ខេត្តកំពង់ចាម៖ ហេតុការណ៍អំពើហិង្សានេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចវង់រាំធុងបាស់១កន្លែង ក្នុងរោងមង្គលការ ស្ថិតក្នុងភូមិអូតានៅ ឃុំមៀន ស្រុកព្រៃឈរ។
ជនរងគ្រោះដែលត្រូវជនដៃដល់វាយ១ដំបងឬស្សីរយះក្បាល មានឈ្មោះនាម សុខ អាយុ១៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ (ជាភ្ញៀវខាងកូនក្រមុំ)។ ចំណែកជនដៃដល់ មានឈ្មោះមករា ហៅហ្កា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអណ្តូងតាអុង ឃុំព្រែកក្របៅ ស្រុកកងមាស (ជាភ្ញៀវខាងកូនកំលោះ) រត់គេចខ្លួនបាត់។ ដោយឡែកក្រុមបក្ខពួកជនដៃដល់ទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ រួមមាន ទី១-ឈ្មោះឡូយ ឃាន់ ភេទប្រុស អាយុ២៥ឆ្នាំ ទី២-ឈ្មោះញិល បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ និងទី៣-ឈ្មោះស្រៀន តុន ភេទប្រុស អាយុ២០ឆ្នាំ។ ជនសង្ស័យទាំង៣នាក់ មានលំនៅក្នុងភូមិឃុំជាមួយជនដៃដល់ឈ្មោះមករា ហៅហ្កា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញឈ្មោះនាម សុខ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអូរតានៅ ឃុំមៀន ស្រុកព្រៃឈរ ជាភ្ញៀវខាងកូនក្រមុំបានមកចូលរួមស៊ីការហើយអង្គុយលេងនៅទីនោះ។ បន្តិចក្រោយមក ស្រាប់តែជនសង្ស័យឈ្មោះមករា ហៅហ្កា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអណ្តូងតាអុង ឃុំព្រែកក្របៅ ស្រុកកងមាស ជាភ្ញៀវខាងកូនកំលោះ បានផឹកស្រាស្រវឹង ហើយធ្វើសកម្មភាពយកដំបងឬស្សីវាយលើជនរងគ្រោះឈ្មោះ នាម សុខ បណ្តាលឱ្យមានរបួសបែកក្បាលមួយកន្លែង។
ប្រភពដដែលបន្តថា ភ្លាមនោះ កម្លាំងប្រជាការពារភូមិ ដែលទទួលបន្ទុកជួយការពារក្នុងពិធីមង្គលខាងលើ បានសហការចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះមករា ជាប់។ ប៉ុន្តែខណៈនោះបក្សពួករបស់ជនសង្ស័យចំនួន៣នាក់ រួមមានឈ្មោះឡូយ ឃាន់ ឈ្មោះញិល បញ្ញា និងឈ្មោះ ស្រៀន តុន បានស្ទុះសម្រុកចូលទៅព្រួតគ្នាប្រទាញប្រទង់ជាមួយកម្លាំងប្រជាការពារ និងចាប់ទាញដៃជនសង្ស័យ ឈ្មោះមករា នាំចេញពីកម្លាំងប្រជាការពារ បណ្តាលឲ្យជនសង្ស័យរត់គេចខ្លួនបាត់។
ប្រភពខាងលើ បញ្ជាក់ថា បន្ទាប់ពីរំដោះជនសង្ស័យឱ្យរត់គេចខ្លួនបាត់ស្រមោល កម្លាំងប្រជាការពារ ក៏បានចាប់ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ នឹងរាយការណ៍ឱ្យកម្លាំងសមត្ថកិច្ច ទៅទទួលយកជនទាំង៣នាក់នោះ និងបញ្ជូនមកនៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ហើយខាងជំនាញបានធ្វើតេស្តទឹកម៉ូតរកសារធាតុញៀន ឃើញថា នៅលើឈ្មោះស្រៀន តុន មានសារធាតុញៀន។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានឃាត់ខ្លួនតាមបញ្ជាលោកហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម និងបាន បញ្ជូនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដើម្បីសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី និងបន្តតាមប្រមាញ់ចាប់ខ្លួនជនដៃដល់ឈ្មោះមករា នាំយកមកផ្តន្ទាទោសឱ្យខាងតែបាន៕