ស្រីស្អាតគង់ វង្សយ៉ាទី ដែលទិញ Lexus LX 570 តម្លៃជាង២០ម៉ឺនដុល្លារ កក្រើកពេញពិភពសិល្បៈនោះ ពេលនេះបានឈានមួយជំហ៊ានទៀត តាមរយៈការបោះទុន៥ម៉ឺនដុល្លារ បើកហាងកាហ្វេ នៅម្តុំទួលទំពូង។
អ្នកសិល្បៈជាច្រើនបាននាំគ្នាខ្សឹបខ្សៀវគ្នាថា យ៉ាទី មានគូស្នេហ៍ដែលគេល្បីថា ជាលោកផ្កាយ៤ ឧបត្ថម្ភ ប៉ុន្តែពិធីការិនីរូបនេះប្រកែកញ៉ាញ ដោយ អះអាងថា ទឹកប្រាក់ទាំងនោះ គឺបានមកពីកម្លាំងញើសឈាមរបស់នាង ដែលប្រឡូកសិល្បៈសុទ្ធសាធ។
គង់ វង្សយ៉ាទី បានក្លាយទៅជាថៅកែស្រីហាងកាហ្វេ KT Coffee & Food ដែលមានទីតាំងនៅម្តុំទួលទំពូង ហើយដំណើរការហាងនេះបាន ត្រូវស្រីស្អាតតូចតន់រូបនេះ បានឱ្យដឹងថា នាងចាយលុយអស់ចំនួន៥ម៉ឺនដុល្លារ។
ការក្លាយទៅជាថៅកែស្រីហាងកាហ្វេ របស់ពិធីការិនី CTN គង់ វង្សយ៉ាទី នៅពេលនេះ ក្រោយពីតារាតូចតន់រូបនេះ បានប្រកាសថា នាងបានផ្អាកការសម្តែងថតកុន ដែលធ្វើឱ្យគេកំពុងតែសង្ស័យថា យ៉ាទី ត្រូវបានគូស្នេហ៍ហួងហែងលែងឱ្យលេងសិល្បៈបន្តទៀត។
ក្នុងជំនួបផ្ទាល់ គង់ វង្សយ៉ាទី បានឱ្យដឹងថា របរបើកហាងកាហ្វេនេះ នាងស្រលាញ់យូរហើយ ឥឡូវបំណងបានសម្រេចមែន តែទម្រាំក្តីសុបិនក្លាយទៅជាការពិតនេះ គឺត្រូវចំណាយលុយធំ រហូតដល់៥ម៉ឺនដុល្លារឯណោះ។
ពិធីការិនីរូបនេះ វាចាថា “ហាងកាហ្វេហ្នឹង ជាឈ្មោះរបស់ខ្ញុំ KT ហ្នឹង គឺគង់ វង្សយ៉ាទី ខ្ញុំសេងហាងហ្នឹងតពីគេ នៅផ្លូវ៤៥៤ ទួលទំពូង ហើយការចំណាយលើការដេគ័រ រួមទាំងដំណើរការទៅបាន គឺចំណាយលុយអស់ដល់ទៅ៥ម៉ឺនដុល្លារ ហើយខ្ញុំបើកបាន៣ខែហើយ នឹងគ្រោងធ្វើពិធីសម្ពោធនៅខែកុម្ភៈ ហ្នឹង។ អ្នកខ្លះសង្ស័យថា លុយហ្នឹងមានគេជួយឧបត្ថម្ភអ៊ីចឹង ខ្ញុំសូមប្រាប់ថា គ្មានរឿងអ៊ីចឹងទេ ប្រាក់ទាំងអស់នេះជាកម្លាំង ញើសឈាមរបស់ខ្ញុំសុទ្ធសាធ ដែលបានមកពីការសន្សំផ្តើមចេញពីសិល្បៈហ្នឹងឯង។
ចំណែករឿងខ្ញុំឈប់សម្តែងនៅពេលនេះ ក៏គ្មានអ្នកណាមកហួងហែងយើងដែរ គឺមកពី ទី១. ខ្ញុំគ្មានពេលវេលាគ្រប់គ្រាន់ ទី២. ខ្ញុំជាប់មើលហាងកាហ្វេ និងជាប់រវល់ការងារពិធីការិនី ព្រោះនៅដើមខែកុម្ភៈនេះ CTN បានឱ្យខ្ញុំកាន់កម្មវិធីថ្មីមួយទៀត បន្ថែមពីលើ កម្មវិធី “រាត្រីកម្សាន្ត” អ៊ីចឹងខ្ញុំកាន់តែរវល់ថែមទៀតហើយ”។
ការដាក់ទុននូវទឹកប្រាក់ដល់ទៅ៥ម៉ឺនដុល្លារ បើកហាងកាហ្វេរបស់គង់ វង្សយ៉ាទី នេះ ពិតជាធ្វើឱ្យអ្នកសិល្បៈរួមអាជីព និងមហាជនជាច្រើន កាន់តែចាប់អារម្មណ៍ថែមទៀត ដោយពួកគេថា យ៉ាទី ពេលនេះមានទ្រព្យមិនចាញ់ជំទាវ ឬសេដ្ឋិនីឡើយ ព្រោះមុននេះ យ៉ាទី ទើបតែទិញរថយន្តទំនើប Lexus LX 570 តម្លៃជាង២០ម៉ឺនដុល្លារសោះ ស្រាប់តែ ពេលនេះមានលុយបើកហាងកាហ្វេ ដោយចំណាយដល់ទៅ៥ម៉ឺនដុល្លារទៅទៀត៕