តារាចម្រៀងម៉ៅ ស៊ីណាត ទើបប្រាប់អ្នកយកព័ត៌មានយើង កាលពីសប្ដាហ៍មុននេះថា រវាងអ្នកនាងនិងប្ដីថ្មីវ័យក្មេង ដែលបែកគ្នាមួយរយៈទៅហើយនោះ បានវិលមកជួបជុំគ្នាសារជាថ្មីវិញហើយ ។
អ្នកនាងស៊ីណាត ប្រាប់មូលហេតុថា ការដែលអ្នកនាងព្រមផ្សះផ្សារស្នេហាជាមួយលោកហោ សែនវិសាល ព្រោះនៅពេលដែលប្ដីក្មេងរូបនេះ គ្រោះថ្នាក់ចរាចរណ៍ គឺអ្នកនាងទៅមើលថែ ហើយក៏ត្រូវរ៉ូវគ្នាវិញ ។
ប៉ុន្ដែក្រោយការអះអាងបែបនេះ មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែពេលនេះ អ្នកនាងម៉ៅ ស៊ីណាត ប្រកាសថា បានលែងប្ដីក្មេងនេះ ដោយថែមទាំងមានកិច្ចសន្យាបន្សល់ពីប្ដីក្មេង មុនលែងលះគ្នាលើកទី២នេះទៀតផង។
លោកហោ សែនវិសាល បានសរសរកិច្ចសន្យាផ្ញើជូនអ្នកនាងម៉ៅ ស៊ីណាត ថា ”ខ្ញុំហោ សែនវិសាល ជាប្ដីអ្នកនាងម៉ៅ ស៊ីណាត សូមសន្យាចាប់ពីពេលនេះតទៅ ឈប់ធ្វើឲ្យមានកំហុសទៅលើប្រពន្ធនិងកូន បើនៅមានកំហុសដដែលៗ ធ្លាប់មានកន្លងមក ខ្ញុំនឹងចាកចេញពីជីវិតរបស់ពួកគាត់ ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ ហើយក៏សូមសន្យាថា ចាប់ពីថ្ងៃនេះធ្វើជាប្ដីដ៏ល្អ ឪពុកល្អសម្រាប់ក្រុមគ្រួសារមួយនេះ បើខ្ញុំបាទធ្វើមិនបានដូចកិច្ចសន្យានេះ ខ្ញុំចាកចេញដូចដែលខ្ញុំបានធ្វើកិច្ចសន្យានេះ”។
អ្នកនាងម៉ៅ ស៊ីណាត ក្រោយបែកបាក់ប្ដីចាស់ ជាមេធាវីល្បីឈ្មោះម្នាក់នោះ បានមកចាប់ដៃជាមួយប្ដីក្មេង លោកហោ សែនវិសាល ដោយទទួលបានចំណងដៃកូនស្រីម្នាក់ អាយុជាង២ឆ្នាំ។
ក្រោយបែកប្ដីក្មេងជាលើកទី២នេះ អ្នកនាងម៉ៅ ស៊ីណាត ថ្លែងសារទាំងតូចចិត្តថា ”កិច្ចសន្យាចុងក្រោយរបស់អ្នកសម្រាប់ខ្ញុំ សរសើរអ្នកមិនអាណិតកូន។ ខ្ញុំជាមនុស្សស្រីម្នាក់ចង់មានសុភមង្គលណាស់ ហើយក៏ជាមនុស្សស្រី មិនចង់បានដៃគូច្រើនទេ កុំជេរខ្ញុំ កុំថាឲ្យខ្ញុំអី ឲ្យខ្ញុំសម្ពាធប៉ុណ្ណឹងបានហើយ ទុកជីវិតឲ្យខ្ញុំចិញ្ចឹមកូន ខ្ញុំមិនចង់ទេរឿងបែកបាក់ តែបើនៅទៀត មិនដឹងថា អាចរស់បានឬអត់ទេ?”៕