Wednesday, November 20, 2024
Homeតារាខ្មែរតារាសិល្បៈល្បីៗជាច្រើនតក់ស្លុត ពេលដឹងដំណឹងខេមរៈ ស្រីពៅ ទទួលមរណភាព

តារាសិល្បៈល្បីៗជាច្រើនតក់ស្លុត ពេលដឹងដំណឹងខេមរៈ ស្រីពៅ ទទួលមរណភាព

ខេមរៈ ស្រីពៅ ដែលជាប្អូនស្រីពៅរបស់តារាចម្រៀងខេមរៈ សិរីមន្ត​ បានទទួលរមណភាព កាលពីម៉ោង១រសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៩ នៅមន្ទីពេទ្យមួយ នៅប្រទេសឥណ្ឌា ដែលធ្វើឱ្យតារាសិល្បៈ និងមហាជន មានការតក់ស្លុតជាខ្លាំង ចំពោះដំណឹងដ៏គួរឱ្យរន្ធត់នេះ បន្ទាប់ពីខេមរៈ ស្រីពៅ បានបាត់មុខជាង៤ឆ្នាំ លើឆាកតន្ត្រី។

តាមការអះអាងរបស់ក្រុមគ្រួសារ ខេមរៈ សិរីមន្ត បានឱ្យដឹងថា ស្រីពៅ មានជំងឺសួត និងក្រពះ ហើយព្យាបាលរយៈពេល៤ឆ្នាំមកហើយ ដូចជា នៅថៃ និងប្រទេសឥណ្ឌា តែចុងក្រោយ នៅតែមិនអាចជួយជីវិតនាងបានដដែល។

ប៉ុន្តែគេចាំបានថា ពេលបាត់ខ្លួនពីផលិតកម្មសាន់ដេ នោះ ខេមរៈ ស្រីពៅ លេចឮថា នាងមានជំងឺប្រតិកម្មស្បែក ដោយសារប្រើឡេខុស តែភ្លាមៗនោះ ខេមរៈ សិរីមន្ត បានចេញមកបំភ្លឺថា ស្រីពៅ មានជំងឺរលាកបំពង់ក និងឈឺក្រពះ ហើយទៅព្យាបាលនៅថៃ តែពេលនេះ បែរជាស្រីពៅ ទទួលមរណភាពទាំងវ័យក្មេងទៅវិញ។

ខេមរៈ សិរីមន្ត វិញបានថ្លែងសារទាំងក្តុកក្តួលថា “ប្អូនស្រីដ៏កំសត់របស់បងប្អូនបានទៅ ដល់សុគតិភពហើយ។ ទទួលមរណភាពម៉ោង១រសៀល នៅប្រទេសឥណ្ឌា តាំងពីឈឺរហូតទទួលមរណភាព មានរយៈពេល៤ឆ្នាំហើយ”។

គេឃើញមានតារាល្បីៗជាច្រើន បានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់តារាចម្រៀងខេមរៈ ស្រីពៅ នៅពេលនេះ។

តារាចម្រៀងពេជ្រ សោភា ថ្លែងថា “សូមចូលរួមរំលែកទុក្ខដល់គ្រួសារអូនផង សូមប្អូនស្រីទៅឱ្យបានសុខ”។

តារាចម្រៀងសុខ ពិសី “នាងខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំផង”។

អ្នកនាងខាត់ សុឃីម “សូមចូលរួមមរណទុក្ខតារាចម្រៀងខេមរៈ ស្រីពៅ ដែលត្រូវជាប្អូនបង្កើតតារាចម្រៀង ខេមរៈ សិរីមន្ត បានលាចាកលោកហើយ នៅរសៀលថ្ងៃនេះ វេលាម៉ោង១ នៅប្រទេសឥណ្ឌា, សូមបញ្ជាក់ថា កញ្ញាបានឈឺ៤ឆ្នាំហើយ”។

តារាចម្រៀងម៉ៃ សុគន្ធ “សូមចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំមួយនេះផង។ សូមឱ្យប្អូនទៅកាន់សុគតិភព និងជួយឃុំគ្រងក្រុមគ្រួសារឱ្យបានសេចក្តីសុខ សំឡេងដ៏ក្រអួនផ្អែមរបស់អ្នក និងនៅតែស្ថិតនៅក្នុងបេះដូងអ្នកគាំទ្រជានិច្ច”។

តារាសម្តែង ពៅ លីដា “សូមចូលរួមមរណទុក្ខតារាចម្រៀង ខេមរៈ ស្រីពៅ បានលាចាកលោកនេះហើយ សូមប្អូនស្រីទៅកាន់សុគតិភពផងចុះ សែនអាណិត គាត់ស្លូត និងរួសរាយណាស់”។

ប៉ែន ចំរ៉ុង “សូមចូលរួមរំលែកទុក្ខតារាចម្រៀងខេមរៈ ស្រីពៅ បានលាចាកលោកនេះ ហើយសូមប្អូនស្រីទៅកាន់សុគតិភពផងចុះ”។

ភរិយាលោកខេមរៈ ភារុណ ដែលជាបងថ្លៃខេមរៈ ស្រីពៅ បានប្រាប់តាមទូរស័ព្ទថា ស្រីពៅ ពិតជាទទួលមរណភាពនៅប្រទេសឥណ្ឌា ប្រាកដមែន។ សពរបស់ស្រីពៅ នឹងធ្វើបុណ្យតាមប្រពៃណីខ្មែរ នៅផ្ទះខេមរៈ សិរីមន្ត នៅទល់មុខចម្ការព្រីង មិនទៅធ្វើនៅស្រុកកំណើតស្រុកព្រៃឈរ ខេត្តកំពង់ចាម ទេ៕

RELATED ARTICLES