ខេត្តព្រះវិហារ៖ បុរសជាប្តីម្នាក់ រវល់ចេញទៅបើកលុយនៅទីរួមស្រុក ក៏ទុកប្រពន្ធឱ្យនៅចាំផ្ទះរយៈពេល៣ថ្ងៃ លុះពេលត្រឡប់មកដល់ផ្ទះវិញ ក៏ប្រទះឃើញប្រពន្ធដេកស្លាប់នៅក្នុងផ្ទះរហូតដល់ហើមស្អុយទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន។
ស្ត្រីរងគ្រោះដែលដេកស្លាប់រហូតដល់ហើមស្អុយគ្មានអ្នកដឹងនេះ មានឈ្មោះកែវ ដើង អាយុ៣២ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិឃុំកើត ហេតុខាងលើ និងមានស្រុកកំណើតនៅភូមិជាំស្រែ ឃុំយាង ស្រុកជាំក្សាន្ត។
តាមសម្តីបុរសជាប្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ គាត់រវល់ចេញទៅ បើកលុយនៅឯទីរួមស្រុកគូលែន ហេតុនេះ ត្រូវទុកឱ្យប្រពន្ធនៅចាំផ្ទះតែម្នាក់ឯង។ លុះបើកលុយមិនទាន់បានភ្លាមៗ ទើបគាត់ត្រូវនៅសម្រាកផ្ទះ បងប្អូននៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន សិន រហូតមកដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ទើបត្រឡប់មកផ្ទះវិញ ស្រាប់តែមកដល់ក៏ប្រទះឃើញប្រពន្ធដេកស្លាប់ឡើងហើមស្អុយតែម្តង ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។
លោកវរសេនីយទោ ឡាញ់ លីស៊ីវឡេង អធិការនគរបាលស្រុកគូលែន បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះ បានស្លាប់ដោយសារខ្យល់គរ។
សាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕