អ្នកកាសែតជាច្រើនស្ថាប័ន នឹងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីសន្និសីទសារព័ត៌មានមួយ ដែលរៀបចំឡើងដោយតារាចម្រៀងខេមរៈ សិរីមន្ដ ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីពិធីបុណ្យសពតារាចម្រៀងខេមរៈ ស្រីពៅ គម្រប់៧ថ្ងៃ ដែលរៀបចំនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នោះ រួចរាល់ហើយ។
ប្រធានដែលតារាចម្រៀងខេមរៈ សិរីមន្ដ ត្រូវចេញមុខបកស្រាយនៅចំពោះមុខអ្នកកាសែតជាច្រើន គឺទាក់ទងនឹងជំងឺពិតរបស់ខេមរៈ ស្រីពៅ ដែលបណ្ដាលឲ្យនាងទទួលមរណភាព កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ក្នុងអាយុ២៨ឆ្នាំ នៅប្រទេសឥណ្ឌានោះ។
សាច់ញាតិតារាចម្រៀងខេមរៈ សិរីមន្ដ បានឲ្យដឹងថា សិរីមន្ដ ត្រូវតែធ្វើសន្នីសីទកាសែតនេះឡើង ក្នុងគោលបំណងធំ គឺនិយាយឲ្យមហាជនគ្រប់គ្នាដឹងថា តើជំងឺរបស់ខេមរៈ ស្រីពៅ ជំងឺអីឲ្យពិតប្រាកដ ទើបព្យាបាលនៅក្រៅប្រទេសជាច្រើន តែមើលមិនជា។
ការលាតត្រដាងពីជំងឺរបស់ខេមរៈស្រីពៅនៅក្នុងសន្នីសីទកាសែតនោះ ដោយសារតែកន្លងមក ធ្លាប់លេឮថា អតីតតារាចម្រៀងផលិតកម្មសាន់ដេ ខេមរៈ ស្រីពៅ ដែលបាត់ខ្លួនពីឆាកតន្ដ្រីជាង៤ឆ្នាំនោះ មានព័ត៌មានថា ស្រីពៅ មានជំងឺប្រតិកម្មស្បែក ព្រោះប្រើឡេខុស បណ្ដាលឲ្យរលួយស្បែក ដេកលើកន្ទេលស្លឹកចេក ព្យាបាលនៅស្រុកកំណើត ។ ប៉ុន្ដែភ្លាមៗនោះ ខេមរៈ សិរីមន្ដ បានចេញមកបំភ្លឺថា ស្រីពៅ មានជំងឺរលាកបំពង់ក និងឈឺក្រពះ តម្រូវឲ្យទៅព្យាលនៅពេទ្យថៃ។ ប៉ុន្ដែក្រោយពីខេមរៈ ស្រីពៅ ទទួលមរណភាពនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅមន្ទីពេទ្យមួយ នៅប្រទេសឥណ្ឌានោះ ក្រុមគ្រួសារស្រីពៅ រួមទាំងបងប្រុសនាង លោកខេម ប៊ុនថន ផង បានអះអាងថា ស្រីពៅ មានជំងឺសួតនិងក្រលៀន ។ ហេតុនេះហើយដើម្បីឲ្យអស់មន្ទិលសង្ស័យខេមរៈ សិរីមន្ដ នឹងនិយាយបំភ្លឺពីជំងឺពិតរបស់ខេមរៈ ស្រីពៅ ដែលធ្លាប់មានការអះអាងខុសៗគ្នាកន្លងមក នៅក្នុងសន្និសីទកាសែត នាពេលខាងមុខនេះ ដើម្បីឲ្យមហាជនអស់ការសង្ស័យ៕