ភ្នំពេញ៖ ហេតុការណ៍អំពើហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅចំណុចហាងខារ៉ាអូខេគ្រួសារ យីហោ ឡាលីន មានទីតាំងនៅតាមបណ្តោយផ្លូវលេខ៩៩ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ភាគីក្មេងទំនើងប្រចាំភូមិដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនចំនួន២នាក់ រួមមាន ទី១-ឈ្មោះវិសិទ្ធ ពេជ្រមុនី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបររត់តុ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និងទី២-ឈ្មោះទី សុជា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបររត់តុ ស្នាក់នៅភូមិ៥ ផ្លូវ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ចំណែកភាគីខាងម្ចាស់ខួបកំណើតមានឈ្មោះចាន់ ញឹងទី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិដើមម៉ាក់ឃ្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។ ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន ម៉ូតូចំនួន២គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ មួយគ្រឿង និងម៉ាកធូដេ ពណ៌ស មួយគ្រឿង។
តាមសម្តីភាគីខាងកម្មវិធីខួបកំណើត បានឱ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេបានរៀបចំកម្មវីធីខួបកំណើត ចំនួន៤តុ នៅក្នុងខារ៉ាអូខេខាងលើ លុះក្រោយពីជួបជុគ្នាផឹកស៊ីបានមួយសន្ទុះធំ ក៏ស្រាប់តែភ្ញៀវម្នាក់បានចេញទៅខាងក្រៅដើម្បីជក់បារី លុះដល់ពេលចេញទៅដល់ ក៏បានមើលមុខខាងភាគីក្មេងស្ទាវនៅក្នុងភូមិ ធ្វើឱ្យទាស់សម្តីឌឺដងគ្នា ក៏កើតជាបញ្ហាយកកែវ និងដុំថ្មគប់គ្នា បណ្តាលឱ្យបែកកញ្ចក់ហាងខារ៉ាអូខេ និងរងការខូចខាតម៉ូតូចំនួន២គ្រឿងតែម្តង។
ចំណែកភាគីក្មេងស្ទាវនៅក្នុងភូមិ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេមានគ្នា២នាក់បានមកញ៉ាំបង្អែមនៅមុខហាងខាងលើ ស្រាប់តែពេលនោះក៏មានយុវជនជាអ្នកចូលរួមកម្មវីធីខួបកំណើត បានចេញមកក្រៅ ហើយយកដុំថ្មមកគប់ពួកគេ ទើបពួកគេយកដុំថ្មដេញគប់វិញទៅ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនភាគីទាំងសងខាងចំនួន៣នាក់ នាំយកទៅសាកសួរ នៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ។
បន្ទាប់ពីទៅដល់ប៉ុស្តិ៍នគរបាល ភាគីទាំងសងខាងសម្រេចមិនធ្វើការប្តឹងផ្តល់គ្នាអ្វីនោះទេ។
ចំណែកភាគីម្ចាស់ហាង ក៏មិនប្តឹងផ្តល់ដូចគ្នា តែគ្រាន់តែសុំឱ្យភាគីទាំងសងខាង សងសំណងថ្លៃកញ្ចក់ទ្វារហាងចំនួន៤០០ដុល្លារបានហើយ៕