ខណៈដែលកំពុងខ្នះខ្នែងរៀបចំសពបុណ្យសពខេមរៈ ស្រីពៅ នៅឯគេហដ្ឋានលោកខេមរៈ សិរីមន្ត ស្ថិតក្នុងភូមិច្រេស សង្កាត់ក្រាមងធ្នង់ ខណ្ឌសែនសុខ ក្រុមគ្រួសារសិរីមន្ត បានព្រលយប្រាប់អ្នកសារព័ត៌មានយើង “នគរធំ”ថា សពខេមរៈ ស្រីពៅ អាចនឹងដឹកមកដល់ស្រុកខ្មែរ នៅម៉ោង១២ថ្ងៃត្រង់នេះ។
ប្រភពដដែលនោះ បានឲ្យដឹងទៀតថា លោកខេមរៈ ភារុណ និងបងប្អូន២ទៅ៣នាក់ បានឡើងយន្តហោះកាលពីល្ងាចម្សិលមិញ ដើម្បីទៅយកសពប្អូនស្រី មកធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីទទួលដំណឹងថា ស្រីពៅ បានទទួលមរណៈភាពនោះ។
ដោយឡែក នៅគេហដ្ឋានលោកសិរីមន្ត វីញ គេបានឃើញក្រុមគ្រួសាររៀបចំធ្វើរោង និងតាំងកម្រងផ្កា ចាំទទួលសពប្អូនស្រី យ៉ាងស្ងៀមស្ងាត់ គួរឲ្យសង្វេគ។
គួរបញ្ជាក់ថា ខេមរៈ ស្រីពៅ បានទទួលមរណៈភាពនៅវេលាម៉ោង១សៀល នៅក្នុងមន្ទីរពេទ្យមួយ ក្នុងប្រទេសឥណ្ឌា ដោយសារជំងឺ ខណៈដែលក្រុមគ្រូពេទ្យអស់លទ្ធភាពក្នុងការព្យាបាល។
បើតាមក្រុមគ្រួសារបានបង្ហើបឲ្យដឹងកាលពីម្សិលមិញនេះ ខេមរៈ ស្រីពៅ មានជំងឺរាំរ៉ៃ២ប្រភេទ គឺ ជំងឺសួត និងជំងឺក្រលៀន ដែលមានរយៈពេក៤ឆ្នាំទៅហើយនោះ ប៉ុន្តែទើបតែធ្វើទុក្ខខ្លាំងនៅរយៈពេល២ខែចុងក្រោយនេះ។
ចំំណែកភរិយាលោកខេមរៈ ភារុណ បានប្រាប់អ្នកយកព័ត៌មានយើង កាលពីម្សិលមិញថា ”ដំណឹងស្រីពៅ ទទួលមរណភាពហ្នឹង ជាការពិតមែន។ តែពេលនេះ សពមិនទាន់ដឹកមកដល់ស្រុកទេ។ សពស្រីពៅ នឹងធ្វើបុណ្យនៅផ្ទះរបស់សិរីមន្ដ នៅមុខចម្ការព្រីង មិនទៅធ្វើនៅកំពង់ចាម ទេ”៕