Monday, January 20, 2025
Homeព័ត៌មានជាតិព្យាយាមធ្វើការងារសន្សំលុយដណ្តឹងកូនគេយ៉ាងណា នៅតែមិនគ្រប់ ចងកសម្លាប់ខ្លួន

ព្យាយាមធ្វើការងារសន្សំលុយដណ្តឹងកូនគេយ៉ាងណា នៅតែមិនគ្រប់ ចងកសម្លាប់ខ្លួន

ខេត្តពោធិ៍សាត់៖ យុវជនម្នាក់បានចាប់ចិត្តលួចស្រលាញ់នារីក្រមុំម្នាក់ជាយូរមកហើយ រហូតដល់ប្រឹងប្រែងធ្វើចំណាកស្រុក ចេញមកធ្វើការសន្សំលុយ ដើម្បីចូលស្តីនារីជាទីស្រលាញ់ យកមកធ្វើជាគូអនាគត តែដោយខ្វះលទ្ធភាព រកប្រាក់មិនបានទុកដណ្តឹងកូនក្រមុំគេ បែរជាឈឺ ចិត្តស្អិតទ្រូង រហូតមានគំនិតខ្លី រត់ទៅចងកសម្លាប់ខ្លួន នៅលើដើមឈើ ធ្វើឱ្យក្រុមគ្រួសាររន្ធត់ចិត្ត ស្រណោះអាល័យគ្រប់ៗគ្នា។

ហេតុការណ៍យុវជនខូចចិត្តរឿងអត់លុយដណ្តឹងប្រពន្ធនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចក្រោយរោងចាំចម្ការបស់ឈ្មោះង៉ា ស៊ីណា ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង។

យុវជនគិតខ្លីចងកធ្វើអត្តឃាតរូបនេះ មានឈ្មោះភាព ភីន អាយុ២៥ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នស្នាក់នៅ់ភូមិឃុំកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិកណ្តាល ឃុំឈើតុំ ស្រុកក្រគរ។

តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ដោយសារតែបាត់ជនរងគ្រោះតាំងពីព្រលឹម មិនឃើញនៅកន្លែងដេក ដូចសព្វដង ទើបនាំគ្នាដើររក ស្រាប់តែប្រទះឃើញជនរងគ្រោះ បានឡើងទៅចងកសម្លាប់ខ្លួននៅលើដើមឈើកម្ពស់ជាង៣ម៉ែត្រ បណ្តាលឱ្យស្លាប់បាត់ទៅហើយ ទើបកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនប្រាកដមែន មូលហេតុដោយសារមានវិបត្តិផ្លូវចិត្តរឿងស្នេហាមិនសមបំណង គ្មានលុយដណ្តឹងកូនក្រមុំគេ ក៏ដាច់ចិត្តគិតខ្លីបែបនេះតែម្តង។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីដឹកទៅកាន់ស្រុកកំណើត រៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES