យោងតាមក្រុមគ្រួសាររបស់លោកខេមរៈ សិរីមន្ត បានប្រាប់អ្នកសារព័ត៌មានថា មូលហេតុដែលខេមរៈ ស្រីពៅ ទទួលមរណភាព ដោយសារតែនាងមានជំងឺសួត និងក្រលៀនធ្ងន់ធ្ងរ ជាង៤ឆ្នាំទៅហើយ ប៉ុន្តែក្រុមគ្រួសារ មិនសូវជាចាប់អារម្មណ៍ប៉ុន្មាននោះទេ ទើបនៅរយៈពេល២ខែមកនេះ នាងកាន់តែមានអាការៈធ្ងន់ធ្ងរទៅៗ ទើបក្រុមគ្រួសារសម្រេចបញ្ជូនទៅព្យាបាលនៅប្រទេសឥណ្ឌា ប៉ុន្តែជាអកុសល ជំងឺរបស់នាងធ្វើទុក្ខកាន់តែខ្លាំង ធ្វើឲ្យក្រុមគ្រូពេទ្យ អស់សមត្ថភាពក្នុងការជួយសង្គ្រោះជីវិតនាង។
គួរបញ្ជាក់ថា តារាចម្រៀងខេមរៈ ស្រីពៅ ដែលជាប្អូនស្រីខេមរៈ សិរីមន្ដ នោះ បានទទួលមរណៈភាពហើយនៅក្នុងមន្ទីរពេទ្យមួយ ក្នុងប្រទេសឥណ្ឌា។ នេះបើយោងតាមគណនីហ្វេប៊ុករបស់លោកហេង ឡុង ស្វាមីរបស់អ្នកនាងចន ច័ន្ទលក្ខិណា បានបង្ហោះសារកាលមុននេះបន្ដិច។
លោកហេង ឡុង បានថ្លែងសារទាំងក្រៀមក្រំថា ”ព័ត៌មានដ៏ក្រៀមក្រំបំផុតៈ សូមចូលរួមរួមរំលែកទុក្ខ តារាចម្រៀងខេមរៈ ស្រីពៅ ដែលជាប្អូនស្រីបង្កើតរបស់តារាចម្រៀងខេមរៈ សិរីមន្ដ បានលាចាកលោកហើយនៅរសៀលថ្ងៃនេះ វេលាម៉ោង១ នៅប្រទេសឥណ្ឌា សូមបងប្អូនទាំងអស់គ្នាជួយចែករំលែក ជូនសារធារណជនឲ្យបានជ្រាបផងសូមបញ្ជាក់ថា កញ្ញាខេមរៈ ស្រីពៅ បានឈឺអស់រយៈពេល៤ឆ្នាំមកហើយ “។
ដោយឡែក លោកខេមរៈ ភារុណ ដែលជាបងប្រុសខេរៈ ស្រីពៅ ក៏បានបង្ហោះសារភ្ជាប់ជាមួយរូបថតរបស់កញ្ញា ខេមរៈ ស្រីពៅ ថា “ប្អូនពៅបងលាយើងទាំងអស់គ្នាហើយ”។
លោកក៏បានបន្តទាំងអារម្មណ៍ក្តុកក្តួលថា “ស្រណោះប្អូនពៅបងសែនល្អណាស់ក្នុងលោកនេះ”។
ខេមរៈ ស្រីពៅ បានចាកចេញពីផលិតកម្មសាន់ដេ ស្ងាត់ៗ កាលពីឆ្នាំ២០១៣ ដោយមានព័ត៌មានថា នាងប្រើឡេខុសប្រតិកម្មស្បែករលួយដេកលើកន្ទេលស្លឹកចេកព្យាបាលជំងឺនៅស្រុកកំណើតខេត្តកំពង់ចាម។ប៉ុ ន្ដែភ្លាមៗនោះ ខេមរៈ សិរីមន្ដ បានចេញមុខច្រានចោល ដោយអះអាងថា ស្រីពៅ មានជំងឺឈឺក្រពះ និងរលាកបំពងកទៅព្យាបាលនៅប្រទេសថៃ ហើយក៏បាត់ខ្លួន រហូតរយៈពេលជាង៤ឆ្នាំនេះ។
ប៉ុន្តែដំណឹងចុងក្រោយនេះ បែរជាធ្វើឲ្យមហាជនរន្ធត់ចិត្តគ្រប់គ្នា ព្រោះស្រីពៅ បានលាចាកទៅហើយ៕