ្ទះជួល សម្រាប់ស្នាក់២នាក់់។ លុះពេលត្រឡប់មកដល់ផ្ទះវិញ ប្តីនាងក៏បានស្តីបន្ទោសរឿងដែលត្រូវដូរផ្ទះជួលពីមួយកន្លែងទៅមួយកន្លែង ពេលនោះ នាងក៏បានឆ្លើយតបទៅប្តីវិញថា តាមពិតនាងក៏មិនចង់រើផ្ទះពីមួយកន្លែងទៅមួយកន្លែងតែដោយសារតែប្តីចេះតែរករឿងឈ្លោះសឹងរាល់ថ្ងៃ ធ្វើឱ្យប៉ះពាល់ដល់អ្នកជិតខាង ទើបបានជាត្រូវដូរផ្ទះជួលញឹកញាប់បែបនេះ។ ស្រាប់តែភ្លាមនោះ ប្តីរបស់នាងខឹងសម្បា ក៏រករឿងឈ្លោះប្រកែកជាមួយនាង និងថែមទាំងបានប្រើអំពើហិង្សា ស្ទុះមកដាល់នាងបណ្តាលឱ្យបែកមាត់ ហើយនៅតែមិនអស់ចិត្ត ថែមទាំងបានវាយនាងបន្ថែម រហូតដល់ពកក្បាលទៀត ទើបនាងទ្រាំមិនបាន ខ្លាចប្តីវាយដល់ស្លាប់ ក៏រត់គេចចេញពីផ្ទះយករួចខ្លួន ដើម្បីឱ្យគេជួយតែម្តង។
ចំណែកបុរសជាប្តីវិញ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើត គាត់និងប្រពន្ធ បាននាំគ្នាទៅលេងផ្ទះបងស្រីរបស់គាត់ និងបានជួបជុំគ្នាផឹកស៊ីបន្តិចបន្តួចផងដែរ។ បន្ទាប់មកពួកគាត់ក៏បានត្រឡប់មកផ្ទះវិញ រួចគាត់ក៏បាននិយាយរឿងដែលត្រូវដូរផ្ទះ ស្រាប់តែប្រពន្ធរបស់គាត់អន់ចិត្ត ក៏ចេញពីផ្ទះទៅផឹកស្រាថែម លុះពេលត្រឡប់មកវិញ ប្រពន្ធរបស់គាត់ដែលកំពុងស្ថិតក្នុងសភាពស្រវឹងជោកជាំ បានមករករឿងឈ្លោះជាមួយគាត់ ទើបធ្វើឱ្យកើតមានការប្រតាយប្រតប់គ្នាបែបនោះទៅ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើហេតុ ប៉ុន្តែស្ត្រីជាប្រពន្ធមិនបានប្តឹងផ្តល់នោះទេ គឺគ្រាន់តែសុំឱ្យប្តីឈប់ប្រើអំពើហិង្សាដាក់នាងទៀត។
បន្ទាប់ពីសមត្ថកិច្ចជួយសម្របសម្រួលឱ្យត្រូវរ៉ូវគ្នាវិញហើយ ប្តីប្រពន្ធខាងលើ ក៏បានដឹកដៃគ្នាឡើងជិះម៉ូតូ ឱបចង្កេះយ៉ាងស្អិត រួចក៏ចាកចេញពីកន្លែងកើតហេតុបាត់ទៅ៕