ភ្នំពេញ៖ ហេតុការណ៍បុរសកម្មករសំណង់ម្នាក់ មានឈ្មោះឯ រាំ អាយុ២៦ឆ្នាំ មានស្រុកកំណើត ភូមិវាលលើក ឃុំកំពង់ចំលង ស្រុកស្វាយរៀង ខេត្តស្វាយរៀង បានក្រោកពីដេក ទាញកាំបិតអារកខ្លួនឯងប៊ិះស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ គេឃើញជនរងគ្រោះ បាននិយាយទូរស័ព្ទមួយសន្ទុះ (មិនដឹងជានិយាយជាមួយអ្នកណាទេ) រួចក៏ចូលទៅរកកន្លែងដេក ទាំងទឹកមុខហាក់ក្រៀមស្រពោនខុសប្លែកធម្មតា បន្ទាប់មកក៏ដេកលង់លក់បាត់ទៅ។
ប្រភពដដែលបន្តថា ស្រាប់តែមកដល់វេលាម៉ោង៤ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ជនរងគ្រោះ ក៏ក្រោកពីដំណេកអង្គុយសញ្ជប់សញ្ជឹងមួយសន្ទុះ ស្រាប់តែស្ទុះទៅទាញកាំបិតប៉័ងតោ មកធ្វើសកម្មភាពអារកខ្លួនឯង បណ្តាលឱ្យមុតរយះបំពង់កហូរឈាម ស្រោចខ្លួនរងរបួសធ្ងន់តែម្តង។ ករណីនេះ ត្រូវគេសង្ស័យថា ជនរងគ្រោះអាចមានវិបត្តិផ្លូវចិត្តរឿងស្នេហា ត្រូវសង្សារបែកចិត្ត ទើបមានគំនិតខ្លីបែបនេះ។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហៅពេទ្យរុស្ស៊ី ដើម្បីសង្គ្រោះជីវិត៕