តារាចម្រៀងផលិតកម្មរស្មីហង្សមាស នី រតនា បានក្លាយទៅជាស្វាមីអ្នកនាងហេង សុវណ្ណភក្តិណា ក្រោយពីពួកគេបានក្រាបផ្ទឹមតាមប្រពៃណីខ្មែរត្រឹមត្រូវ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ រៀបចំនៅមជ្ឈមណ្ឌល The Premier Centre Sen Sok រាជធានីភ្នំពេញ ដោយមានតារាសិល្បៈរួមអាជីពជាច្រើនបាន ចូលរួមអបអរសាទរម្ចាសពាន Camboian Idol រដូវកាលទី១ កាលពីឆ្នាំ២០១៦ នេះ បន្ទាប់ពីរតនា និងភក្តិណា បានភ្ជាប់ពាក្យ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះមង្គលការរបស់នី រតនា ជាមួយកូនស្រីអ្នកជំនួញធំ លោកហេង សុវណ្ណ ដែលជាម្ចាស់វិទ្យុ និងហាងមង្គល សុវណ្ណ នោះ ត្រូវបានគេប្រមាណថា ចំណាយលុយធំរហូតដល់ក្បែរ១០ម៉ឺនដុល្លារឯណោះ។
ប្រភពបានឱ្យដឹងថា គ្រាន់តែចំណាយទៅលើម្ហូប១២០តុនោះ មិនក្រោម៣ម៉ឺនដុល្លារឡើយ ខណៈដែលការចំណាយលើសម្អាងការ និងតុបតែងផ្កាជាង១ម៉ឺនល្លារ និងការថតរូបអស់ជាង៥ពាន់ដុល្លារ រួមទាំងការជួលអគារ D&E អស់ប្រាក់ជាច្រើនពាន់ដុល្លាថែមទៀតផង ហេតុនេះហើយសរុបគឺក្បែរ១០ម៉ឺនដុល្លារ។
នី រតនា មិនបានប្រាប់ពីទិន្នន័យប្រាក់ចំណាយរបស់មង្គលការរបស់ខ្លួនឡើយ ដោយគ្រាន់តែអះអាងថា ពិតជាអស់ទឹកប្រាក់ច្រើនសន្ធឹកមែន។
អ្នកចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ ប្រាប់ថា “ខ្ញុំរៀបចំជាង១០០តុមែនបង តែការចំណាយសរុបអស់ប៉ុន្មាននោះ ខ្ញុំសូមមិននិយាយរឿងហ្នឹងទេ។ ក្រោយការហើយ ខ្ញុំវិលចូលសិល្បៈភ្លាមៗ មិនមានការសម្រាកយូទេ ព្រោះមិនអាចចោលការងារបាន។ ចំពោះភ្ញៀវជាអ្នកសិល្បៈវិញ ខ្ញុំបានហៅច្រើនដែរ គឺតារាហង្សមាស ទាំងអស់ និងតារាចម្រៀងនៅផលិតកម្មផ្សេងៗទៀត ដែលរាប់អានគ្នា ប៉ុន្តែមិនដឹងថា មកបានប៉ុន្មានទេ ព្រោះថ្ងៃសុក្រ អ៊ីចឹង ភាគច្រើនពួកគាត់ជាប់ច្រៀងតាមឆាកដែរ”។
តាមព័ត៌មានបានឱ្យដឹងថា នី រតនា បានជូនថ្លៃទឹកដោះទៅខាងស្រីជាច្រើនម៉ឺនដុល្លារ ហើយរូបគេបានប្តូរពីការជិះរថយន្ត Toyata Pruise មកជិះរថយន្ត LexusLx 350 តម្លៃជិត៧ម៉ឺនដុល្លារផងដែរ។ ដោយឡែក ការចំណាយលុយធំរៀបការអស់ជិត១០ម៉ឺនដុល្លារនេះ ត្រូវបានក្រុមគ្រួសារទាំងសងខាង ឱ្យដឹងថា ដើម្បីឱ្យស័ក្តិសមទៅនិងកិត្តិយសម្ចាស់ពាន Camboian Idol រដូវកាលដំបូងរបស់ក្រុមហ៊ុនហង្សមាស និងកូនស្រីលោកហេង សុវណ្ណ ដែលជាអ្នកមានទ្រព្យស្តុកនោះ។
ឪពុកក្មេកនី រតនា លោកហេង សុវណ្ណ បានឱ្យដឹងថា “ចំពោះភ្ញៀវខាងខ្ញុំ គឺមានទូទៅ តែខាងកូនប្រសាខ្ញុំ ភាគច្រើនជាអ្នកសិល្បៈ។ មង្គលការនេះមិនទាន់អាចប្រមាណថា អស់ប៉ុន្មានទេ ទាល់តែចប់បានដឹង។ ចំពោះកូនស្រីរបស់ខ្ញុំនិងរតនា ស្រលាញ់គ្នាប៉ុន្មានឆ្នាំ ទើបរៀបការនេះ ក៏ខ្ញុំមិនដឹងច្បាស់ដែរ ព្រោះជារឿងរបស់ក្មេងៗ”។
នី រតនា ហាក់មិនភ័យខ្លាចធ្លាក់កូដនៅពេលមានប្រពន្ធនេះទេ ដោយរូបគេថា បានត្រៀមចិត្តត្រៀមកាយអស់ហើយ គឺត្រូវតែរៀបការជាមួយមនុស្សដែលខ្លួនស្រលាញ់។ ចំពោះរឿងគ្រោងនាំភរិយាទៅក្រេបចន្ទទឹកឃ្មុំ (Honey Moon) នី ម៉ាប់ ហៅនី រតនា ដែលមានស្រុកកំណើតនៅខេត្តកំពង់ធំ រូបនេះ អះអាងថា មិនចង់និយាយឱ្យដឹងមុនឡើយ គឺចង់ឱ្យគេតាមដានសកម្មភាពរបស់ខ្លួនទៅវិញ។
ចំណែកលោកហេង សុវណ្ណ បន្ថែមថា មិនមានការបារម្ភខ្លាចកូនប្រសារនី រតនា ធ្លាក់ចុះអាជីពចម្រៀងនៅពេលរៀបការជាមួយកូនស្រីលោកនោះទេ ដោយលោកសំអាងថា នៅលើមហាជនជាអ្នកឱ្យតម្លៃ ហើយសំខាន់បំផុត គឺលើសម្ថភាពរបស់រតនា ផ្ទាល់តែម្តង៕