ខេត្តបាត់ដំបង ៖ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ និង១៥យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅត្រង់ចំណុចខាងមុខប៉ុស្តិ៍សារិកា ជិតព្រំដែនខ្មែរ-ថៃ ស្ថិតក្នុងភូមិពាមតា ឃុំតាតោក ស្រុកសំឡូត។

បុរសរងគ្រោះដែលជាន់មីនបណ្តាលឱ្យផ្ទុះរងរបួសធ្ងន់ មានឈ្មោះសាយ ពៅ អាយុ៤៥ឆ្នាំ ជាមន្ត្រីយោធាផ្នែកសឹករងស្រុកសំឡូត មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា មន្ត្រីយោធារងគ្រោះខាងលើ បានដើរជាន់មីនស្គរ ដែលកប់ក្នុងដី និងសេសសល់តាំងពីសម័យសង្គ្រាម បណ្តាលឱ្យផ្ទុះរបួសកែងជើងខាងឆ្វេង ហើយអាចឈានដល់កាត់ជើងម្ខាងតែម្តង។

ជុំវិញករណីមន្ត្រីយោធាដើរជាន់មីន បណ្តាលឱ្យផ្ទុះខាងលើនេះ មានប្រភពអះអាងផ្ទុយគ្នា ដោយប្រភពខ្លះអះអាងថា ជនរងគ្រោះបានដើរជាន់មីនពេលកំពុងដើល្បាតពេលយប់។ ប៉ុន្តែប្រភពខ្លះទៀត បានអះអាងថា មន្ត្រីរូបនោះទំនងដើរឆ្លុះសត្វពេលយប់ ទើបដើរជាន់មីនក្នុងព្រៃបែបនេះ ពីព្រោះជាធម្មតា គេមិនដែលឃើញកម្លាំងប្រដាប់អាវុធចេញល្បាតពេលយប់ ក្នុងព្រៃតាមតំបន់ព្រំដែននោះទេ។
ទោះយ៉ាងណានេះ គ្រាន់តែជាការអះអាងមិនទាន់ច្បាស់ការតែប៉ុណ្ណោះ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវលើករណីនេះនៅឡើយ៕