ខេត្តត្បូងឃ្មុំ៖ ករណីកូនប្រុសតូចចិត្តម្តាយផឹកស្រាហាមមិនស្តាប់ បែរជាផឹកថ្នាំពុលសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិឃ្លៀច ឃុំរំចេក ស្រុកមេមត់។
យុវជនចិត្តខ្លាំងគំនិតខ្លី ដែលផឹកថ្នាំពុលបញ្ចប់ជីវិតខ្លួនឯងនេះ មានឈ្មោះមួក មុច អាយុ២១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំ កើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមក ស្ត្រីជាម្តាយរបស់យុវជនរងគ្រោះ គឺជាមនុស្សញៀនស្រា តែផឹកស្រាជាប់ជាប្រចាំ រហូតភ្លេចបាយទឹកក៏មាន ហើយទោះជាជនរងគ្រោះ អង្វរលួងលោម ហាមឃាត់ម្តាយកុំឱ្យផឹកស្រាច្រើនពេក ឬកាត់បន្ថយខ្លះយ៉ាងណាក្តី ក៏ស្ត្រីជាម្តាយមិនខ្ចីស្តាប់ នៅតែបន្តផឹកស្រវឹងអួទីនួជារៀងរាល់ថ្ងៃដដែល។
ប្រភពដដែលបន្តថា ដោយសារតែឃើញម្តាយញៀនស្រា ខ្លាចប៉ះពាល់ដល់សុខភាព ណាមួយខ្មាសគេឯងដែលតែងតែសើចចំអក និយាយពេបជ្រាយ ថាមានម្តាយជាមនុស្សប្រមឹកផងនោះ ទើបជនរងគ្រោះនៅតែបន្តលួងលោម សុំឱ្យម្តាយឈប់ផឹកស្រា តែម្តាយនៅតែមិនព្រមស្តាប់ ទើបធ្វើឱ្យជនរងគ្រោះ តូចចិត្តទៅទិញស្រាបៀរចំនួន៤កំប៉ុង មកលាយជាមួយថ្នាំកណ្តៀរ មកអង្គុយផឹកតែម្នាក់ឯង មន្ទាប់មកជនរងគ្រោះកើតមានអាការប្រកាច់ ក្អួតចង្អោរបែកពពុះមាត់ ទើបក្រុមគ្រួសារ និងអ្នកជិតខាង ប្រញាប់ជួយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដែរ តែអកុសល ជាតិពុលជ្រាបសព្វពេញខ្លួនទៅហើយ ទើបក្រុមគ្រួសារមិនមានលទ្ធភាពសង្គ្រោះ ទីបំផុត ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យ នៅវេលាម៉ោង៨ និង៤០នាទីថ្ងៃដដែលនោះតែម្តង។
ក្រោយកើតហេតុ ក្រុមគ្រួសារបានដឹកសាកសពជនរងគ្រោះត្រឡប់មកផ្ទះវិញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យ។
បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា សាកសពមានបែកពពុះមាត់ និងមានពពុះចេញតាមរន្ធច្រមុះនៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញថ្នាំកណ្តៀរ ជ្រុះលើដីមួយចំនួន ចំណែកស្រាបៀរទាំង៤កំប៉ុងនោះ មាន១កំប៉ុង ជាប់ថ្នាំកណ្តៀរនៅមាត់កំប៉ុង ព្រមទាំងមានក្នុងកំប៉ុងផងដែរ រីឯកាជ័រចំនួន២ មានថ្នាំកណ្តៀរប្រឡាក់ខ្លះៗនៅក្នុងនោះ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះពិតជាបានធ្វើអត្តឃាត ដោយដាក់ថ្នាំកណ្តៀរលាយជាមួយស្រាបៀរ ផឹកសម្លាប់ខ្លួនប្រាកដមែន៕