Sunday, January 19, 2025
Homeព័ត៌មានជាតិខ្ចីម៉ូតូតែមួយភ្លែត ជិះទៅបុណ្យ បង្ហួសយកទៅលក់នៅម្តុំផ្សារអូឬស្សី

ខ្ចីម៉ូតូតែមួយភ្លែត ជិះទៅបុណ្យ បង្ហួសយកទៅលក់នៅម្តុំផ្សារអូឬស្សី

ភ្នំពេញ៖ ករណីខ្ចីម៉ូតូគេជិះ បង្ហួសយកទៅលក់នេះ បានកើតឡើងតាំងពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចការដ្ឋាន សំណង់បុរី ឡុងនី ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ លុះមកដល់វេលារសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ម្ចាស់ម៉ូតូ ក៏តាមរកជនសង្ស័យឃើញ នៅចំណុចមុខវត្តស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក៏ចាប់ប្រគល់ឱ្យប៉ូលិសតែម្តង។

ជនសង្ស័យមានឈ្មោះគី កុង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះជាដើមបណ្តឹង មានឈ្មោះមែន សិទ្ធ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែកម៉ូតូដែលជនសង្ស័យស៊ីដាច់យកទៅលក់បាត់ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1GI-5479។

តាមសម្តីបុរសជាម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩កន្លងទៅ ខណៈដែលគាត់កំពុងនៅកន្លែងធ្វើការក្នុងបុរីឡុងនី ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែជនសង្ស័យជាអ្នកស្គាល់គ្នា ធ្វើការសំណង់ជាមួយគ្នា បានមកខ្ចីម៉ូតូរបស់គាត់ជិះ ដោយប្រាប់ថា ជិះទៅចូលបុណ្យគេមួយភ្លែត។ ចំណែកគាត់ដោយនឹកថាជាមនុស្សស្គាល់គ្នា ក៏ព្រមឱ្យម៉ូតូជនសង្ស័យខ្ចីជិះសិន ស្រាប់តែពេលបានម៉ូតូដល់ដៃ ជនសង្ស័យក៏ជិះចេញទៅបាត់ ហើយលែងឃើញត្រឡប់មកវិញរហូត ទោះទូរស័ព្ទក៏មិនចូលទៀត ទើបធ្វើឱ្យគាត់ភ្ញាក់ខ្លួនដឹងថាចាញ់ល្បិចរបស់ជនសង្ស័យ ក៏សម្រេចចិត្តទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ១តែម្តង ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមស្រាវជ្រាវរក។

បុរសជាម្ចាស់ម៉ូតូ បានបន្តថា ស្រាប់តែ៨ថ្ងៃក្រោយមក ពោលគឺនៅវេលារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ស្រាប់តែគាត់ បានប្រទះឃើញជនសង្ស័យនៅកំពុងធ្វើការសំណង់ក្នុងបរិវេណវត្តស្ទឹងមានជ័យ ក៏ចូលទៅចាប់អូសក យកទៅប្រគល់ឱ្យនគរបាលប៉ុស្តិ៍ចោមចៅ១ ដើម្បីចាត់ការតាមច្បាប់តែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះគី កុង បានឆ្លើយសារភាពថា រូបគេពិតជាបានឆបោកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ដោយមុនពេលកើតហេតុ រូបគេបានប្រើល្បិចទៅខ្ចីម៉ូតូជនរងគ្រោះដែលជាអ្នកធ្វើការសំណង់ជាមួយគ្នា ដោយប្រាប់ថា ខ្ចីជិះទៅចូលបុណ្យគេ មួយភ្លែត តែក្រោយពីបានម៉ូតូរបស់ជនរងគ្រោះជិះហើយ រូបគេក៏ជិះយកទៅលក់នៅម្តុំខាងលិចផ្សារអូរឫស្សី បានលុយចំនួន៩០០ដុល្លារ ពីព្រោះនៅទីនោះស្រួលលក់ខ្លាំងណាស់ មិនថាម៉ូតូមានឯកសារ អត់ឯកសារ គឺមានអ្នកធានាទិញទាំងអស់ បានថ្លៃឬថោកមិនដឹង ទៅតាមប្រភេទម៉ូតូ។ លុះក្រោយពីលក់បានលុយហើយ រូបគេក៏គេចខ្លួនទៅរកការងារធ្វើនៅកន្លែងថ្មី ស្រាប់តែមិនបានប៉ុន្មានថ្ងៃផង ក៏ត្រូវម្ចាស់ម៉ូតូតាមរកមុខឃើញ ចាប់ឱ្យប៉ូលិសតែម្តង។

ជនសង្ស័យក្រោយចាប់ខ្លួនបាននាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ១ ដើម្បីកសាងសំណុំរឿងយោងតាមបណ្តឹងភាគីរងគ្រោះ រួចបញ្ជូនខ្លួនទៅផ្នែកជំនាញចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES