Sunday, January 19, 2025
Homeព័ត៌មានជាតិវ៉ៃដួលនឹងដីហើយ រត់ដល់ផ្ទះ ថែមកាប់១កាំបិត យកទីបវាយបន្ថែមទៀត

វ៉ៃដួលនឹងដីហើយ រត់ដល់ផ្ទះ ថែមកាប់១កាំបិត យកទីបវាយបន្ថែមទៀត

ខេត្តកំពង់ស្ពឺ៖ ករណីអំពើហិង្សាដោយចេតនានេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចក្នុងពិធីជប់លៀងឡើងតូបលក់អីវ៉ាន់របស់ឈ្មោះម៉ែន ចិន្តា ភេទស្រី អាយុ៣៧ឆ្នាំ ស្ថិតក្នុងភូមិប៉ែលហែល សង្កាត់សុព័រទេព ក្រុងច្បារមន។

ជនដៃដល់មានឈ្មោះជួន បញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកបុរសរងគ្រោះ មានឈ្មោះកែវ សន ហៅវឿន អាយុ៣៩ឆ្នាំ មានលំនៅក្នុងភូមិជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីឈ្មោះម៉ែន ចិន្តា អាយុ៣៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានរៀបចំកម្មវិធីតូចមួយ ជួបជុំអ្នកភូមិ និងអ្នកស្គាល់គ្នា ផឹកស៊ីអបអរចំពោះការបង្កើតមុខរបរលក់ដូររបស់ខ្លួន ដែលទើបនឹងបង្កើតថ្មី ដោយមានមនុស្សម្នាក្នុងភូមិជាច្រើនបានចូលរួម។ ក្នុងនោះ ជនរងគ្រោះក៏បានចូលទៅផឹកស៊ីជាមួយគេឯងដែរ តែមិនដឹងជាត្រូវបានម្ចាស់កម្មវិធីអញ្ជើញ ឬក៏អត់នោះទេ។  លុះក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែករៀងខ្លួន ស្រាប់តែជនរងគ្រោះឈ្មោះកែវ សន ហៅវឿន បាននិយាយចំអកឱ្យជនដៃដល់ថា មកផឹកស៊ីដោយគ្មានអ្នកអញ្ជើញ ជាហេតុធ្វើឱ្យជនដៃដល់ ខឹងច្រឡោតផង ខ្មាសគេផង ក៏ទាញដំបងឫស្សីវាយទៅលើជនរងគ្រោះ បណ្តាលឱ្យដួលទៅលើដី ហើយក៏រត់គេចមកផ្ទះរបស់ខ្លួនបាត់។ ចំណែកជនរងគ្រោះ ក៏បានងើបដេញតាមជនដៃដល់ មកដល់ផ្ទះដែរ ស្រាប់តែមកដល់ ក៏ត្រូវជនដៃដល់ស្ទុះទាញកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះ១កាំបិត ចំកដៃបណ្តាលឱ្យរងរបួសធ្ងន់ថែម១ជាន់ទៀត និងថែមទាំងយកដែកបំពង់ទីបវាយសំពងបន្ថែមទៀត រហូតប្រជាពលរដ្ឋជួយអន្តរាគមន៍ ចាប់បញ្ជូនខ្លួនឱ្យសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នជនសង្ស័យរួមជាវត្ថុតាង បានបញ្ជូនមកជំនាញព្រហ្មទណ្ឌខេត្ត កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត កំពង់ស្ពឺ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES