Saturday, April 27, 2024
Homeព័ត៌មានជាតិព្រឹទ្ធ​សភា​សម្រេច​ប្រជុំ​បោះ​ឆ្នោត ដក​អភ័យ​ឯក​សិទ្ធិ​លោក​ស្រី​ថាក់ ឡានី

ព្រឹទ្ធ​សភា​សម្រេច​ប្រជុំ​បោះ​ឆ្នោត ដក​អភ័យ​ឯក​សិទ្ធិ​លោក​ស្រី​ថាក់ ឡានី

ភ្នំពេញ ៖ ក្រោយបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ពិនិត្យសំណើសុំលើកអភ័យឯកសិទ្ធិសភារបស់លោកស្រីថាក់ ឡានី រួចមក នៅថ្ងៃទី០១  ខែកញ្ញា ឆ្នាំ២០១៦ នេះ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្រេចបើក កិច្ចប្រជុំពេញអង្គពិភាក្សាលើការដកអភ័យឯកសិទ្ធិលោកស្រីថាក់ ឡានី សមាជិកព្រឹទ្ធ សភាគណបក្សសម រង្ស៊ី ខណៈដែលសមាជិក ព្រឹទ្ធសភាគណបក្សសម រង្ស៊ី ទាំង១០រូប ក៏ ធ្វើពហិការ មិនចូលប្រជុំ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ស្តីពីលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានឱ្យ ដឹងថា បន្ទាប់ពីបានពិនិត្យនិងពិភាក្សារួចមក  គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់ យកថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៨ព្រឹក ដើម្បីបន្តសម័យប្រជុំលើក ទី៩ ព្រឹទ្ធសភានីតិកាលទី៣ ដែលមានរបៀប វារៈ គឺដើម្បីពីនិត្យនិងសម្រេចលើសេចក្តី ស្នើសុំ លើកអភ័យឯកសិទ្ធិសភារបស់លោកស្រីថាក់ ឡានី សមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគទី២។

អ្នកនាំពាក្យព្រឹទ្ធសភា លោកម៉ម ប៊ុននាង បានបញ្ជាក់ថា ការបើកសម័យប្រជុំពេញអង្គព្រឹទ្ធសភា ពិភាក្សាលើការលើកអភ័យឯកសិទ្ធិលោកស្រីថាក់ ឡានី នៅថ្ងៃនេះ នឹង ធ្វើឡើងដោយការបោះឆ្នោតជាសម្ងាត់ ដោយ សំឡេង២ភាគ៣។ ដូច្នេះបើទោះបីមិនមាន ការចូលរួមពីសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ទាំង១០រូបនោះ ក៏សមាជិកព្រឹទ្ធសភា គណបក្សប្រជាជនកម្ពុជា អាចបោះឆ្នោតអនុម័ត បាន។ ប៉ុន្តែដើម្បីឱ្យមានសំឡេងបក្សប្រឆាំង និងដើម្បីជួយការពារសមាជិកព្រឹទ្ធសភាមកពី គណបក្សតែមួយនេះផង លោកយល់ថា សមាជិក ព្រឹទ្ធសភាគណបក្សសម រង្ស៊ី គួរតែចូលរួម ប្រជុំព្រឹទ្ធសភាពេញអង្គ។

លោកម៉ម ប៊ុននាង មានប្រសាសន៍ថាយើងមិនអាចជម្រាបជូនបានថាលើកឬមិន លើកនោះទេ ព្រោះបោះឆ្នោតជាសម្ងាត់។ អ៊ីចឹង លទ្ធផលចេញហើយ ខ្ញុំនឹងជម្រាបជូនថា លើក ឬមិនលើក ពីព្រោះយើងអត់អាចប៉ាន់ស្មាន ទៅលើចិត្តសមាជិកបានទេ។ ប៉ុន្តែយោងតាម លក្ខន្តិកៈរបស់ព្រឹទ្ធសភា គឺយើងយកសំឡេង ២ភាគ៣។ អាហ្នឹងហើយយើងគិតថា សមាជិក ព្រឺទ្ធសភារបស់គណបក្សប្រជាជន មានចំនួន រហូតដល់៤៦ ហើយនិងរដ្ឋសភាស្នើ ២រូបទៀត ហើយនិងខាងព្រះមហាក្សត្រ២រូបទៀត  ហើយ គណបក្សសម រង្ស៊ី មានតែ១១រូបទេ។ ប៉ុន្តែ ការបោះឆ្នោតសម្ងាត់ វាតែងតែប្រែប្រួលខ្លះ ដោយសារការដែលសមាជិកសម្រេចចិត្តរបស់ លោកទៅតាមសន្លឹកឆ្នោតសម្ងាត់

លោកម៉ម ប៊ុននាង មានប្រសាសន៍បន្តថា  “នេះជាសិទ្ធិសេរីភាពរបស់គណបក្សនយោបាយ ហើយក៏ជាសិទ្ធិសេរីភាពរបស់សមាជិកព្រឹទ្ធសភា១រូបៗដែរ បើសិនជាគាត់មិនគិតថាមក ការពារ មកជួយគ្នាគាត់ ដូចឯកឧត្តមទាវ វណ្ណុល ព្រឹកមិញ គឺគាត់បានលើកពីបញ្ហាពីជំហរ របស់គាត់ រាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីធ្វើការពិចារណា។ បើនៅក្នុង ច្បាប់តែកោះអញ្ជើញមកតែ២ដង អត់បានចូល ខ្លួន បានន័យថាយើងយល់ព្រមហើយ។ ហើយ ឥឡូវនេះគ្នាគាត់ត្រូវការជួយគ្នាគាត់ បានន័យ ថា គាត់មិនជូយការពារគ្នាគាត់ទេ មានតែរុញ ថែម អាហ្នឹងការវិនិច្ឆ័យក្រុមប្រឹក្សាឃុំសង្កាត់  ដែលពឹងផ្អែកទៅលើគាត់ ដើម្បីឱ្យគាត់រកយុត្តិធម៌ឱ្យគេ ការពារគេ ពីព្រឹទ្ធសភា តំណាង ឱ្យក្រុមប្រឹក្សាឃុំសង្កាត់ តំណាងឱ្យធ្វើច្បាប់  ពិនិត្យច្បាប់ ឱ្យយោបល់លើទម្រង់ច្បាប់ ហើយ និងផ្សព្វផ្សាយច្បាប់

ទាក់ទងដល់ការប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឺទ្ធសភានោះដែរ លោកទាវ វណ្ណុល  ក្នុងនាមជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងជាប្រធានស្តីទីគណបក្សសម រង្ស៊ី ជំនួស លោកគង់ គាំ ក៏បានស្នើទៅគណៈកម្មាធិការអចិន្ត្រៃយ៍ សុំឱ្យលោកស្រីថាក់ ឡានី ធ្វើការ សុំទោសសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន ហើយ មិនចាំបាច់លើកអភ័យឯកសិទ្ធិរបស់ លោកស្រីទេ។ ប៉ុន្តែសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា មិនយល់ព្រម ទើបសម្រេចបើកសម័យប្រជុំពេញអង្គ  លើកអភ័យឯកសិទ្ធិលោកស្រីថាក់ ឡានី នៅ ថ្ងៃនេះ។

លោកម៉ម ប៊ុននាង បានបញ្ជាក់ពីមូលហេតុនេះថាពេលយើងសង្កេតទៅលើសំណេរ របស់ព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ហើយ និងរបាយការណ៍របស់ព្រះរាជអាជ្ញាសាលាដំបូង រាជធានីភ្នំពេញ គឺគាត់មិនអាចសុំទោសបានទេ  ព្រោះក្រោយពេលដែលសម្តេចមានប្រតិកម្មថា ប្តឹងនោះ គាត់បានធ្វើសម្ភាសថា គាត់មិនបាន និយាយបែបហ្នឹងទេ ហើយរឿងនេះគឺជារឿង គេកាត់តសំឡេងគាត់ មិនមែនគាត់និយាយ អ៊ីចឹងទេ។ អ៊ីចឹងមានន័យថាគាត់អត់បានទទួល ស្គាល់អំពើអ្វីដែលគាត់ធ្វើខុសឆ្គងហ្នឹងទេ ហើយដល់ ពេលអត់ទទួលស្គាល់ហ្នឹងហើយ បានតុលាការ នគរបាល ធ្វើការស៊ើបអង្កេតតាមពាក្យបណ្តឹង របស់មេធាវីសម្តេច លោកគី តិច ហើយគេ សិក្សាស្រាវជ្រាវទៅបានរកឃើញតម្រុយពិរុទ្ធភាពហ្នឹង គឺអាចធ្វើការចាត់ការតាមនីតិវិធីផ្លូវ ច្បាប់

ទោះយ៉ាងណា លោកទាវ វណ្ណុល សមាជិក ព្រឹទ្ធសភាគណបក្សសម រង្ស៊ី នៅតែយល់ថា លោកស្រីថាក់ ឡានី មិនសមនឹងត្រូវលើក   អភ័យឯកសិទ្ធិនោះទេ អាចត្រឹមសុំទោសសម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជាបានហើយ។ ដូច្នេះសមាជិកព្រឹទ្ធសភា ត្រូវធ្វើពហិការ មិនចូលប្រជុំពេញអង្គនិង ចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីមូលហេតុនៃ ការមិនចូលរួមប្រជុំពេញអង្គព្រឹទ្ធសភានេះ។

លោកទាវ វណ្ណុល មានប្រសាសន៍ថាវាជាការពិត ហើយវានឹងបាត់សំឡេងគណបក្សប្រឆាំង ប៉ុន្តែគោលការណ៍របស់គណបក្ស សម រង្ស៊ី មិនគាំទ្រការដកអភ័យឯកសិទ្ធិជំទាវ ថាក់ ឡានី ហ្នឹង ដែលអចិន្ត្រៃយ៍បានសម្រេច រួចទៅហើយ ព្រោះខ្ញុំគិតថា អ្វីដែលតុលាការ ចោទហ្នឹង ជារឿងនយោបាយពិតប្រាកដ វា មិនមែនជាបទព្រហ្មទណ្ឌ ញុះញង់ឱ្យប្រជាពលរដ្ឋបះបោរស្អប់សម្តេចតេជោ នោះទេ ពីព្រោះ វេទិការបស់ជំទាវថាក់ ឡានី ហ្នឹង ភាគច្រើន តែជាសមាជិករបស់គណបក្សសម រង្ស៊ី និង គណបក្សសង្គ្រោះជាតិ ប្រហែល៤០នាក់។ នៅ ក្នុងរបាយការណ៍ដែលប៉ូលិសទៅថតយកវីដេអូ ហ្នឹង  គឺថា មានមនុស្សតែ៥០នាក់ទេ នៅក្នុង វេទិកាហ្នឹង។ អ៊ីចឹងខ្ញុំគិតថា វាមិនមានរឿងអី ធ្ងន់ធ្ងរ រហូតទៅដល់ដកអភ័យឯកសិទ្ធិនោះ ទេ។ យើងគ្រាន់តែជម្រាបទៅអង្គការក្រៅរដ្ឋាភិបាលមួយចំនួន មានអង្គការសិទ្ធិមនុស្ស អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ឬតំណាង អង្គការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ និងអង្គទូតមួយចំនួន ឱ្យដឹងពីហេតុការណ៍ហ្នឹង  ព្រោះយើងដឹងហើយថា នេះជារឿងនយោបាយ ខ្ញុំអត់ឃើញមានចលាចលអីសោះ

ដោយ ៖ កុលបុត្រ

RELATED ARTICLES