នៅឆ្នាំ២០១៨-២០១៩ ឱក សុគន្ធកញ្ញា តារាចម្រៀងជើងខ្លាំងនៅផលិតកម្មរស្មីហង្សមាស ជោគជ័យទាំងអាជីពចម្រៀងនិងស្នេហា ដែលធ្វើឲ្យតារារួមអាជីពមិនតិចនាក់ឡើយ ច្រណែនវាសនាអ្នកចម្រៀងលំដាប់កំពូលម្នាក់នេះ ក្រោយពេលដែលនាងជិតក្លាយទៅជាប្អូនថ្លៃលោកថៅកែហង្សមាស ឧកញ៉ាអ៊ឹង ឆៃងួន។
ដោយឡែក ថ្មីៗនេះដែរ ឱក សុគន្ធកញ្ញា បានបណ្ដើរអនាគតស្វាមី លោកអ៊ឹង សុខលី ដែលជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស ទៅដើរលេងកម្សាន្ដ និងថតរូបសម្រាប់ចាក់បញ្ចាំង និងតាំងនៅមុខរោងការដល់ប្រទេសចិន ទៀតផង។
សុគន្ធកញ្ញា និងប្អូនថៅកែហង្សមាស លោកសុខលី បានបង្ហាញរូបភាពផ្អែមល្ហែមជាច្រើន ពេលដែលពួកគេជិះស្គីជាមួយគ្នា នៅ Yabuli, Heilongjjang ហើយនាងរំលេចសារមួយដែលបញ្ជាក់ថា កំពុងមានសេចក្ដីសុខបំផុតក្នុងជីវិត ដោយវាចាថា ”អាកាសធាតុត្រជាក់ តែបេះដូងមិនត្រជាក់”។
តាមរយៈសារនេះបញ្ជាក់ថា សុគន្ធកញ្ញា មានសេចក្ដីសុខខ្លាំងបំផុត ព្រោះនៅខែនេះ ប្រទេសចិន កំពុងត្រជាក់ តែម្ចាស់បេះដូងរបស់នាង លោកសុខលី ផ្ដល់កំដៅថ្នមបំពេនាង ទាំងយប់ថ្ងៃ ធ្វើឲ្យបេះដូងរបស់នាងមានកំដៅជាប់ជានិច្ច។ ក្រៅពីរៀនជិះស្គីជាលើកដំបូង ដោយមានលោកសុខលី ជាអ្នកពាក់វ៉ែនតាឲ្យនោះ សុគន្ធកញ្ញា ដែលរួមដំណើរជាមួយប្អូនប្រុសស្រីរបស់នាងផងនោះ ក៏ត្រូវបានអនាគតស្វាមីនាំទៅដើរកម្សាន្ដនៅ Oprea House Harbin ផងដែរ ហើយនាងកាន់តែពេញចិត្តខ្លាំង ព្រោះលោកសុខលី ថ្នាក់ថ្នមចិត្តនាងមិនឲ្យទាស់ចិត្តឡើយ ពិសេស គឺការស្រលាញ់ក្រុមគ្រួសារនិងប្អូនៗរបស់នាង ដូចក្រុមគ្រួសារតែមួយអីចឹង។
អ្នកដឹកនាំសម្ដែងផលិតកម្មរស្មីហង្សមាស ម្នាក់ បានបង្ហើបឲ្យដឹងថា ការដើរកម្សាន្ដរបស់ឱក សុគន្ធកញ្ញា ដល់ប្រទេសចិននេះ គឺមិនមែនដើរលេងសុទ្ធធម្មតាទេ តែនាងនិងលោកសុខលី ត្រូវទៅថតសម្រាប់តាំងថ្ងៃមង្គលការ ដែលកាន់តែខិតចូលមកជិតដល់នេះផងដែរ។
អ្នកដឹងនាំខារ៉ាអូខេនៅហង្សមាស រូបនេះ បន្ថែមថា ក្រៅពីថត Pre-Wedding នៅចិន សុគន្ធកញ្ញា ក៏នាំគូដណ្ដឹងថតនៅតំបន់ទេសចរណ៍នៅខ្មែរជាច្រើន ក្នុងនោះមានទាំងនៅខេត្តព្រះសីហនុ ផងដែរ។
ឱក សុគន្ធកញ្ញា បានភ្ជាប់ពាក្យជាមួយលោកអ៊ឹង សុខលីប្អូនថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីអ្នកទាំង២ស្រលាញ់គ្នា ជាង៦ឆ្នាំមក។
សុគន្ធកញ្ញា និងលោកសុខលី ក៏បានទិញវីឡាទ្រនំស្នេហ៍តម្លៃជាង២០ម៉ឺនដុល្លារ នៅបុរីអ័រគីដេ នៅផ្លូវ២០០៤ ផងដែរ មុនពេលពួកគេរៀបការនៅពាក់កណ្ដាលឆ្នាំ២០១៩នេះ។ ក្រោយក្លាយជាគូដណ្ដឹងគ្នាមក សុគន្ធកញ្ញា និងលោកសុខលី តែងតែទៅសាសងស្នេហ៍គ្នានៅក្រៅប្រទេសជាញឹកញាប់ ក្នុងនោះ មានដូចជា ថៃ, ជប៉ុន និងកោះម៉ាល់ឌីវ ជាដើម មុនពេលដែលពួកគេទៅចិននេះ។
អ្នកសិល្បៈរួមអាជីពនិងមហាជនជាច្រើន បានសម្ដែងការអបអរសាទរចំពោះសុគន្ធកញ្ញា ដែលក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស នាពេលខាងមុខនេះ ខណៈដែលអ្នកខ្លះទៀត បានរង់ចាំមើលថា តើសុគន្ធកញ្ញា នឹងធ្លាក់កូដ ឬនៅតែល្បី ពេលបានប្ដីប្អូនថៅកែហង្សមាសនេះ?
អ្នកស្រីអ៊ិន ថាច ម្ដាយឱក សុគន្ធកញ្ញា បានឲ្យដឹងថា សុគន្ធកញ្ញា ពិតជាត្រូវរៀបការនៅពាក់កណ្ដាលឆ្នាំ២០១៩នេះមែន តែគាត់មិនទាន់អាចប្រាប់ថ្ងៃពិតប្រាកដបានទេ។ ដោយឡែក រឿងថា សុគន្ធកញ្ញា នៅតែល្បី ឬប្រឈមការធ្លាក់កូដនោះ អ្នកស្រីអ៊ិន ថាច យល់ថា មហាជននឹងវាយតម្លៃទៅលើសមត្ថភាពរបស់កូនគាត់ ជាជាងគិតរឿងមានប្ដី៕