ខេត្តព្រះសីហនុ៖ បុរសជាកម្មករទូកនេសាទម្នាក់ ត្រូវបានម្ចាស់ទូករាយការណ៍ប្រាប់សមត្ថកិច្ចថា ត្រូវអាការជំងឺប្រចាំកាយ (ឆ្កួតជ្រូក) ធ្វើទុក្ខ បណ្តាលឱ្យប្រកាច់ធ្លាក់ចូលទឹកបណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៩ និង២០នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅចំណុចកោះពីរ (ជិតកោះតាង)។
សាកសពជនរងគ្រោះខាងលើ មានឈ្មោះសាំ ធៀត ហៅឡុង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកម្មករទូកនេសាទ មានលំនៅក្នុងភូមិ សំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់។ ចំណែកម្ចាស់ទូកនេសាទ មានឈ្មោះនួន ចន្ថា ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរនេសាទ រស់នៅក្រុម៨ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
យោងតាមរបាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹង តាមសម្តីម្ចាស់ទូកបានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ ដែលបានកើតមានជំងឺឆ្កួតជ្រូក បានដើរទៅអង្គុយនៅក្បែរមាត់ទឹកតែម្នាក់ឯង ស្រាប់តែបន្តិចក្រោយមក ទំនងជាអាការជំងឺជនរងគ្រោះធ្វើទុក្ខ ទើបធ្វើឱ្យជនរងគ្រោះចាប់ផ្តើមប្រកាច់ រួចក៏ធ្លាក់ចូលទៅក្នុងទឹក ដោយគ្មានអ្នកបានឃើញ ជួយសង្គ្រោះទាន់ ក៏បណ្តាលឱ្យលង់ស្លាប់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹក ប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីឃាតកម្មអ្វីឡើយ។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕