Saturday, May 18, 2024
Homeព័ត៌មានជាតិជួយគ្នាណាស់ ព្រោះតែឃើញទាំងមនុស្ស ម៉ូតូ និងឡាន ឆេះព្រមគ្នាសាហាវបែបនេះ

ជួយគ្នាណាស់ ព្រោះតែឃើញទាំងមនុស្ស ម៉ូតូ និងឡាន ឆេះព្រមគ្នាសាហាវបែបនេះ

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ និង៤៥នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវ៣៣៧ កែងនឹងផ្លូវ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ជនរងគ្រោះដែលឆេះខ្លោចស្លាប់ក្នុងភ្នក់ភ្លើងខាងលើ មិនត្រូវបានស្គាល់អត្ថសញ្ញាណនោះទេ គ្រាន់តែដឹងថាជាមនុស្សប្រុស និងជាបុគ្គលិកធ្វើការនៅស្ថានីយប្រេងលីហ៊ាង ជិះម៉ូតូរ៉ឺមក់ដឹកសាំងម៉ាកសង់កូរ៉េ រងការខូចខាតទាំងស្រុង។

តាមប្រភពពីសាក្សីដែលបានប្រទះឃើញហេតុការណ៍ផ្ទាល់ភ្នែក បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូសង់កូរ៉េ ១គ្រឿង មានដឹកសាំងជាច្រើនប៊ីដុង បានធ្វើដំណើរតាមផ្លូវលេខ៥៣៧ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ត្រង់ចំណុចកែងផ្លូវលេខ៥២៥ ក៏គេចពីរ៉ឺម៉កម៉ូតូ១គ្រឿង បណ្តាលឱ្យរេចង្កូតដួលកកិតទៅនឹងថ្នល់អូសប្រមាណជា៤០ម៉ែត្រ រួចជ្រុលទៅបុកពីក្រោយរថយន្ត១គ្រឿងម៉ាកឡិចស៊ីស RX-៣០០ ពណ៌ស្ករ ពាក់ស្លាកលេខ 2AT-3702 ដែលចតលើចិញ្ចើមផ្លូវមុខហាងកាហ្វេ អាម៉ាហ្សូន ជាប់នឹងបង្គោលភ្លើង មានខ្សែភ្លើងរប៉ាត់រប៉ាយផងនោះ បណ្តាលឱ្យចេញផ្កាភ្លើង បង្កឱ្យក្លាយជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង ធ្វើឱ្យម្ចាស់ម៉ូតូដឹកសាំងក្រោករត់ចេញមិនទាន់ ក៏ត្រូវភ្លើងឆេះ ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗយ៉ាងរន្ធត់ ដូចដុតខ្លួនឯងទាំងរស់។

ប្រភពដដែលបន្តថា ភ្លាមៗនោះបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននាំគ្នាទាញយកបំពង់ពន្លត់អគ្គីភ័យ មកជួយបាញ់ពន្លត់ដែរ តែដោយសារតែការឆាបឆេះខ្លាំងពេក មិនអាចគ្រប់គ្រងឱ្យភ្លើងនោះរលត់បានឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅមកដល់កន្លែងកើតហេតុ និងបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង បានមកចុះអន្តរាគមន៍ បាញ់ទឹកពន្លត់នៅកន្លែងកើតហេតុ រហូតដល់ភ្លើងបានរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង១០ព្រឹកថ្ងៃដដែល។

សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍ឆាបឆេះខាងលើនេះ ក្រៅពីបង្កឱ្យបុរសជាអ្នកបើកម៉ូតូដឹកប្រេងសាំងឆេះស្លាប់ក្នុងភ្នក់ភ្លើងហើយនោះ នៅបានបង្កឱ្យខូចខាត ម៉ូតូដឹងសាំង១គ្រឿង និងសាំងជាច្រើនប៊ីដុង ព្រមទាំងឆេះរាលដាលដល់រថយន្តឡិចស៊ីមួយគ្រឿងក្បែរនោះ រងការខូចខាតធ្ងន់ធ្ងរផ្នែកខាងក្រោយ និងរាលដាលឆេះដល់បង្គោលភ្លើង ខ្សែភ្លើង ព្រមទាំងដើមឈើនៅចំណុចកើតហេតុទៀតផង។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ច ដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដើម្បីរង់ចាំស្រាវជ្រាវរកសាច់ញាតិ និងគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកឯម៉ូតូដែលដឹកសាំង ដែលត្រូវភ្លើងឆេះអស់ទាំងស្រុង និងរថយន្តឡិចស៊ីស ដែលត្រូវភ្លើងឆេះផ្នែកខាងក្រោយ សមត្ថកិច្ចបានធ្វើកំណត់ហេតុ រួចអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីនៅពេលក្រោយ៕

RELATED ARTICLES