ដើម្បីលុបមន្ទិលសង្ស័យថា ចំណងស្នេហាថ្មីរបស់ពិធីការិនីជើងចាស់ អ្នកនាងយុគ ចិន្តា អាចប្រឈមការប្រេះឆា ព្រោះត្រូវមិត្តភក្តិបង្អាប់ថា អ្នកទាំង2 មិនសូវសមគ្នានោះ ពេលនេះ អ្នកនាងចិន្តា បានអះអាងដោយសន្យាថា នឹងដឹកដៃម្ចាស់ចិត្តចូលរោងការនៅក្នុងឆ្នាំ2022 ខាងមុខនេះហើយ…។
យុគ ចិន្តា បានថ្លែងប្រាប់អ្នកយកព័ត៌មានយើង ក្នុងពេលថ្មីៗនេះ ច្បាស់ៗថា អ្នកនាងនឹងរៀបការនៅរយៈពេល3ឆ្នាំខាងមុខទៀត ពោលគឺក្នុងឆ្នាំ2022។
ការកំណត់ពេលវេលាជាក់លាក់បែបនេះ ដោយសារតែអ្នកនាងចិន្តា អះអាងថា ត្រូវការរង់ចាំឱ្យកូនស្រីតែម្នាក់របស់អ្នកនាង គឺកញ្ញាយុគ ដាពេជ្រ ហៅស្រីអម ពេញវ័យក្រមុំសិន អ៊ីចឹងពេលដែលរៀបការអ្នកនាង គឺយកកូនស្រីធ្វើជាអ្នកកំដរតែម្តង។
អ្នកនាងយុគ ចិន្តា ថ្លែងថា “ឆ្នាំនេះ កូនស្រីខ្ញុំ (អម) អាយុ15ឆ្នាំហើយ អ៊ីចឹង3ឆ្នាំទៀត គេពេញរូបរាងពេញក្រមុំហើយ ពេលហ្នុងដែលខ្ញុំត្រូវតែចូលរោងការយ៉ាងពិតប្រាកដ។ ខ្ញុំមិនដែលនិយាយរឿងរៀបការហ្នឹងថា ពេលណាទេ ឥឡូវខ្ញុំសូមប្រាប់ការពិតទៅចុះថា 3ឆ្នាំខាងមុខទៀត (2022) ខ្ញុំនឹងរៀបការហើយ ការដែលខ្ញុំត្រូវរង់ចាំពេលយូរបែបនេះ ព្រោះខ្ញុំរង់ចាំកូនស្រីខ្ញុំពេញវ័យ គឺយកកូនធ្វើអ្នកកំដរតែម្តង (សើច)។ ឥឡូវកូនខ្ញុំ15ឆ្នាំ រាងស្ទើរបន្តិច បើឱ្យគ្នាធ្វើអ្នកកំដរពេលហ្នឹង ខ្ញុំរង់ចាំ3ឆ្នាំទៀត ក៏មិនអីដែរ។ ម៉េចខ្លាចខ្ញុំជ្រុលរៀបការមិនកើតអី? កុំភ័យ3ឆ្នាំ មិនយូរទេ”។
ថ្វីត្បិតតែអ្នកនាងយុគ ចិន្តា អះអាងច្បាស់ៗថា ថ្ងៃដែលពិសេសរបស់នាង ក្នុងការគ្រងឈុតជាកូនក្រមុំពិតប្រាកដ គឺនៅឆ្នាំ2022ក្តី ប៉ុន្តែ អំឡុងពេលដែលអ្នកនាងចិន្តា ទៅចូលរួមមង្គលការអ្នកស្រីហូវ ដាណេ ជាមួយបុរសថៃ កាលពីថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 អ្នកស្រីដាណេ បានបង្ហើបឱ្យដឹងថា អ្នកនាងចិន្តា នឹងរៀបការនៅ ចុងឆ្នាំ2019 ខាងមុខនេះហើយ គឺគាត់មិនចង់ទុកយូរទៀតទេ។
យុគ ចិន្តា បានប្រកែកចំពោះដំណឹងនេះ ដោយអះអាងថា មិនមែនជាការពិតទេ ព្រោះថ្ងៃការរបស់អ្នកនាង គ្មានអ្នកណាជាអ្នកកំណត់ជំនួសអ្នកនាងបានឡើយ។
ពិធីការិនី CTN បន្ថែមថា “អូ! អត់ទេ គាត់ (ដាណេ) និយាយលេងតើ! ខ្ញុំមិនទាន់ចង់រៀបការនៅចុងឆ្នាំហ្នឹងទេ! រៀបចំមិនទាន់ទេ! ដូចខ្ញុំប្រាប់អីចីង 3ឆ្នាំទៀត បានខ្ញុំការ និយាយទៅ ពេលដែលកូនស្រីខ្ញុំអាយុ18ឆ្នាំហើយ គឺអារឿងរៀបការម្តាយហ្នឹង ចាប់ផ្តើមពេលហ្នុងហើយ”។
នេះជាលើកទីមួយហើយ ដែលអ្នកនាងយុគ ចិន្តា បានកំណត់ថ្ងៃជាក់លាក់ក្នុងការលាភាពនៅលីវ ដោយជ្រើសរើសយកឆ្នាំ2022 ជាថ្ងៃជោគជ័យរបស់អ្នកនាង មិនអាចពន្យារពេលតទៅទៀតបានឡើយ។ ការត្រៀមធ្វើកូនក្រមុំពិតប្រាកដរបស់អ្នកនាងយុគ ចិន្តា នៅពេលនេះ ក្រោយពេលដែលពិធីការិនីល្បីល្បាញនេះ ហាក់ធុញទ្រាន់ចំពោះមិត្តភក្តិនៅជុំវិញខ្លួន ដែលនិយាយដាក់ត្រចៀកពិធីការិនីរូបនេះថា ចាំកាលណាទៀតបានការ? ចាស់អស់ហើយ។
ដោយឡែក គូស្នេហ៍ថ្មីរបស់អ្នកនាងយុគ ចិន្តា វិញ ជាបុរសមានទ្រព្យស្តុក ស្លូតបូត សុភាពរាបសា ដែលស័ក្តិសមជាមួយអ្នកនាងចិន្តា ទើបបានជាពេលនេះ តារាកូន1រូបនេះ សម្រេចចិត្តជ្រើសយកជាស្វាមីស្របច្បាប់ តាមរយៈការរៀបការតាមប្រពៃណីខ្មែរ នៅ1095ថ្ងៃទៀត។
គេជឿថា តារាសិល្បៈនិងមហាជនជាច្រើន ប្រាកដជារង់ចាំអបអរសាទរចំពោះអ្នកនាងយុគ ចិន្តា នៅថ្ងៃមង្គលការជាមិនខាន ព្រោះគ្រប់គ្នាបានចាត់ទុកថា អ្នកនាងចិន្តា នៅពេលនេះ ប្រៀបបានជាសេដ្ឋិនីម្នាក់ ដែលមានអ្វីៗគ្រប់យ៉ាង គឺនៅខ្វះតែជីវិតអាពាហ៍ពិពាហ៍មួយប៉ុណ្ណោះ …៕