លោកគួច ខេវិន ដែលជាអ្នកផលិតកម្មវិធីទូរទស្សន៍ជាន់ខ្ពស់ និងជាស្ថាបនិក ”ក្លឹបសម្រាប់មិត្តសិល្បៈនិងសង្គម” នោះ បាននិយាយដាស់ស្មាតីប្រជាជនខ្មែរ ក៏ដូចជាយុវ័យទាំងឡាយ នូវសារដ៏មានអត្ថន័យមួយ ដោយបានសង្កត់ធ្ងន់ថា ”ពូជខ្មែរ ជាអ្នកកសាងប្រាង្គអង្គរ ដ៏មហាអច្ឆរិយៈ ហេតុអីបានជាមានខ្មែរ មួយចំនួន បណ្ដោយឲ្យទឹកដីមាស ក្លាយទៅជាទឹកដីអាចម៍ អំបិល ?”។
ការបញ្ចេញសារដ៏កម្រររបស់លោកគួច ខេវិន នៅពេលនេះ ក្នុងន័យឈឺចាប់ ដែលខ្មែរខ្លះ មិនចេះថែរក្សាវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ ក៏ដូចជា ទឹកដីដ៏បវររបស់ខ្មែរ ដែលដូនតាបានបន្សល់ឲ្យកូនចៅជំនាន់ក្រោយ។
លោកគួច ខេវិន បានភ្ជាប់ជាមួយរូបភាពនៅលើទឹកដីអាមេរិក កាលពីពេលថ្មីៗនេះ រៀបរាប់សារក្នុងអត្ថន័យអប់រំដល់យុវវ័យជំនាន់ក្រោយទាំងឡាយថា ”ដែនដីខ្មែរ ប្រែថា ”សុវណ្ណភូមិ” គឺជាទឹកដីមាស។ ក្នុងរូបនេះ ខ្ញុំកំពុងស្ថិតនៅកោះហាវ៉ៃ “Hawaii” របស់សហរដ្ឋអាមេរិក ដ៏ស្រស់ស្អាត តែវាគ្មានអ្វីដែលអស្ចារ្យនោះទេ ប៉ុន្ដែរវាជាមហាអស្ចារ្យត្រង់ថា ជនជាតិអាមេរិក គេចេះ ”ថែរក្សាការពារនិងអភិរក្ស និងអភិវឌ្ឍន៍ ដោយនិរន្ដរភាព”។ ជនជាតិអាមេរិក ក៏ជាមនុស្ស ខ្មែរ ក៏ជាមនុស្ស! ដែលកោះ និងឆ្នេរសមុទ្រខ្មែរ ក៏ល្អ និងស្រស់ស្អាត មិនចាញ់កោះហាវ៉ៃ នោះទេ ប៉ុន្ដែហេតុអីបានជាខ្មែរយើងមួយចំនួន បណ្ដែតបណ្ដោយឲ្យទឹកដីមាស ក្លាយជាទឹកដីអាចម៍អំបិល? បើទោះជារាជរដ្ឋាភិបាល ខិតខំស្ដារមាតុភូមិ ឲ្យចេញផុតពីភ្នក់ភ្លើងសង្រ្គាម និងជំរុញការអភិវឌ្ឍន៍ ជាង៣០ឆ្នាំទៅហើយនោះ? ខ្មែរអើយ ពូជអ្នក គឺជាពូជអ្នកកសាងប្រាង្គប្រាសាទអង្គរ ដ៏មហាអច្ឆរិយៈ សូមអ្នកកុំធ្វើឲ្យខូចឈ្មោះពូជពង្សរបស់អ្នក ដោយសារតែជនអគតិមួយចំនួននោះឲ្យសោះ! ”ខ្មែរ” ត្រូវតែតាំងចិត្តឲ្យមាំ ខិតខំប្រឹងវិញ ជួយលើកតម្កើងតម្លៃនៃជាតិខ្មែរយើងឲ្យបានរុងរឿង តាមសាវតា ដូចន័យក្នុងបទ ”ព្រះរាជពង្សសាវតាខ្មែរ”។
ក្រោយវិលត្រឡប់មកពីសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ លោកគួច ខេវិន ក៏បានរៀបចំផលិតកម្មវិធីទូរទស្សន៍ថ្មីៗ សម្រាប់ឆ្នាំ២០១៩នេះ ខណៈដែលសកម្មភាពសប្បុសធម៌ តាមរយៈ ”ក្លឹបសម្រាប់មិត្តសិល្បៈនិងសង្គម” និងកាន់តែបន្ដសកម្មភាពសម្រាក់សម្រាំថែមទៀត ដោយក្លឹបទទួលបានការគាំទ្រពីសិល្បករ និងសប្បុរសជនទូទៅ៕