ភ្នំពេញ៖ ហេតុការណ៍ចោរឆក់ទូរស័ព្ទទំនើបនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
បុរសរងគ្រោះជាម្ចាស់ទូរស័ព្ទដែលត្រូវចោរឆក់យកទៅ មានឈ្មោះសៅ រតនា អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនទេសចរណ៍ ស្នាក់ នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ចំណែកទូរស័ព្ទដែលជនសង្ស័យឆក់យកទៅបាត់នោះម៉ាក iPhone XS Max ពណ៌ប្រផេះ តំលៃ១៥៩៦ដុល្លារ ទើបបង់រំលោះថ្មីៗ។
តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូឌុបប្រពន្ធ និងកូនប្រុសតូចម្នាក់ចេញពីកន្លែងធ្វើការនៅម្តុំផ្សារអ៊ីអន២ ក្នុងបំណងត្រឡប់មកផ្ទះវិញ ដោយជិះម៉ូតូ១គ្រឿងម៉ាកហ្វីណូ។ ពេលនោះ គាត់បានទុកទូរស័ព្ទនៅក្នុងហោប៉ៅអាវ លុះគាត់បើកបរម៉ូតូមកដល់ចំណុចស្តុបមុខព្រលានយន្តហោះ ចំពេលភ្លើងក្រហមក៏ឈប់រង់ចាំស្តុប ស្របពេលនោះ ក៏លេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ មិនចាំស៊េរី និងស្លាកលេខ បានមកឈប់ស្តុបជាមួយគាត់ដែរ។ លុះពេលភ្លើងស្តុបពណ៌ខៀវ គាត់ក៏បានជិះម៉ូតូចេញទៅ ដោយមិនបានចាប់អារម្មណ៍អ្វីទេ ស្រាប់តែភ្លាមនោះជនសង្ស័យទាំង២នាក់ បានជិះម៉ូតូមកកៀកគាត់ រួចធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ពីក្នុងហោប៉ៅអាវរបស់គាត់ទៅបាត់។
បុរសរងគ្រោះបន្តថា ភ្លាមៗនោះ ម៉ូតូរបស់គាត់មិនបានដួលឡើយ ហើយជនសង្ស័យខាងលើ ក៏បានជិះម៉ូតូបញ្ច្រាសទិសចរាចរ នៅពេលនោះដែរ គាត់បានជិះម៉ូតូតាមមើលជនសង្ស័យដែរ គ្រាន់តែដឹងថា ជនសង្ស័យជិះម៉ូតូចូលម្តុំខាងក្រោយព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលស្ថិតនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ បន្ទាប់មក គាត់ក៏បានជិះម៉ូតូទៅប្តឹងសមត្ថកិច្ច ឱ្យមកជួយអន្តរាគមន៍ភ្លាមៗដែរ តែពេលមកដល់ចំណុចដែលជនជនសង្ស័យជិះម៉ូតូចូលទៅនោះ សមត្ថកិច្ចព្យាយាមរុករកដែរ តែមិនឃើញឡើយ មិនដឹងជនសង្ស័យខាងលើ ជិះម៉ូតូគេចទៅដល់ណាឡើយ។
ក្រោយកើតហេតុ ជនរងគ្រោះបានត្រឹមមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឱ្យសមត្ថកិច្ចជួយធ្វើកំណត់ហេតុ តាមស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ និងថែមទាំងបានត្អូញត្អែរប្រាប់ថា ទូរស័ព្ទទំនើប១គ្រឿងនេះ មានតម្លៃរហូតដល់ទៅ១៥៩៦ដុល្លារ ដែលខ្លួនទើបនឹងបានបង់រំលោភ មិនទាន់រួចនៅឡើយ ស្រាប់តែត្រូវចោរឆក់យកទៅបាត់៕