Saturday, May 4, 2024
Homeព័ត៌មានជាតិសំកុកចាំនៅមាត់ទ្វារ ច្បាស់១០០% ប្តីកំពុងដេកឱបស្រី

សំកុកចាំនៅមាត់ទ្វារ ច្បាស់១០០% ប្តីកំពុងដេកឱបស្រី

ភ្នំពេញ៖ ហេតុការណ៍ស្ត្រីតាមទាន់ប្តីដេកឱបស្រីថ្មីក្នុងបន្ទប់ជួល ក៏អង្គុយចំកុកចាំនៅមាត់ទ្វារនេះ បានកើតមានការភ្ញាក់ផ្អើលឡើងដល់អ្នកជិតខាង និងសមត្ថកិច្ចចុះជួយសម្របសម្រួល កាលពីម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីដែលមកអង្គុយសំកុកចាំប្តីនៅមាត់ទ្វារបន្ទប់ជួលនេះ មិនបានបង្ហើបឱ្យដឹងពីអត្តសញ្ញាណនោះទេ គ្រាន់តែប្រាប់ថា គាត់មានលំនៅក្បែរវត្តសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកបុរសជាប្តី មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ។

តាមសម្តីស្ត្រីជាប្រពន្ធ បានរៀបរាប់ប្រាប់ថា គាត់និងប្តីបានរួមរស់នឹងគ្នាជាច្រើនឆ្នាំមកហើយ និងថែមទាំងមានកូនធំទន្ទឹមស្មាអស់ទៅ ហើយដែរ តែប្តីកំហូចនៅតែមិនចោលចរិតខូចខិលរឿងស្រីនេះ ចេះតែលួចលាក់មានស្រីជាបន្តបន្ទាប់។ ជាក់ស្តែងនៅយប់កើតហេតុនេះ គាត់បានតាមដានដឹងច្បាស់ថា ប្តីរបស់គាត់លួចមានស្រីមកសម្ងំដេកឱបគ្នានៅទីនេះ ទើបឱ្យកូនប្រុសជិះម៉ូតូដឹកមកដល់គោះទ្វារបន្ទប់ហៅ តែប្តីមិនហ៊ានឆ្លើយ ចាក់សោពីក្នុងជាប់ ទើបធ្វើឱ្យគាត់ខឹងពេក ក៏ស្រែកឡូឡាផ្អើលអស់អ្នកជិតខាង និងសមត្ថកិច្ចចុះទៅសម្របសម្រួល។ លុះសមត្ថកិច្ចមកដល់ ជួយគោះទ្វារផ្ទះហៅទៀត ក៏អ្នកនៅខាងក្នុងមិនព្រមចេញមកបើកឱ្យដាច់ខាត ពោលគឺនៅសម្ងំឱ្យស្ងាត់ឈឹង ហើយប្រសិនបើប្តីរបស់គាត់មិននៅក្នុងនោះទេ ច្បាស់ជាម្ចាស់បន្ទប់នេះចេញមករករឿងគាត់វិញមិនខាន តែនេះអត់ទេ សម្ងំស្ងាត់ដូចចោរលួចសេះអ៊ីចឹង។

ស្ត្រីជាប្រពន្ធរូបនេះ អះអាងថា ប្តីគាត់ពិតជានៅក្នុងបន្ទប់មួយហ្នឹងមែន ព្រោះគាត់បានអើតមើលតាមប្រឡោះប្រហោងទ្វារ ឃើញស្បែកជើងមនុស្សប្រុស ដែលស្គាល់ច្បាស់ថា ជាស្បែកជើងរបស់ប្តីគាត់ ព្រោះស្បែកជើង១គូនេះ គាត់ជាអ្នកទិញឱ្យប្តីដោយផ្ទាល់ដៃ។

បន្ទាប់ពីចុះទៅដល់ទីទាំងកើតហេតុ ជួយគោះទ្វារហៅនៅតែមិនមានអ្នកឆ្លើយ ឬចេញ មកបើកឱ្យបែបនេះ សមត្ថកិច្ចបានទាក់ទងទូរស័ព្ទទៅកាន់បុរសជាប្តី តាមលេខដែលប្រពន្ធប្រាប់ដែរ តែប្តីរូបនោះ បានឆ្លើយប្រាប់ថា គាត់មិនបាននៅក្នុងបន្ទប់ជួលហ្នឹងទេ។ ប៉ុន្តែយ៉ាងណាក្តី ខាងស្ត្រីជាប្រពន្ធសន្និដ្ឋាន១០០ភាគរយថា ប្តីរបស់គាត់ពិតជាកំពុងនៅដេកឱបស្រីថ្មី នៅក្នុងបន្ទប់នេះតែម្តង៕

RELATED ARTICLES