Saturday, May 18, 2024
Homeព័ត៌មានជាតិធ្វើទាំងកិច្ចសន្យាទៀត នៅតែមិនព្រមសងទៀត ចុងក្រោយជាប់ខ្នោះ

ធ្វើទាំងកិច្ចសន្យាទៀត នៅតែមិនព្រមសងទៀត ចុងក្រោយជាប់ខ្នោះ

ខេត្តពោធិ៍សាត់៖ ស្ត្រីម្នាក់បានចេញទៅផ្សារដោយទុកឱ្យកូនតូចនៅចាំផ្ទះ លុះត្រឡប់មកវិញ បាត់ខ្សែដៃ១ខ្សែ ទំងន់ជិត៧ជី ក៏សួរនាំកូនតូច ទើបដឹងថា យុវជនរស់នៅក្បែរផ្ទះគ្នាបានចូលមកលេង ពេលម្តាយមិននៅផ្ទះ ធ្វើឱ្យមានការសង្ស័យ ក៏ហៅយុវជននោះមកឈ្លេចសួរ តែត្រូវយុវជននោះប្រកែករហូត ដល់រយៈពេលប្រមាណ១ខែក្រោយមក ទើបព្រមឆ្លើយសារភាពថា ពិតជាបានលួចខ្សែដៃយកទៅលក់ស៊ីចាយអស់មែន និងសុខចិត្តធ្វើកិច្ចសន្យាសងជាប្រាក់ តែធ្វើកិច្ចសន្យារួចក៏ព្យាយាមគេចវេសមិនព្រមសង រហូតដល់ម្ចាស់ខ្សែដៃទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់ខ្លួននាំយកទៅចាត់ការតាមច្បាប់។

បន្ទាប់ពីទទួលបានបណ្តឹងខាងលើ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋានស្រុកនគរបាលក្រុងពោធិ៍សាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ សហការគ្នាចុះឃាត់ខ្លួនជនសង្ស័យម្នាក់យកមកសាកសួរ កាលពីវេលាម៉ោង២ និង៣០នាទី រសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិគក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះស្រៀង វណ្ណៈ ហៅណុយ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកដើមបណ្តឹងមានឈ្មោះឡេង ចន្នី ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុខាងលើជាមួយគ្នា (ផ្ទះក្បែរគ្នា)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យរូបនេះ គឺអនុវត្តឡើងតាមបណ្តឹងរបស់ឈ្មោះឡេង ចន្នី ដែលបានប្តឹងចោទ ទៅលើឈ្មោះស្រៀង វណ្ណៈ ហៅណុយ ថាបានលួចយកខ្សែដៃប្លាកទីនរបស់គាត់ ទម្ងន់៦,៨២ជី ខណៈដែលគាត់រវល់ទៅផ្សារ។

ករណីជនសង្ស័យជាប់ចោទត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES