Sunday, January 19, 2025
Homeព័ត៌មានជាតិតាមប្តីប្រពន្ធ១គូនេះ ដល់បន្ទប់ដេកតែម្តង ក្រោយឃ្លាំមើលមួយរយៈ

តាមប្តីប្រពន្ធ១គូនេះ ដល់បន្ទប់ដេកតែម្តង ក្រោយឃ្លាំមើលមួយរយៈ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ប្តីប្រពន្ធ ដែលជាមុខសញ្ញាខាងដើរឆក់ក្នុងរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះលេខ ៤៩Eo ស្ថិតក្នុងបន្ទប់លេខ១ ជាន់ទី១ ផ្លូវលេខ៩០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ បុរសជាប្តីមានឈ្មោះសុខ ភារុន អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅស្រុកអូររាំងឪ ខេត្តកំពង់ចាម ចំណែកស្ត្រីជាប្រពន្ធមានឈ្មោះស៊ិន ស្រីម៉ី ហៅយ៉ា អាយុ២២ឆ្នាំ មុខរបរធ្វើការនៅហាងបារ៍បារាំង មានស្រុកកំណើតនៅភូមិព្រែកពោធិ៍ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ជនសង្ស័យទាំង២នាក់ ប្តីប្រពន្ធខាងលើ សព្វថ្ងៃស្នាក់នៅផ្ទះកើតហេតុខាងលើ។

លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធខាងលើនេះ គឺជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ដែលសមត្ថកិច្ចដាក់ការឃ្លាំមើល និងស្រាវជ្រាវមួយរយៈមកហើយ។ លុះមកដល់វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចក៏ឈានដល់ការចុះបង្ក្រាបតែម្តង។

លោកអធិការបន្តថា ក្នុងប្រតិបត្តិការស្រាវជ្រាវ រហូតឈានទៅដល់ការកំណត់បាននូវមុខសញ្ញាឆក់ទាំង ២នាក់ប្តីប្រពន្ធនេះ កម្លាំងនគរបាលជំនាញបានធ្វើការដកហូតនូវសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន រួមជាមួយនឹងថង់ច្រកសម្រាប់គ្រឿងញៀនមួយចំនួនផងដែរ។

លោកអធិការបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបាននគរបាលខណ្ឌដូនពេញ ធ្វើការសាកសួរដើម្បីកសាងសំណុំរឿងអនុវត្ត តាមនីតិវិធី៕

RELATED ARTICLES