តារាចម្រៀងរបស់ផលិតកម្ម Wonder Film អ្នកនាងលីង លីង បានធ្វើឲ្យភ្ញៀវដើរផ្សារ ញាក់សាច់ទទ្រើត ព្រោះតែអ្នកនាងកាន់ឱបកោដ្ឋ ឡើងលើឆាក ហើយបង្ហូរទឹកភ្នែកជោគថ្ពាល់។
ការមិនអាចទប់ទឹកនេត្រាបានរបស់អ្នកនាងលីង លីង នៅពេលនេះ ដោយសារអ្នកនាងស្លុងចូលអារម្មណ៍ក្នុងរឿង ”អន្ទងវិញ្ញាណ” របស់ផលិតកម្ម Wonder Film ដែលលីង លីង ឆក់បានតំណែងជាតួឯកលើកទី២ បន្ទាប់ពីរឿង ”ស្នូរជើងអ្នកណា?”។
តារាចម្រៀងដែលក្លាយទៅជាតារាសម្ដែង លីង លីង មានជំនឿចិត្តយ៉ាងមុតមាំថា រឿង ”អន្ទងវិញ្ញាណ” នេះ គឺជាផ្ទាំងទស្សនីយភាពថ្មីមួយទៀត ដែលអ្នកទស្សនាភាពយន្ដខ្មែរ នឹងជក់ចិត្តជាមិនខាន ព្រោះមានឈុតភ័យរន្ធត់ អភីនិហា ហើយអ្នកនាងបានបូជាកម្លាំងកាយចិត្តអស់ហើយ ដើម្បីឲ្យរឿងមួយនេះ កុំឲ្យទស្សនិកជនខកចិត្ត។ ប៉ុន្ដែទោះជាអ្នកនាងលីង លីង ហាក់ចូលកាន់តែជ្រៅចូលក្នុងអាជីពសម្ដែងយ៉ាងណា ក៏អ្នកនាងអះអាងថា មិនបោះបង់អាជីពចម្រៀងឡើយ ពោលគឺបន្ដទាំងច្រៀងនិងសម្ដែងកុនព្រមគ្នាតែម្ដង។
គេឃើញមានអ្នកសារព័ត៌មាន និងក្រុមតារាមកពីគ្រួសារតារាកម្ពុជា ជាច្រើនចូលរួមកម្មវិធីសម្ពោធរឿង ”អន្ទងវិញ្ញាណ”ដែលបានធ្វើពិធីសម្ពោធកាលពីថ្ងៃទី២២ ខែមករា នៅផ្សារទំនើបអ៊ីអន សែនសុខ ហើយរឿងនេះនឹងដាក់បញ្ចាំងគ្រប់រោងកុនទាំងអស់ នៅថ្ងៃនេះតែម្តង។
លោកសែម វិសាល ចាងហ្វាងផលិតកម្ម Wonder Film បានឲ្យដឹងថា “រឿងនេះ ក្រៅពីថតនៅទីតាំងឆ្ងាយៗក្នុងស្រុក ក៏មានប្លង់មួយចំនួនថតនៅប្រទេសថៃ ដែរ។ ចំពោះការជោគជ័យយ៉ាងណានោះ លោកមិនហ៊ានរំពឹងទុកជាមុនទេ គឺទុកឲ្យទស្សនិកជនដែលមកទស្សនាផ្ទាល់ជាអ្នកវាយតម្លៃទៅចុះ ប៉ុន្ដែរឿងទី១របស់លោក ”ស្នូរជើងអ្នកណា?” នោះ ទទួលបានការគាំទ្រហួសការរំពឹងទុក៕