ភ្នំពេញ៖ ករណីឃាតកម្មដ៏ឃោរឃៅនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្ទះសំណាក់យីហោ ចន្ធូត្រជាក់ចិត្ត ជាន់ទី៣ បន្ទប់លេខ៣ តាមបណ្តោយផ្លូវបេតុងសូនី ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
បុរសរងគ្រោះមានឈ្មោះយ៉ាន ជឿន អាយុ៣៧ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅភូមិព្រែកសំបួរ ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ។ ចំណែកម៉ូតូដែលជនសង្ស័យប្លន់យកទៅម៉ាក់ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FL-9986 និងចិញ្ចៀន១វង់។

តាមសម្តីប្អូនប្រុសរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះគឺជាអ្នករត់ម៉ូតូឌុបនៅខេត្តតាកែវ ដោយយូរៗ ទើបឡើងមកភ្នំពេញ យកអីវ៉ាន់ដាក់ឱ្យម៉ូយម្តង។ លុះនៅថ្ងៃកើតហេតុ ទាំងបងប្អូន និងប្រពន្ធកូន មិនឃើញជនរងគ្រោះចូលផ្ទះដូចសព្វដង ហើយទោះជាទាក់ទងតាមទូរស័ព្ទទៅសួរនាំ ក៏ទាក់ទងមិនបានទៀត។ ក្រោយមក ក៏ស្រាប់មានសមត្ថកិច្ចខលមកប្រាប់ថា ជនរងគ្រោះខាងលើត្រូវបានគេចាក់សម្លាប់នៅក្នុងផ្ទះសំណាក់ បាត់ទៅហើយ។
ចំណែកឃាតករ ដែលមិនស្គាល់មុខដែលបានចាក់សម្លាប់ជនរងគ្រោះ បានជិះម៉ូតូរបស់ជនរងគ្រោះ ព្រមទាំងយកចិញ្ចៀន និងលុយមួយចំនួនក្នុងកាបូបលុយ ចេញពីផ្ទះសំណាក់គេចខ្លួនបាត់ស្រមោល បន្សល់ទុកជនរងគ្រោះស្លាប់ក្នុងថ្លុកឈាម។

តាមប្រភពពីអ្នកមើលការខុសត្រូវផ្ទះសំណាក់ខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ មានបុរស២នាក់ ក្នុងនោះមានជនរងគ្រោះ និងជនសង្ស័យ បានជិះម៉ូតូម៉ាកហុងដាឌ្រីម១គ្រឿង មកជួលបន្ទប់ផ្ទះសំណាក់ដេក។ បន្ទាប់មកខាងផ្ទះសំណាក់ ក៏ឱ្យបុរសទាំង២នាក់ចូលទៅសម្រាកនៅបន្ទប់លេខ៣ ជាន់ទី៣ រួចហើយអ្នកទាំងពីរ ក៏នាំគ្នាឡើងទៅបន្ទប់ស្នាក់នៅបាត់ទៅ។ លុះមួយសន្ទុះក្រោយមក គេឃើញបុរសជាជនសង្ស័យ បានចុះមកក្រោមវិញតែម្នាក់ឯង រួចក៏ទាញយកម៉ូតូ បម្រុងជិះចេញទៅ ពេលនោះខាងបុគ្គលិកផ្ទះសំណាក់ បានសួរថា ទៅណា? បុរសជាជនសង្ស័យរូបនោះ បានឆ្លើយថា ទៅយកស្រីមកដេក លុះនិយាយរួច ក៏ទាញម៉ូតូជិះចេញបាត់ទៅ។

លុះមួយសន្ទុះធំក្រោយមក គាត់មិនឃើញជនសងស្ស័យមកវិញ ហើយមិនឃើញជនរងគ្រោះចុះពីបន្ទប់មកទៀត ទើបបុគ្គលិកផ្ទះសំណាក់ បានឡើងទៅមើលបន្ទប់ដែលជនរងគ្រោះស្នាក់នៅ តែឃើញបន្ទប់ចាក់សោ ទើបស្រែកហៅម្តងហើយម្តងទៀត មិនឮសំឡេងជនរងគ្រោះឆ្លើយសោះ ធ្វើឲ្យមានការសង្ស័យ ក៏ប្រញាប់ចុះទៅយកកូនសោមកចាក់ចូលទៅមើល ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់នៅលើឥដ្ឋការ៉ូក្នុងបន្ទប់ទឹក មានស្នាមរបួសចាក់ដោយកាំបិតជាច្រើនកន្លែង ព្រមទាំងមានកូនកាំបិតចិត្តបន្លែ១ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យចុះមកជួយអន្តរាគមន៍។
ក្រោយកើតហេតុ គេឃើញសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ៣ បានចុះដល់ទីតាំងកើតហេតុ និងទាក់ទងហៅសមត្ថកិច្ចជំនាញ ចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវឃាតករចាក់សម្លាប់ប្រាកដមែន ដោយម្នាក់ស្នាមចាក់ប្រហារចំនួន៩កាំបិតនៅលើដងខ្លួន។

តាមការសន្និដ្ឋានជាជំហានដំបូង ករណីនេះអាចជាករណីចាក់សម្លាប់ប្លន់ម៉ូតូ និងទ្រព្យសម្បត្តិ ព្រោះបើតាមការអះអាងពីក្រុមគ្រួសារ ជនរងគ្រោះ ទ្រព្យសម្បត្តិជាប់ខ្លួន ព្រមទាំងម៉ូតូ១គ្រឿងរបស់ជនរងគ្រោះត្រូវបាន ជនសង្ស័យយកទៅបាត់អស់ទៅហើយ។ ជាមួយនេះ សមត្ថ កិច្ចក៏បានដាក់ការសង្ស័យផងដែរថា ជនជាឃាតករ អាចជាមនុស្សស្គាល់គ្នាជាមួយនឹងជនរងគ្រោះ។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់ស្រុកកំណើតនៅឯខេត្តតាកែវ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី។ ចំណែកជនសង្ស័យជាឃាតករ សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវ កំណត់មុខសញ្ញា ដើម្បីតាមប្រមាញ់ចាប់ខ្លួនជនដៃដល់ នាំយកមកផ្តន្ទាទោសតាមច្បាប់៕