ខេត្តបាត់ដំបង៖ ករណីហិង្សាដោយចេតនា ចោទថាចេះអំពើអាបធ្មប់ លីពូថៅកាប់គេដល់លើផ្ទះនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រលប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅចំណុចលើផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងក្រុម១៩ ភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ។ លុះមកដល់វេលាទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចក៏តាមប្រមាញ់ចាប់ខ្លួនជនដៃដល់បាននាំយកទៅសាកសួរយកចម្លើយ។
ជនដៃដល់មានឈ្មោះវង់ ដែន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះណក សល់ ភេទប្រុស អាយុ៤៤ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ (ក្បែរផ្ទះជនដៃដល់)។
អធិការនគរបាលស្រុកសង្កែ បានបញ្ជាក់ថា ក្រោយពេលធ្វើសកម្មភាពរួច ជនដៃដល់បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ហើយក្រោមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ក៏ដូចជាការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ កម្លាំងនគរបាលបានសហការតាមស្វែងរកជនដៃដល់រហូតដល់វេលាទៀបភ្លឺឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ជនដៃដល់ត្រូវបានឃាត់ខ្លួន រួមទាំងវត្ថុតាង (ពូថៅ) ផង។
នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ខាងលើបានឆ្លើយសារភាពថា រូបគេពិតជាបានកាប់ប្រហារទៅលើជនរងគ្រោះជាច្រើនពូថៅប្រាកដមែន មូលហេតុដោយសារតែខ្លួនធ្លាប់មានគំនុំជាមួយនឹងជនរងគ្រោះ ដែលជាមនុស្សចេះអំពើអាបធ្មប់ ហើយកន្លងមកធ្លាប់ធ្វើអំពើដាក់រូបគេ បណ្តាលឱ្យរូបគេឈឺស្ទើរស្លាប់ស្ទើររស់ ជាហេតុធ្វើឱ្យមានគំនុំក្នុងចិត្ត ក៏រកឱកាសល្អ កាប់ប្រហារទៅលើជនរងគ្រោះតែម្តង។
ក្រោយចាប់ឃាត់ខ្លួន ជនដៃដល់ខាងលើត្រូវបានសមត្ថកិច្ចរកឃើញថា មានសារធាតុញៀនក្នុងខ្លួន (ក្រោយធ្វើតេស្តទឹកនោម)។ ពេលនេះសមត្ថកិច្ច កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនជនដៃដល់ខាងលើ ទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕