។ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានក្រុមចោរមានគ្នា ៣នាក់ ជិះម៉ូតូ២គ្រឿង មកកៀរ រួចបានដកកាំភ្លើងខ្លី១ដើម មិនស្គាល់ម៉ាក មកភ្ជង់ប្លន់យកម៉ូតូអាសង់មួយគ្រឿង ទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ ដែលស្ថិតនៅត្រង់ចំណុចប្រឡាយបាក់ទូក ម្តុំក្រោយវត្តទួលសង្កែ ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
ជនរងគ្រោះមានឈ្មោះ យិន សុខណា ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់ផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើតនៅភូមិស្រែសៀម ឃុំជីរោន៍ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ម៉ូតូដែលក្រុមចោរប្លន់នោះ ម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១០ពាណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1B-9485 ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញស្ត្រីរងគ្រោះខាងលើ ជិះម៉ូតូចេញពីផ្សារទួលសង្កែ ខណៈពេលនោះ ស្រាប់តែមានជនសង្ស័យ ៣នាក់ បានជិះម៉ូតូ ២គ្រឿង ម៉ាក ហុងដាឌ្រីម សេ១២៥ សេរី២០១៦ មិនចាំស្លាកលេខ បានជិះមកជិតហើយគៀរនិងគៀបម៉ូតូជនរងគ្រោះអោយឈប់ ហើយបានធ្វើសកម្មភាពដកកាំភ្លើងខ្លី១ដើមមិនស្គាល់ម៉ាកភ្ជង់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព ។
គួររំលឹកផងដែរថា ករណីប្រដាប់អាវុធនេះ កើតឡើងជាច្រើនលើកមកហើយ ដោយមិនឃើញមានកម្លាំងសមត្ថកិច្ចមូលរដ្ឋានចាត់វិធានការស្រាវជ្រាវរកមុខក្រុមបក្សពួកជនសង្ស័យនោះឡើយ ។
ក្រោយពីកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែឱ្យជួយអន្តរាគមន៍ ដើម្បីអោយសមត្ថកិច្ចកំណត់មុខសញ្ញា ៕
កែវ ឈីម