ភរិយាលោកខេមរៈ ភារុណ ដែលជាបងថ្លៃរបស់សពតារាចម្រៀងខេមរៈ ស្រីពៅ បានទទួលស្គាល់ថា ប្អូនថ្លៃគាត់ គឺខេមរៈ ស្រីពៅ ពិតជាទទួលមរណៈភាពដូចការលេចឮមែន តែពេលនេះ សពមិនទាន់ដឹកមកពីប្រទេសឥណ្ឌា មកដល់ស្រុកខ្មែរទេ។
ភរិយាលោកខេមរៈ ភារុណ បានប្រាប់អ្នកយកព័ត៌មានយើង តាមទូរស័ព្ទមុននេះបន្ដិចថា ”ដំណឹងស្រីពៅ ទទួលមរណភាពហ្នឹង ជាការពិតមែន។ តែពេលនេះ សពមិនទាន់ដឹកមកដល់ស្រុកទេ។ សពស្រីពៅ នឹងធ្វើបុណ្យនៅផ្ទះរបស់សិរីមន្ដ នៅមុខចម្ការព្រីង មិនទៅធ្វើនៅកំពង់ចាម ទេ”។
ខេមរៈ ស្រីពៅ បានទទួលមរណភាពក្នុងអាយុ២៩ឆ្នាំ នៅមន្ទីរពេទ្យមួយ នៅប្រទេសឥណ្ឌា វេលាម៉ោង១រសៀលនៅថ្ងៃនេះ ខណៈដែលកន្លងមក ធ្លាប់លេចឮថា នាងមានជំងឺប្រតិកម្មស្បែក ព្រោះប្រើឡេខុស។
ប៉ុន្ដែខេមរៈ សិរីមន្ដ ធ្លាប់ប្រាប់ថា ស្រីពៅ មានជំងឺរលាកបំពង់ក និងឈឺក្រពះ តម្រូវឲ្យព្យាបាលនៅប្រទេសថៃ ហើយក៏បាត់មុខស្រីពៅ រហូតជាង៤ឆ្នាំនេះ ស្រាប់តែដំណឹងជាអកុសលចុងក្រោយ បែរជាស្រីពៅ ទទួលមរណភាពទៅវិញ។
គួរបញ្ជាក់ថា មុនខេមរៈ ស្រីពៅ ទទួលមរណភាពនេះ បងបប្រុសនាង លោកសិរីមន្ដ បានសង់វីឡាយ៉ាងស្កឹមស្កៃនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ជូនស្រីពៅ ដែលផ្ទះវីឡានេះមិនទាន់ទាំងរួចរាល់ផង ពេលនេះ ស្រីពៅ លាចាកលោកទៅហើយ។
មហាជននិងអ្នកសិល្បករជាច្រើន បានចូលរួមរំលែកទុក្ខតារាចម្រៀងខេមរៈ សិរីមន្ដ ដែលបាត់បង់ប្អូនស្រីជាទីស្រលាញ់នៅពេលនេះ៕