សពតារាចម្រៀងខេមរៈ ស្រីពៅ បានដឹកមកដល់ព្រលានយន្ដហោះអន្ដរជាតិ កាលពីយប់ថ្ងៃទី២៧ ខែមករា ដោយមានអ្នកសារព័ត៌មាន ទៅផ្ដិតយករូបភាពជាច្រើនស្ថាប័ន ខណៈដែលអ្នកគាំទ្រត្រកូល ”ខេមរៈ” យ៉ាងច្រើនកុះករ ទៅចោមរោមព័ទ្ធជុំវិញឡានពេទ្យ ដែលចាំទទួលយកសពខេមរៈ ស្រីពៅ ទៅតម្កល់នៅផ្ទះខេមរៈ សិរីមន្ដ នៅទល់មុខសួនសុបិន្តចម្ការព្រីង។
មុនដឹកសពចេញពីអាកាសយាន្ដដ្ឋានអន្ដរជាតិនោះ ព្រះសង្ឃក៏បានសូត្រមន្ដបង្សុកូលជូនសពខេមរៈ ស្រីពៅ ដែរ ហើយតារាចម្រៀងខេមរៈ សិរីមន្ដ ដែលអមដំណើរដោយឧកញ៉ាឡេង ណាវ៉ាត់ត្រា, អ្នកនាងចន ច័ន្ទលក្ខិណា និងគូស្នេហ៍ថ្មី លោកហេង ឡុង ព្យាយាមលួងលោមសិរីមន្ដ ដែលយំសោកបោកខ្លួនពេលឃើញក្ដារមឈូសប្អូនស្រីត្រូវបានគេលើកចេញនោះ។
លោកខេម ប៊ុនថន បងប្រុសខេមរៈ ស្រីពៅ បានឲ្យដឹងថា សពប្អូនស្រីលោកត្រូវហែរចេញពីផ្ទះខេមរៈ សិរីមន្ដ នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែមករា នឹងបូជានៅវត្តសុវណ្ណមុនីសាគរ សំរោងអណ្ដែត នៅវេលាម៉ោង១និង០៦នាទី តាមលោកតាអាចារ្យកំណត់យកម៉ោងនេះ។ ដោយឡែក ពិធីបុណ្យសព៧ថ្ងៃវិញ គឺត្រូវធ្វើនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។
គួរបញ្ជាក់ថា ខេមរៈ ស្រីពៅ បានទទួលមរណភាពក្នុងអាយុ២៨ឆ្នាំ ឈានចូល២៩ឆ្នាំ នៅប្រទេសឥណ្ឌា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ដោយជំងឺសួត និងក្រលៀន បន្ទាប់ពីនាងព្យាបាលនៅប្រទេសថៃ រយៈពេលជាង៤ឆ្នាំ៕