ភ្នំពេញ ៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន បញ្ចោញនូវប្រតិកម្មផ្ទួនៗ ព្រមជាមួយក្រសួង ការបរទេសនិងសហប្រតិបត្តិការ បានចេញ នូវសេចក្តីថ្លែងការណ៍ថ្កោលទោសបន្ថែមទៀត ជុំវិញករណីបុគ្គលជនជាតិវៀតណាមមួយចំនួន ដែលបានព្យាយាមចូលមក Comment រិះគន់ វាយប្រហារប្រមាថសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច រួចមក នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ក្រសួងការបរទេសវៀតណាម បានចេញសេចក្តី ថ្លែងការណ៍ថ្កោលទោសចំពោះបុគ្គលជនជាតិ វៀតណាមមួយចំនួន ដែលបានប្រមាថមើល ងាយសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមហ្វេសប៊ុកនោះ។
យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ដែល ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ បានបញ្ជាក់ថា “សេចក្តីថ្លែងការណ៍របស់លោក Le Hai Binh អ្នកនាំពាក្យក្រសួងការបទេស វៀតណាម ស្តីពីសេចក្តីប្រកាសរបស់អ្នកនាំ ពាក្យក្រសួងការបទេសកម្ពុជា ថ្កោលទោស ចំពោះបុគ្គលមួយចំនួន ដែលបានប្រមាថមើល ងាយក្នុងទំព័រ Facebook របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីហ៊ុន សែន។
ចំពោះសេចក្តីប្រកាសរបស់អ្នកនាំពាក្យ ក្រសួងការបទេសកម្ពុជា ថ្កោលទោសចំពោះ បុគ្គលមួយចំនួនដែលបានប្រមាថមើលងាយ ក្នុងទំព័រ Facebook របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៦ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បញ្ជាក់ថា ៖
ការដែលមនុស្សមួយក្រុមដែលត្រូវបាន ចាត់ទុកថា ជាប្រជាជនវៀតណាម បានសម្តែង មតិយោបល់ផ្ទាល់ខ្លួនរបស់ពួគេនៅក្នុងបណ្តាញ សង្គមនោះ គឺមិនបានឆ្លុះបញ្ចាំងអំពីទស្សនៈ របស់វៀតណាមឡើយ។ យើងខ្ញុំមិនមានការ ឯកភាពចំពោះការប្រើប្រាស់សិទ្ធិសេរីភាពក្នុង ការបញ្ចោញមតិ ដើម្បីប្រមាថមើលងាយបុគ្គល ឬសម្តែងនូវអាកប្បកិរិយាញុះញង់ជ្រុលនិយម បំបែកបំបាក់មនោសញ្ចោតនាដ៏ល្អប្រពៃ រវាង ប្រជាជន នៃប្រទេសទាំងពីរនេះទេ។
វៀតណាមផ្តល់សារសំខាន់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងនៃភាពជាអ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាមួយ កម្ពុជា ជាក់ស្តែងក្នុងបណ្តាឆ្នាំកន្លងមក វៀតណាមបានខិតខំប្រឹងប្រែងជាមួយកម្ពុជា ក្នុងការថែរក្សានិងជំរុញទំនាក់ទំនងនេះប្រកបដោយសន្តិភាព មិត្តភាពល្អប្រសើរ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ”។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ មានបុគ្គលជនជាតិវៀតណាមមួយចំនួន បាន ចូលមក ជៀមមនេត រិះគន់និងវាយប្រហារនៅ ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាបន្តបន្ទាប់។
ជាក់ស្តែង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៦ មានជនជាតិវៀតណាមម្នាក់ ជាម្ចាស់ គណនីហ្វេសប៊ុកឈ្មោះ Pham Dúc Hién នៃ បាន Comment ចូលទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន ថា “លោកហ៊ុន សែន ក្បត់វៀតណាម”។ ភ្លាមនោះសម្តេចហ៊ុន សែន បានឆ្លើយតបទៅ វិញថា “ហេតុអ្វី លោកនិយាយថាខ្ញុំក្បត់វៀតណាម? តើវៀតណាមជាឪពុកខ្ញុំ ឬជាព្រះមហាក្សត្រខ្ញុំឬ? លោកត្រូវដឹងថា អ្នកដែលខ្ញុំត្រូវ ស្មោះត្រង់ គឺជាតិខ្មែររបស់ខ្ញុំ ព្រះមហាក្សត្រ កម្ពុជា ជាទីសក្ការៈរបស់ខ្ញុំ និងភរិយាជាទីស្រឡាញ់របស់ខ្ញុំ។ វៀតណាមមិនមែនជាចៅហ្វាយ របស់ខ្ញុំ ដែលខ្ញុំត្រូវស្មោះត្រង់នោះទេ។ បើ លោកជាជនជាតិវៀតណាមរស់នៅកម្ពុជាស្រប ច្បាប់ ត្រូវគោរពច្បាប់កម្ពុជា បើរស់នៅមិន ស្របច្បាប់ ត្រូវចាកចេញពីកម្ពុជា”។
បន្ទាប់មកនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ មានជនជាតិវៀតណាម្នាក់ ឈ្មោះ Bao Lam បានចូលមក Comment វាយប្រហារនៅក្នុង ទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយសរសេរជាភាសាវៀតណាម និង មិនដឹងជាមានអត្ថន័យបែបណានោះទេ។ ប៉ុន្តែ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន Comment តបទៅជនជាតិវៀតណាមរូបនោះវិញ ថា “មានជនជាតិវៀតណាមម្នាក់ ឈ្មោះ Bao Lam បានចូលមក Comment វាយប្រហារខ្ញុំ ដោយសាររឿងផ្ទាល់ខ្លួនរបស់ប្រទេសគាត់ និង ប្រទេសដទៃ។ ខ្ញុំបានប្រាប់ទៅគាត់ឱ្យដោះ- ស្រាយបញ្ហាទាំងឡាយជាមួយប្រទេសដែល កំពុងមានបញ្ហាជាមួយគ្នាដោយសន្តិវិធី កុំយក កម្ពុជាទៅបង្ករឿងជាមួយ។ ចំពោះខ្ញុំ គឺស្មោះ ត្រង់ជាមួយជាតិខ្ញុំ ជាមួយព្រះមហាក្សត្រខ្ញុំ និងជាមួយភរិយាខ្ញុំ។ ហើយខ្ញុំបានសួរគាត់ទៀតថា តើពាក្យដែលគាត់លើកយកមកនិយាយក្នុង Page ខ្ញុំនេះ ជាគំនិតផ្ទាល់ខ្លួន ឬជាពាក្យណែនាំ ពីមេដឹកនាំវៀតណាម?”។
ដោយឡែក នៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ថា មានជនជាតិវៀតណាមម្នាក់ ទៀត ឈ្មោះ Nguyen Van Tai ក៏បានចូល មក Comment វាយប្រហារសម្តេចហ៊ុន សែន ផងដែរ។ ឆ្លើយតបទៅនឹងការវាយប្រហារ រិះគន់នេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន បញ្ជាក់ថា “…ខ្ញុំសង្ឃឹមថា មេដឹកនាំវៀតណាម នឹងទទួលបាននូវការឆ្លើយតបរបស់ខ្ញុំនេះ ហើយ អប់រំពលរដ្ឋវៀតណាម កុំឱ្យរំខានដល់ខ្ញុំតទៅទៀត ព្រោះរយៈពេលកន្លងទៅនេះ មានជនជាតិវៀតណាមមួយចំនួន បានចូលមកនិយាយ មិនត្រឹមត្រូវចំពោះខ្ញុំលើទំព័រហ្វេសប៊ុកខ្ញុំ ក៏ដូច ជាប្រជាជនកម្ពុជារបស់ខ្ញុំ ហើយខ្ញុំក៏សូមបញ្ជាក់ សាជាថ្មីថា ខ្ញុំជាមេដឹកនាំកម្ពុជា ដែលមានឯករាជ្យអធិបតេយ្យភាព និងបូរណភាពទឹកដី ដែលស្មើភាព និងស្មើសិទ្ធិជាមួយប្រទេសទាំងអស់ រាប់ទាំងជាមួយនឹងវៀតណាមផងដែរ។ ខ្ញុំសូមគូសបញ្ជាក់បន្ថែមថា ខ្ញុំមិនមែនជាអាយ៉ង របស់វៀតណាម ដែលត្រូវបម្រើវៀតណាម លើ បញ្ហាដែលជាផលប្រយោជន៍របស់វៀតណាម ហើយខ្ញុំមិនមែនជាចៅហ្វាយវៀតណាមដែរ។ ខ្ញុំក៏មិនត្រូវឱ្យវៀតណាមបម្រើផលប្រយោជន៍ នយោបាយរបស់កម្ពុជានោះដែរ…”។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះដែរ កាល ពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក៏បានចេញនូវសេចក្តីថ្លែងការណ៍មួយ ដោយ បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចរបស់ វៀតណាម ចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ក្នុង ការស្រាវជ្រាវនិងកំណត់អត្តសញ្ញាណបុគ្គល ជនជាតិវៀតណាម ដែលបានប្រព្រឹត្តអំពើប្រមាថ តាមរយៈការ Comment នៅក្នុងទំព័រ Facebook ប្រមុខដឹកនាំកំពូលរបស់កម្ពុជា៕
ដោយ ៖ ដារិទ្ធ