ខេត្តកំពង់ចាម៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅម្តុំប្រឡាយមួយកន្លែង ស្ថិតក្នុងភូមិព្នៅលិច ឃុំព្រៃចារ ស្រុកជើងព្រៃ។
យុវតីរងគ្រោះដែលត្រូវរថយន្តកិនបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម មានឈ្មោះស៊ូ ស្រីនា អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១០ រៀននៅវិទ្យាល័យហ៊ុនសែនស្គន់។ ចំណែកយុវតីរងគ្រោះម្នាក់ទៀត ដែលរងរបួសស្រាល មិនត្រូវបានស្កាល់អត្តសញ្ញាណនោះទេ។ ដោយឡែក រថយន្តបង្ក មិនត្រូវបានស្គាល់ម៉ាក និងចាំស្លាកលេខនោះទេ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានបើករថយន្ត គេចបាត់ស្រមោល។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវតីរងគ្រោះទាំង២នាក់ខាងលើ បានជិះម៉ូតូ១គ្រឿង ម៉ាកស្កុបពី ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ កំពង់ចាម ១C-៣៤៥៦ ជិះដឹកគ្នាបំណងធ្វើដំណើរទៅកាន់សាលារៀន លុះពេលមកដល់ចំណុចកើត ហេតុខាងលើ ក៏ស្រាប់តែរថយន្តដឹកថ្ម មួយគ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅស្របគ្នា រួចក៏ជ្រុលមកបុកម៉ូតូយុវតីរងគ្រោះពេញមួយទំហឹង ធ្វើឱ្យដួលទាំងម៉ូតូទាំងមនុស្ស ហើយភ្លាមនោះ រថយន្តបានជ្រុលល្បឿនកិនយុវតីរងគ្រោះម្នាក់ បណ្តាលឱ្យបែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ រីឯម្នាក់ទៀតរងរបួសស្រាល។ ចំណែកឯម្ចាស់រថយន្តបង្កក្រោយកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិចបានចុះមកជួយអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានចាត់បញ្ជូនយុវតីដែលរងរបួសស្រាល ទៅកាន់មន្ទីរពេទ្យ។ ចំណែកសាកសពយុវតីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
ដោយឡែក អ្នកបើកបរ រួមនឹងរថយន្តបង្ក សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមរក ដើម្បីឃាត់នាំយកមកដោះស្រាយជាមួយភាគីរងគ្រោះតាមនីតិវិធី៕