Sunday, January 19, 2025
Homeព័ត៌មានជាតិចុមម៉េចចឹង!!! ម្ចាស់កង់៣ និងជនជាតិចិន ឡាំប៉ាផ្អើលគេឯងចឹង

ចុមម៉េចចឹង!!! ម្ចាស់កង់៣ និងជនជាតិចិន ឡាំប៉ាផ្អើលគេឯងចឹង

ភ្នំពេញ៖ ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៩៩ កែងផ្លូវ៣១០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។

បុរសជាអ្នករត់ម៉ូតូកង់៣ មិនបានបញ្ជាក់ឱ្យដឹងពីអត្តសញ្ញាណនោះទេ។ ចំណែកក្រុមជនជាតិចិនទាំង៣នាក់ ក៏មិនត្រូវបានស្គាល់ពីអត្តសញ្ញាណដូចគ្នា។

តាមសម្តីបុរសជាអ្នករត់កង់៣ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានដឹកបុរសជនជាតិចិនទាំង៣នាក់ខាងលើ មកពីផ្សារព្រៃទារ បំណងទៅណាហ្គា ក្នុងតម្លៃ៥ដុល្លារ។ លុះពេលគាត់ដឹកមកដល់ចំណុចវិមានឯករាជ្យ ស្រាប់តែក្រុមជនជាតិចិនទាំង៣នាក់នោះ បានប្រាប់ឱ្យគាត់បកត្រឡប់ក្រោយវិញ បន្ទាប់មក នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ដែលជាកន្លែងស្ងាត់ ស្រាប់តែជនជាតិចិនទាំង៣នាក់ ក៏បានធ្វើសកម្មភាពវ៉ៃ និងចាប់ច្របាច់កគាត់ ធ្វើឱ្យគាត់ភ័យ ក៏ឈប់ម៉ូតូកង់៣ រួចស្រែកឆោឡោឡើងផ្អើលដល់ប្រជាពលរដ្ឋក្បែរនោះ ស្ទុះចេញមកជួយអន្តរាគមន៍ ហើយភ្លាមនោះ ជនជាតិចិន២នាក់ភ័យពេក ក៏ហុចទូរស័ព្ទឱ្យគាត់ ហើយរត់គេចខ្លួនអស់ នៅសល់តែជនជាតិចិនម្នាក់ទៀត ត្រូវប្រជាពលរដ្ឋចាប់ក្របួចជាប់។

ដោយឡែក តាមសម្តីភាគីបុរសជាជនជាតិចិន បានបញ្ជាក់ប្រាប់ តាមរយៈអ្នកបកប្រែភាសាចិនថា ពួកគាត់ទាំង៣នាក់ មិនមែនជាចោរប្លន់ដូចអ្វីដែលអ្នករត់កង់៣នោះចោទប្រកាន់ទេ។ តាមពិត នៅមុនពេលកើតហេតុ ពួកគាត់ទាំង៣នាក់ បានហៅម៉ូតូកង់៣ ខាងលើ ជិះចេញពីផ្សារព្រៃទា បំណងទៅទូតចិន តែតៃកុងទំនងជាស្តាប់មិនបាន ឬក៏យ៉ាងម៉េចមិនដឹង បែរជាបើកខុសផ្លូវដែលពួកគាត់ចង់ទៅ ទើបធ្វើឱ្យពួកគាត់ នឹកស្មានតែជនសង្ស័យ មានបំណងមិនល្អដឹកយកពួកគាត់ទៅកន្លែងដែលមានគ្រោះថ្នាក់ (ចង់ប្លន់) ទើបនាំគ្នាភ័យ ក៏ចាប់ឱ្យតៃកុងកង់៣នោះឈប់ ស្រាប់តែអ្នកបើកកង់៣ ស្រែកឆោឡោ ផ្អើលដល់ប្រជាពលរដ្ឋចេញមកព្រួតវាយគាត់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ សួរនាំចុះឡើង ទើបដឹងថា ករណីនេះមិនមែនជាករណីប្លន់ឡើយ តែជាការយល់ច្រឡំលើគ្នាទៅវិញទៅមកប៉ុណ្ណោះ ដោយភាគីម៉ូតូកង់៣ ស្មានថាជនជាតិចិនទាំង៣នាក់ ចង់ប្លន់ខ្លួន ចំណែកភាគីជនជាតិចិន ស្មានថាអ្នកបើកម៉ូតូកង់៣ មានបំណងដឹកពួកខ្លួនទៅប្លន់ តែតាមពិតមកពីនិយាយស្តាប់គ្នាមិនបាន ពីរឿងទីតាំងដែលត្រូវទៅ។

បន្ទាប់មកសមត្ថកិច្ចបានជួយធ្វើការសម្របសម្រួល ដោយខាងម្ចាស់កង់៣ទារថ្លៃដឹកចំនួន១០ដុល្លារ ហើយក៏ប្រគល់ទូរសព្ទឱ្យវិញ តែជនជាតិម្នាក់ដែលប្រជាពរដ្ឋឃាត់បាន មិនព្រមឱ្យលុយ១០ដុល្លារទេ ថែមទាំងមិនយកទូរស័ព្ទទៀត។ ក្រោយមក ដោយឃើញថា ជជែកគ្នាមិនចប់រឿង ទើបមានអ្នកសារព័ត៌មានម្នាក់ បានសុខចិត្តចេញលុយពីហោប៉ៅផ្ទាល់ខ្លួន ឱ្យទៅខាងម៉ូតូកង់បីចំនួន៥ដុល្លារ ទើបខាងម៉ូតូកង់៣ យល់ព្រមទទួលយក និងបានបើកចេញទៅបាត់ទៅ។ រីឯភាគីបុរសជនជាតិចិន បានអះអាងថា ព្រឹកស្អែក គាត់នឹងដាក់ពាក្យបណ្តឹងនៅទូតចិន ដើម្បីឱ្យជួយរកយុត្តិធម៌៕

RELATED ARTICLES