Saturday, April 20, 2024
Homeព័ត៌មានជាតិលោក​ញឹក ប៊ុនឆៃ ថា​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង គួរ​ចេះ​ធ្វើ​ការ​រួម​គ្នា

លោក​ញឹក ប៊ុនឆៃ ថា​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង គួរ​ចេះ​ធ្វើ​ការ​រួម​គ្នា

ភ្នំពេញ ៖ ស្របពេលដែលគណបក្សធំ ទាំងពីរដែលមានអាសនៈនៅក្នុងរដ្ឋសភា គឺ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កំពុងកើតមានបញ្ហារកាំរកូស និងធ្វើការ វាយប្រហារគ្នាទៅវិញទៅមកនោះ លោកញឹក  ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានលើកឡើងថា គណបក្សកាន់អំណាច និងគណបក្សប្រឆាំង គួរចេះធ្វើការរួមគ្នា ដើម្បីឈាន ទៅដល់ស្ថិរភាព និងការអភិវឌ្ឍប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ លោកញឹក ប៊ុនឆៃ បានបញ្ជាក់ឱ្យដឹង កាលពី ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ថា លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ  បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានជាតិ មានទូរទស្សន៍ វិទ្យុ និងកាសែតល្បីៗនៅកម្ពុជា ទាក់ទងជាមួយនឹងប្រធានបទសំខាន់ចំនួនពីរគឺ ៖

ទី១-ការត្រៀមលក្ខណៈសម្បត្តិនៅក្នុង  ការចូលរួមប្រកួតប្រជែង ការបោះឆ្នោះជ្រើស- រើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧។

ទី ២-បញ្ហាស្ថានភាពនយោបាយនៅក្នុង  ប្រទេសកម្ពុជា និងបញ្ហាព្រំដែន ដែលរាជរដ្ឋា- ភិបាលកម្ពុជា បាននិងកំពុងពិភាក្សាដោះស្រាយ បញ្ហាព្រំដែនជាមួយប្រទេសវៀតណាម។

ទំព័រហ្វេសប៊ុកដដែល បញ្ជាក់ថា “ជាការ ឆ្លើយតបនឹងប្រធានបទទី១ ៖ ពាក់ព័ន្ធជាមួយ នឹងការត្រៀមលក្ខណៈសម្បត្តិរបស់គណបក្ស- ខ្មែររួបរួមជាតិ នៅក្នុងដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នីតិកាលទី៤ ឆ្នាំ២០១៧ ខាងមុខ គឺគណបក្សខ្មែរួបរួមជាតិ  បានត្រៀមខ្លួនរួចរាល់ហើយ ទាក់ទងនឹងការ រៀបចំបេក្ខភាពទាំងពេញសិទ្ធិ និងបម្រុងស្ទើរ តែ១០០ភាគរយហើយ។ នៅខណៈពេលនេះ  គណបក្សខ្មែររួបរួមជាតិ ត្រៀមដាក់អ្នកសង្កេត- ការណ៍ការចុះឈ្មោះបោះឆ្នោត នៅថ្ងៃស្អែកទី ០១ ខែកញ្ញា ឆ្នាំ២០១៦ ក៏បានត្រៀមរួចរាល់ ហើយដែរ គឺដាក់អ្នកសង្កេតការក្នុង១ឃុំ-សង្កាត់ ចំនួន២រូប នៅទូទាំងប្រទេសចំនួន១៦៣៩ឃុំ-  សង្កាត់ ដោយគណបក្សបានធ្វើការណែនាំដល់  អ្នកសង្កេតការណ៍ទាំងអស់ ត្រូវឃ្លាំមើលនិងតាម ដានដោយយកចិត្តទុកដាក់បំផុត ទាក់ទងជាមួយ ដំណើរការចុះឈ្មោះបោះឆ្នោត ក្នុងរយៈពេល  ៩០ថ្ងៃនេះ តើដំណើរការល្អដែរឬទេ? និងមាន ភាពមិនប្រក្រតីអ្វីខ្លះកើតមានឡើង?។ បើ- យោងតាមស្ថិតិពីក្រសួងមហាផ្ទៃ និងគ.ជ.ប គឺមានប្រជាជនប្រមាណជាង៨លាននាក់ មាន អត្តសញ្ញាណប័ណ្ណរួចរាល់ហើយ ហើយនៅសល់ ជាង១លាន៩សែននាក់ទៀត មិនទាន់មានអត្ត- សញ្ញាណប័ណ្ណនៅឡើយ ដែលគ្រោងនឹងត្រូវ  ធ្វើការចុះឈ្មោះថ្មីនេះ ជាពិសេសទាក់ទងជាមួយ នឹងជនបរទេសខុសច្បាប់ទៅចុះឈ្មោះបោះឆ្នោត នៅអំឡុងពេលនេះ ដោយលោកប្រធានគណ- បក្សបានផ្តាំផ្ញើដល់អ្នកសង្កេតការណ៍ទាំងអស់  មិនឱ្យបង្កអស្ថេរភាពនៅកន្លែងចុះឈ្មោះ គឺត្រូវ កត់ត្រាឈ្មោះបុគ្គលទាំងអស់នោះ ដើម្បីយក មកពិនិត្យ និងរៀបចំឯកសារប្តឹងជំទាស់ទៅ គ.ជប នៅពេលបន្ទាប់ ពោលគឺធ្វើការស្របតាម ការណែនាំរបស់ គ.ជ.ប។

លោកញឹក ប៊ុនឆៃ ប្រធានគណបក្ស  បានបញ្ជាក់ពីគោលជំហររបស់គណបក្សខ្មែររួបរួមជាតិ សម្រាប់ដាក់បេក្ខភាពឈរឈ្មោះគឺ  គណបក្សខ្មែរួបរួមជាតិ មានគោលការណ៍ច្បាស់លាស់ ត្រូវដាក់អ្នកដែលមានប្រជាប្រិយភាព  នៅក្នុងមូលដ្ឋាន ដោយមិនកំណត់ថា វ័យក្មេង  (យុវជន) ចាស់ ឬជាស្ត្រីឡើយ ពោលគឺអ្វីដែល សំខាន់ ក្នុងចំណោមបេក្ខភាពគ្រប់វ័យ ចាំបាច់ ត្រូវមានឆន្ទៈបម្រើប្រជាជន មានការគាំទ្រនិង ទំនុកចិត្តពីបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន របស់ពួកគាត់ច្រើន។ ចំពោះយុទ្ធនាការធំៗនៅ ក្នុងការបោះឆ្នោតជ្រើសស្រើក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងឆ្នាំ២០១៧ ខាងមុខ គឺគណបក្ស-ខ្មែររួបរួមជាតិ មានរៀបចំគោលនយោបាយ មូលដ្ឋានដើម្បីបំពេញតាមសំណូមពរប្រជាជន នៅក្នុងមូលដ្ឋាន និងគាំទ្រដល់សេចក្តីត្រូវការ  សម្រាប់ជួយដល់ការអភិវឌ្ឍឃុំ-សង្កាត់ នៅ ពេលដែលគណបក្សខ្មែរួបរួមជាតិ ជាប់ឆ្នោតជា មេឃុំ ឬចៅសង្កាត់ គណបក្សខ្មែរួបរួមជាតិ នឹងដោះស្រាយរាល់បញ្ហាតាមការសន្យាឱ្យខាន តែបាន ពោលគឺមិនត្រូវសន្យាអ្វីដែលគណបក្ស ខ្មែររួបរួមជាតិ មិនអាចធ្វើបានជាមួយនឹងបងប្អូនប្រជាជន នៅមុនថ្ងៃបោះឆ្នោតជាដាច់ខាត”។

ទំព័រហ្វេសប៊ុកលោកញឹក ប៊ុនឆៃ ដដែល បន្តថា “ រីឯការឆ្លើយតបនឹងប្រធានបទទី២វិញ ពាក់ព័ន្ធនឹងបញ្ហាស្ថានភាពនយោបាយនៅក្នុង ប្រទេស គឺបច្ចុប្បន្នកម្ពុជា នៅតែមិនទាន់អាច  ដោះស្រាយបញ្ហារកាំរកូសរវាងគណបក្សទាំង២ ដែលមានអាសនៈនៅក្នុងរដ្ឋសភា នៅតែមាន ការប្រឈមមុខដាក់គ្នា និងវាយប្រហារគ្នាទៅ វិញទៅមក ពោលការអនុវត្តកិច្ចព្រមព្រៀង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ គឺមិនមានភាព ស្មោះត្រង់ និងមានភាពច្បាស់លាស់ជាមួយគ្នា។ លោកញឹក ប៊ុនឆៃ ប្រធានគណបក្ស យល់ឃើញថា គណបក្សធំទាំង២ ត្រូវចេះធ្វើការ ជាមួយគ្នា ដើម្បីនាំកម្ពុជា មានស្ថិរភាព រៀបចំ ការអភិវឌ្ឍប្រទេសរីកចម្រើនទៅមុខបន្ថែម ទៀត។

ចំពោះបញ្ហាកិច្ចពិភាក្សាដោះស្រាយបញ្ហា ខ្សែបន្ទាត់ព្រំដែន ជាមួយប្រទេសជិតខាងកម្ពុជា វិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មិនទាន់រក ដំណោះស្រាយបានទេ ព្រោះបញ្ហាបូរណភាព- ទឹកដីនេះ ជាបញ្ហាប្រទេសជាតិទាំងមូល មិន-មែនជាបញ្ហារបស់គណបក្សណាមួយទេ។ ដូច្នេះ ប្រទេសទាំង២ត្រូវខិតខំពិភាក្សាដោះស្រាយគ្នា ទ្វេភាគី ឱ្យអស់លទ្ធភាពជាមុនសិន ព្រោះធ្វើការ ក្នុងនាមជាមិត្តភូមិផងរបងតែមួយ តើត្រូវប្តឹង ទៅតុលាការអន្តរជាតិដែរឬអត់? បើតុលាការ សម្រេចថាយ៉ាងម៉េច គឺប្រជាជន និងរដ្ឋាភិបាល នៃប្រទេសទាំង២ អាចទទួលយកបានទាំងអស់ គ្នា។

តាមការបញ្ជាក់ពីលោកញឹក ប៊ុនឆៃ ប្រធានគណបក្ស ចំពោះការដោះស្រាយបញ្ហាព្រំ- ដែនជាទ្វេភាគីនេះ ប្រសិនបើប្រទេសណាមួយ បង្ហាញថា មានការបាត់បង់ទឹកដីនោះ ឬមាន  ប្រទេសណាមួយចំណេញទឹកដី គឺប្រាកដណាស់  មេដឹកនាំនៃប្រទេសនោះនឹងត្រូវប្រជាជនថ្កោល- ទោសជាក់ជាមិនខានឡើយ។ ដោយសារតែ  ការការពារបូរណភាពទឹកដីនេះហើយ ដែលនាំ ឱ្យកិច្ចប្រជុំដោះស្រាយបញ្ហាព្រំដែននេះ មិនទាន់ មានការឯកភាពគ្នា”។

គួរបញ្ជាក់ថា លោកញឹក ប៊ុនឆៃ ជាអតីត អគ្គលេខាធិការ និងអនុប្រធានគណបក្សហ៊្វុន ស៊ិនប៉ិច ដែលជាគណបក្សឈ្នះឆ្នោត ក្នុងការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី១ ឆ្នាំ១៩៩៣ ដែលរៀបចំដោយអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា អ៊ុនតាក់ (UNTAC) តែបច្ចុប្បន្ន លោកបានដកខ្លួនពីគណបក្សហ៊្វុនស៊ិនប៉ិច ដែល ដឹកនាំដោយសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ មកបង្កើតគណបក្សថ្មី គឺគណបក្សខ្មែររួបរួមជាតិ៕

RELATED ARTICLES