Saturday, May 18, 2024
Homeព័ត៌មានជាតិមិនអស់ចិត្ត កូនប្រសាសង្ស័យឪពុកក្មេក ត្រូវគេធ្វើទារុណកម្ម

មិនអស់ចិត្ត កូនប្រសាសង្ស័យឪពុកក្មេក ត្រូវគេធ្វើទារុណកម្ម

ខេត្តកំពត៖ បុរសម្នាក់ បានជួបឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបាត់បង់ជីវិត និងត្រូវបានសមត្ថកិច្ចចុះធ្វើការវាស់វែងតាមជំនាញ ព្រមទាំងសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារតែជិះម៉ូតូប៉ះអ្នកថ្មើរជើង បណ្តាលឱ្យដួលបោកក្បាលទៅនឹងថ្នល់ ស្លាប់ដោយខ្លួនឯង ប៉ុន្តែយ៉ាងណាក្តី គិតមកដល់សព្វថ្ងៃមានរយៈពេលជិត១ខែមកហើយ ទាំងក្រុមគ្រួសារសព ពិសេសបុរសជាកូនប្រសារបស់សព នៅតែមិនអស់ចិត្ត និងដាក់ការសង្ស័យថា ករណីនេះអាចមានអ្នកធ្វើទារុណកម្មទៅលើឪពុកក្មេករបស់គាត់ ក្រោយកើតគ្រោះថ្នាក់ចរាចរ ទើបបណ្តាលឱ្យឪពុកក្មេក របស់គាត់បាត់បង់ជីវិត។

បុរសឈ្មោះគាត ណុន អាយុ៣៥ឆ្នាំ រស់នៅភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បានបញ្ជាក់ឱ្យដឹងកាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ថា កាលពីយប់ថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០១៨ ឪពុកក្មេករបស់គាត់ ឈ្មោះអាន់ ឆាយ អាយុ៥៤ឆ្នាំ ត្រូវបានគេប្រទះឃើញស្លាប់នៅលើដងផ្លូវ ត្រង់កំណាត់ផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិត្រពាំងនៀល ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច។ លុះក្រោយកើតហេតុ សមត្ថកិច្ចបានសន្និដ្ឋានថា ការស្លាប់របស់គាត់បណ្តាលមកពីជិះម៉ូតូប៉ះក្មេងស្រីម្នាក់ ឈ្មោះដេត ចាប អាយុ១០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ធ្វើឱ្យដួលបោកក្បាលនឹងផ្លូវថ្នល់រហូតដល់ស្លាប់។

ប៉ុន្តែខ្លួនជាកូនប្រសារ រួមនឹងសាច់ញាតិ ហាក់មិនអស់ចិត្តសោះ ព្រោះជាធម្មតា គាត់មិនដែលបើកម៉ូតូលឿនទេ ហើយទំហំនៃម៉ូតូខូចខុសគ្នានឹងស្លាកស្នាមរបួសក្បាលដែលនាំឱ្យគាត់ស្លាប់ ចំណែកក្មេងស្រីមានរបួសលើខ្នង និងក្បាលតែបន្តិចបន្តួចប៉ុណ្ណោះ។

បុរសជាកូនប្រសាជនរងគ្រោះខាងលើនេះ បានបញ្ជាក់ថា ករណីនេះអាចមកពី ក្រោយពេលកើតហេតុមានអ្នកវាយដំធ្វើទារុណកម្មលើឪពុកក្មេករបស់គាត់ទើបបណ្តាលឱ្យស្លាប់បែបនេះ ដូច្នេះសូមឱ្យសមត្ថកិច្ចស្រាវជ្រាវរឿងរ៉ាវឡើងវិញ។

ជុំវិញករណីខាងលើនេះ លោកសេង សុគន្ធចាត់ អធិការនគរបាលស្រុកកំពង់ត្រាច បានបញ្ជាក់ប្រាប់ថា ក្រោយកើតហេតុ ពោលគឺ នៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ កូនប្រសាសពបានទូរស័ព្ទមកលោក ដោយប្រាប់ថាសង្ស័យមកពីរឿងផ្សេង។ ក្នុងស្ថានភាពបែបនេះ លោក ក៏បានឱ្យមន្ត្រីជំនាញបច្ចេកទេសនៃអធិការដ្ឋានស្រុក ចុះធ្វើការងារយ៉ាងល្អិតល្អន់រហូតរកឃើញថា ករណីនោះបណ្តាលមកពីជនរងគ្រោះដួលម៉ូតូ រួចធ្លាក់បោកក្បាលទៅនឹងជង្ហុកនៅលើថ្នល់ ដោយមិនមានអ្នកណាធ្វើទុកបុកម្នេញអ្វីលើគាត់ទេ។

លោកអធិការបានបញ្ជាក់ថា ក្រុមការងារបានស្រាវជ្រាវតាំងពីដំណើរដំបូង នៃថ្ងៃកើតហេតុ គឺបុរសរងគ្រោះជុំគ្នាផឹកស៊ីនៅផ្ទះ មិត្តភក្តិតាំងពីព្រឹកព្រលឹមរហូតដល់យប់ក៏ស្រវឹង ទប់ខ្លួនស្ទើរមិននឹងទៅហើយ។ លុះពេលចាប់ផ្តើមចេញពីវង់មិត្តភក្តិគ្រប់គ្នាបានហាមឃាត់ មិនឱ្យជិះម៉ូតូទេតែគាត់មិនស្តាប់។

លោកអធិការ បានបន្តថា នៅក្បែរកន្លែងគ្រោះថ្នាក់នោះ ក៏មានផ្ទះរបស់អនុប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាលម្នាក់ដែរ ដោយកាលកើតហេតុ បានទាំងចូលទៅជួយ ហើយធ្វើសាក្សីពេលសមត្ថកិច្ចជំនាញចុះស្រាវជ្រាវតាមសំណូមពរសាច់ញាតិសពនោះផង។

ម៉្យាងទៀតក្រោយសន្និដ្ឋាន អំពីមូលហេតុនៃការស្លាប់បណ្តាលមកពីគ្រោះថ្នាក់ចរាចរនោះ សមត្ថកិច្ចបញ្ជាក់ថា បើមិនអស់ចិត្តចំពោះការស្រាវជ្រាវនេះ អធិការដ្ឋានស្រុក នឹងស្នើទៅស្នងការដ្ឋាន ដើម្បីបញ្ជូនសមត្ថកិច្ចជំនាញថ្នាក់ខេត្តចុះធ្វើការងារឡើងវិញ។ ថ្ងៃនោះក្រុមគ្រួសាររងគ្រោះ រួមទាំងសាមីខ្លួនដែលកំពុងដាក់ការសង្ស័យលើករណីផ្សេងនេះ ក៏បានផ្តិតមេដៃយល់ព្រមថាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ដែរ។

គួររំលឹកថាកាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើង លើកំណាត់ផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិត្រពាំងនៀល ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច បណ្តាលឱ្យបុរសម្នាក់បាត់បង់ជីវិតនៅនឹងកន្លែង។ ករណីនេះសមត្ថកិច្ចបញ្ជាក់ថា ប៉ារសរងគ្រោះបានបើកម៉ូតូទាំងកំពុងស្រវឹង រួចរេចង្កូតប៉ះអ្នកថ្មើរជើងលើចិញ្ចើមផ្លូវ បណ្តាលឱ្យដួលបោកក្បាលស្លាប់ដោយខ្លួនឯង៕

RELATED ARTICLES