Sunday, May 5, 2024
Homeព័ត៌មានជាតិម្នាក់ៗចង់ចូលធ្វើទ័ព អស់រាប់ពាន់ដុល្លារ ដោយសារលោកផ្កាយ២រូបនេះ

ម្នាក់ៗចង់ចូលធ្វើទ័ព អស់រាប់ពាន់ដុល្លារ ដោយសារលោកផ្កាយ២រូបនេះ

ខេត្តបាត់ដំបង៖ មន្ត្រីយោធាថ្នាក់ឧត្តសេនីយ៍ពាក់ផ្កាយ២ម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួននាំយកទៅធ្វើការសាកសួរ រយៈពេល៣យប់៣ថ្ងៃ ពាក់ព័ន្ធករណី “ឆបោក និងជ្រើសរើសកងទ័ពដោយខុសច្បាប់” បន្ទាប់ពីជនរងគ្រោះចំនួន៤នាក់ បាននាំគ្នាដាក់ពាក្យបណ្តឹង អះអាងថា ពួកខ្លួនគឺជាជនរងគ្រោះដែលចាញ់ល្បិចបោកប្រាស់របស់យោធាផ្កាយ២ ឱ្យពួកខ្លួនបង់ប្រាក់ម្នាក់រាប់ពាន់ដុល្លារ ជាថ្នូរនឹងការបញ្ចូល ឈ្មោះជាកងទ័ព មានក្របខណ្ឌ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន មានឈ្មោះទេព ពេជ្រ ហៅទេព វិសាល ឬរួន សឿម ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង។ ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំង អាវុធហត្ថស្រុកសំឡូត ធ្វើការឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត យោងតាម បណ្តឹងជនរងគ្រោះប្រមាណពី៥ទៅ៦នាក់ ដែលប្តឹងពីបទឆបោក ប្រព្រឹត្តកាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ។

ប្រភពដដែលបន្តថា កន្លងមក គេឃើញជនសង្ស័យរូបនេះ ស្លៀកពាក់ឯកសណ្ឋានយោធា ពាក់ផ្កាយដល់ទៅ២លើស្មា ព្រមទាំងជិះ រថយន្តដាក់ស្លាកលេខ “ខ.ម” យ៉ាងហ៊ឺហារ ប៉ុន្តែក្រោយកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួនសួរនាំ ស្រាប់តែរកមិនឃើញថា ជននេះបម្រើការនៅក្នុង អង្គភាពណាមួយឱ្យប្រាកដនោះឡើយ។ ផ្ទុយទៅវិញ កម្លាំងជំនាញ បែរជារកឃើញថា ជននេះមានតួនាទីជាប្រធានអង្គការការពារបរិស្ថាន ដែលមានប្រវត្តិដ៏អាស្រូវបំផុតនៅក្នុងខេត្តបាត់ដំបង ជាពិសេសនៅតំបន់អណ្តូងកន្ទូត ស្ថិតក្នុងក្នុងឃុំដូនបា ស្រុកគាស់ក្រឡ។

ចំណែកជនរងគ្រោះទាំង៤នាក់ដែលបានដាក់ពាក្យបណ្តឹង រួមមាន ទី១-ឈ្មោះគឹម ហឿង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិថ្មគោលត្បូង ឃុំថ្មគោល ស្រុកថ្មគោល ទី២-ឈ្មោះឈីវ ប៊ុនឆៃ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិតាអ៊ុងកើត ឃុំរលួល ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ទី៣-ឈ្មោះប្រាក់ សំអេន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិដប់បាត សង្កាត់ រលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងទី៤-ឈ្មោះប៉ាវ សូវៀត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះម្នាក់ ឈ្មោះគឹម ហឿង បានបញ្ជាក់ឱ្យដឹងនៅក្នុងពាក្យបណ្តឹងថា គាត់បានចូលធ្វើយោធា តាមគេតាមឯង ដែលធ្លាប់ចូល មុនៗ និងធ្លាប់ស្គាល់ឈ្មោះទេព វិសាល។ ការចូលជាក្របខណ្ឌយោធានេះ គាត់បានចំណាយលុយអស់ចំនួន ៤៥០០ដុល្លារ ស្រាប់តែពេលបានកាត សម្គាល់ខ្លួនយកមកប្រើ ក៏មានគេប្រាប់ថា កាតនេះមិនប្រក្រតី លុះពេលទៅសួរនាំអ្នកដែលចូលជាមួយគ្នា គេនិយាយដូច្នេះដែរ ទើបពួកគាត់សម្រេចប្តឹងទៅសមត្ថកិច្ចតែម្តង។ ចំណែកជនរងគ្រោះម្នាក់ទៀត ឈ្មោះឈីវ ប៊ុនឆៃ បានអះអាងថា គាត់ក៏បានចូលក្របខណ្ឌយោធា តាមរយៈ ជនសង្ស័យឈ្មោះទេព វិសាល នោះដែរ គ្រាន់តែអស់លុយតិចជាងគេ គឺអស់ត្រឹមតែ៤លានរៀលប៉ុណ្ណោះ។

យោងតាមកាតសម្គាល់ខ្លួនយោធាចំនួន៦សន្លឹក ដែលជារបស់ជនរងគ្រោះ ទទួលបានពីឧត្តមសេនីយ៍ក្លែងក្លាយ ទេព វិសាល គេឃើញមានចុះលេខ អត្តលេខ កាលបរិច្ឆេទ និងតួនាទី ដែលមានបោះត្រា នាយឧត្តមសេនីយ៍ ទៀ បាញ់ ទៀតផង។ ប៉ុន្តែសមត្ថកិច្ចជំនាញ បានបញ្ជាក់ថា នេះជាត្រាក្លែងបន្លំ ដែលជនប្រព្រឹត្តត្រូវប្រឈមនឹងផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរបំផុត។

ដោយឡែកតាមប្រភពមួយផ្សេងទៀត បានឱ្យដឹងថា អំឡុងពេលដែល ឧត្តមសេនីយ៍ក្លែងក្លាយ ទេព ពេជ្រ ហៅទេព វិសាល ឬរួន សឿម ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ភរិយាជនសង្ស័យបានព្យាយាមណាត់ជួបជនរងគ្រោះ ទាំងអស់ នៅក្នុងហាងកាហ្វេមួយកន្លែង ក្នុងក្រុងបាត់ដំបង កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ដើម្បីសម្របសម្រួលបង់សំណងខ្លះវិញ ដល់ជនរងគ្រោះ ជាថ្នូរនឹងការបញ្ចប់រឿងប្តឹងផ្តល់គ្នាទៅតុលាការ។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពី សាមីខ្លួនលោកទេព ពេជ្រ ហៅទេព វិសាល ឬរួន សឿម និងភរិយា បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES