Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិហា​និភ័យ​ក្នុង​​វិស័យ​​អចលន​ទ្រព្យ​ត្រូវ​បាន​កាត់​បន្ថយ

ហា​និភ័យ​ក្នុង​​វិស័យ​​អចលន​ទ្រព្យ​ត្រូវ​បាន​កាត់​បន្ថយ

ភ្នំពេញ ៖ ការព្រួយបារម្ភទាក់ទងនឹងភាពជាប់គាំងក្នុងវិស័យសំណង់ និងអចលន ទ្រព្យត្រូវបានកាត់បន្ថយហើយ ដោយសារកំនើននៃឥណទានក្នុងវិស័យនេះបានថមថយ និងអ្នកអភិវឌ្ឍន៍បានងាកមកវិនិយោគលើលំនៅដ្ឋាន ដែលមានតំលៃធូរថ្លៃ។

លោកជា កុកហុងអនុប្រធាននាយកដ្ឋានម៉ាក្រូសេដ្ឋកិច្ច និងសារពើពន្ឋនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៣១ សីហានេះថា ហានិភ័យនៃការផ្គត់ផ្គង់លើស ត្រូវបានកាត់បន្ថយ ដោយសារទីផ្សារស្ថិតក្នុងដំណាក់កាលទាំងបរិមាណ និងថ្លៃ និងការរំពឹងទុកកំនើនអ្នកមានប្រាក់ចំណូលមធ្យម នឹងបន្តគាំទ្រវិស័យអចលនទ្រព្យសម្រាបើរយៈពេលមធ្យមខាងមុខ។

លោកបានបន្តថា “តម្រូវការមើលទៅឃើញថយចុះ ដោយសារអ្នកលក់មានច្រើន ដែលពីមុនមានអ្នកលក់ម្នាក់ អាចលក់បុរីបាន១០០ផ្ទះ តែពេលនេះអ្នកលក់កើនឡើងដល់៤ទៅ៥នាក់ ហើយពួកគេលក់ផ្ទះបាន៣០ទៅ៤០ល្វែង”។លោកបន្តថា “ពេលនេះអ្នកទិញមួយចំនួនកំពុងរង់ចាំមើល ហើយអ្នកផ្គត់ផ្គង់ភាគច្រើន បានពន្យាពេលគំរោងរបស់ពួកគេ ហើយពួកគេកាត់បន្ថយសកម្មភាពវិនិយោគរបស់ពួកគេ”។

លោកជា កុកហុងបានបន្តថា ទោះជាយ៉ាងណាការសិក្សារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរកឃើញផងដែរថា ការថយចុះសកម្មភាពអចលនទ្រព្យ និងវិធានការណ៍របស់ធនាគារជាតិ ដូចជាការដំឡើងអនុបាតសន្ទនីយភាព និងការតំឡើងទុនអប្បបរិមា នឹងធ្វើឲ្យកំនើនឥណទានថមថយសម្រាប់រយៈពេលមធ្យមខាងមុខ។ សូចនាករប្រុងប្រយ័ត្នក្នុងវិស័យធនាគារ នៅមានកម្រិតខ្ពស់ជាងកម្រិតតម្រូវការអប្បបរិមា។

ឯកឧត្តមវង្សី វិស្សុតរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងឲ្យដឹងផងដែរថា រដ្ឋាភិបាលកំពុងរៀបចំគោលនយោបាយលំនៅដ្ឋាន សម្រាប់ប្រជាពលរដ្ឋដែលអាចមានលទ្ឋភាពទិញបាន (afford housing)ដែលជាសក្តានុពលជំរុញ  ឲ្យប្រជាពលរដ្ឋ មានប្រាក់ចំណូលមធ្យមអាចមានលទ្ឋភាពទិញបាន និងធ្វើឲ្យវិស័យនេះមានស្ថិរភាព។ឯកឧត្តមបន្តថា តម្រូវការអចលនទ្រព្យថមថយ ខណៈតម្រូវការនៅ រយៈពេលពីរទៅបីឆ្នាំខាងមុខកើនឡើង ដូច្នេះរវាងការផ្គត់ផ្គង់ និងតម្រូវការជួបគ្នា ដែលវានឹងកាត់បន្ថយហានិភ័យនៅក្នុងវិស័យនេះ។

ឯកឧត្តមបានបន្តថា “តំលៃអចលនទ្រព្យថយចុះ ខណៈឥណទានពីធនាគារនិងមីក្រូហិរញ្ញវត្ថុថមថយ ដូច្នេះហានិភ័យនៃការជាប់គាំងនៅក្នុងវិស័យនេះ ត្រូវបានកាត់បន្ថយ”។

ទោះជាយ៉ាងណាលោកឧកញ៉ា ចេង ខេងប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនHutton CPLបានថ្លែងថា ការលក់ខុនដូឬបុរីនានាមិនធ្លាក់ចុះនោះទេ ឲ្យតែគំរោងអភិវឌ្ឍន៍នោះមានគុណភាព ហើយអ្នកអភិវឌ្ឍន៍មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបញ្ចប់គំរោងរបស់ពួកគេតាមផែនការ។ លោកបានជំរុញឲ្យអ្នកផ្សព្វផ្សាយនិយាយល្អៗពីវិស័យនេះ ដោយលោកលើកឡើងថា ប្រជាពលរដ្ឋ និងរដ្ឋាភិបាលកម្ពុជាចំណាយពេលជាង៣០ឆ្នាំ ទើបអាចទាក់ទាញអ្នកវិនិយោគធំៗមកបោះទុនវិនិយោគនៅកម្ពុជា។

លោកបន្តថា “ទីក្រុងភ្នំពេញកន្លែងណាក៏មានការសាងសង់អាគារខ្ពស់ៗ ប៉ុន្តែបើធៀបប្រទេសជិតខាងកម្ពុជា ចំនួនអាគារកប់ពពកនៅកម្ពុជាមិនស្មើនឹងផ្លូវមួយនៅប្រទេសគេផង ដូច្នេះវាមិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ”។

អគ្គនាយកក្រុមហ៊ុនFURI Real Estateលោកលី សែនលាភបានថ្លែងឲ្យដឹងផងដែរថា ការលក់ខុនដូមិនបានធ្លាក់ចុះនោះទេ ព្រោះក្រុមហ៊ុនរបស់លោកនៅតែលក់ដាច់ ហើយលក់ដាច់ច្រើនជាងឆ្នាំមុនទៀតផង ឲ្យតែគំរោងខុនដូនោះស្ថិតនៅទីតាំងល្អ មានការឌីសាញអាគារទាក់ទាញ មានការបំពាក់សម្ភារៈបរិក្ខាប្រើប្រាស់គ្រប់គ្រាន់ និងមានគ្រប់គ្រងច្បាស់លាស់ប្រកបដោយគុណភាព៕

ដោយ ៖ គង់ លាងហួរ

RELATED ARTICLES