Friday, May 3, 2024
Homeព័ត៌មានជាតិពេទ្យវះកាត់ម្តាយស្លាប់ កូនស្រីទួញយំទាររកយុត្តិធម៌

ពេទ្យវះកាត់ម្តាយស្លាប់ កូនស្រីទួញយំទាររកយុត្តិធម៌

ភ្នំពេញ៖ ស្ត្រីរងគ្រោះ ដែលត្រូវកូនស្រីអះអាងថា ត្រូវបានខាងមន្ទីរពេទ្យជោរៃភ្នំពេញ ព្យាបាលបណ្តាលឱ្យស្លាប់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង៦០ឆ្នាំ។ ចំណែកកូនស្រី មានឈ្មោះឈាន សុវណ្ណារ៉ា មានលំនៅក្នុងរាជធានីភ្នំពេញ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះឈាន សុវណ្ណារ៉ា ត្រូវជាកូនស្រីរបស់ស្ត្រីរងគ្រោះ បានបង្ហោះសារទុក្ខសោកមួយ កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ថា “ជួយស៊ែយកបុណ្យផង ជួយរកយុត្តិធម៌ផង មិននឹកស្មានសោះ ម៉ាក់ខ្ញុំចុកពោះ ពេទ្យប្រាប់ថា ដុះសាច់ពោះវៀន អាណិតម៉ាក់ពេក មិនចង់ឃើញការឈឺចុកចាប់របស់គាត់ ពេទ្យប្រាប់ថាវះកាត់ ស្រាប់តែឱ្យវះកាត់ហើយ នៅតែមិនបាត់ ដល់មនុស្សអស់សង្ឃឹមហើយ បានពេទ្យប្រាប់ថា អ្នកជម្ងឺបានធ្លាយពោះវៀនទៅវិញ តើត្រឹមត្រូវទេ? នេះហើយពេទ្យជោរៃ ស្ថិតនៅច្បារអំពៅ ដែលគេល្បីថាអាចជួយមនុស្ស បាន អស់លុយហើយមនុស្សមិននៅទៀត ហើយបែរជារកលេសដោះស្រាយគ្រប់វិធី ដើម្បីរួចខ្លួន ថាពេលឆ្លុះអេកូមិនច្បាស់ ហើយបើមិនច្បាស់ ម៉េចក៏ហ៊ានិយាយថា សាច់ដុះក្នុងពោះវៀនធំ ទៅវិញ? នេះជីវិតមនុស្សណា ម៉េចបានយកមកលេងសើចអ៊ីចឹង? បើប៉ះលើគ្រួសារអ្នកវិញ តើអ្នកអាចទទួលយកបានអត់? សងម៉ាក់ខ្ញុំវិញមក ខ្ញុំទទួលយកអត់បានទេ ជួយស៊ែរតៗផងបងប្អូន…”។

ជាមួយនេះ ម្ចាស់គណនីខាងលើ បានបង្ហោះវីដេអូមួយបង្ហាញពីស្ថានភាពជំងឺរបស់ម្តាយ ខណៈដែលកំពុងសម្រាកក្នុងមន្ទីរពេទ្យ រួចសសេរសារថា “វីដេអូនេះ គឺម៉ាក់ខ្ញុំផុតដង្ហើមយូរហើយ តែនៅបន្តដាក់ខ្យល់អុកស៊ីហ្សែនម៉ាក់ខ្ញុំទៀត ហើយគាស់មាត់ម៉ាក់ខ្ញុំឡើងចេញឈាមទៀត រួចបានចូលបន្ទប់សង្គ្រោះបន្ទាន់ ហើយមិនទាន់ដឹងអីផង ហុចក្រដាសឱ្យបង់ប្រាក់ទៀត ឡើងអស់និយាយម៉ង ហើយដាក់សេរ៉ូមមិនចូល ហើយចង់វះសរសៃម៉ាក់ខ្ញុំដាក់សេរ៉ូមទៀត និយាយរួមធ្វើនេះពិតជាសាហាវណាស់ មនុស្សណា ហើយជាងមនុស្សសំខាន់ក្នុងជីវិតខ្ញុំទៀត…”។

ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបន្តថា “ម្ចាស់ជីវិតកូនអើយ ដឹងខ្លួនវិញបានអត់? ពេលនេះកូនពិបាកចិត្តចង់ដាច់ខ្យល់ហើយ ម៉ាក់អើយម៉ាក់ ម៉េចបានម៉ាក់កំសត់ម៉្លេះ ឈឺតែបន្តិចសោះ មកពេទ្យបែរទៅជាឈឺធ្ងន់ទៅវិញ ព្យាបាលយូរទៅកាន់តែយ៉ាប់ទៅៗ នេះហីយពេទ្យ ដែលគេល្បីថាល្អ និងពូកែ?…” “ម៉ាក់ដាច់ចឹត្តម្លេសម៉ាក់ មួយភ្លេតសោះ ម៉ាក់អត់អាណិតកូនទេឬ?…”។

ក្រោយការបង្ហោះសាររបស់ម្ចាស់គណនីខាងលើនេះ គេឃើញអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបាននាំគ្នាចែករំលែកតៗគ្នា និងបានចូលរួមរំលែកទុក្ខដល់កូនស្រីរបស់ស្ត្រីរងគ្រោះខាងលើ ព្រមទាំងបានបង្ហាញពីអារម្មណ៍រន្ធត់ និងសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់ មនុស្សជាទីគោរពស្រលាញ់។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីខាងតំណាងមន្ទីរពេទ្យជោរ៉ៃភ្នំពេញ បាននៅឡើយទេ កាលពីម្សិល មិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES