តារាចម្រៀងសុខ ស្រីលក្ខណ៍ ដែលគេស្គាល់ថា ជាប្អូនស្រីអ្នកចម្រៀងហង្សមាស សុខ សីឡាលីន នឹងចូលរោងការជាមួយប្រុសស្នេហ៍លោកអ៊ុក រួន ជាតន្ត្រីករនៅក្រុមចចកសមុទ្រនោះ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ ដែលពិធីជប់លៀងធំរៀបចំនៅមជ្ឈមណ្ឌលវិមានពិភពថ្មី សែនសុខ អគារ B។
ប្រភពបានឱ្យដឹងថា សុខ ស្រីលក្ខណ៍ និងលោកអ៊ុក រួន បានស្រលាញ់គ្នាជាច្រើនឆ្នាំ និងបានភ្ជាប់ពាក្យកាលពីឆ្នាំមុន ទើបពេលនេះ សម្រេចចិត្តដឹកដៃគ្នាក្រាបផ្ទឹមនៅដើមឆ្នាំ២០១៩នេះ ព្រោះខ្លាចចំណងស្នេហាមានការប្រែប្រួល។
គួរបញ្ជាក់ថា សុខ ស្រីលក្ខណ៍ បានភ្ជាប់ស្នេហាជាមួយលោកអ៊ុក រួន ដែលជាប្អូនប្រុសរបស់តន្ត្រីករ លោកអ៊ុក មិន្ទណារិទ្ធ ជា អតីតសង្សាររបស់សុខ សីឡាលីន តែលោកមិន្ទណារិទ្ធ រៀបការជាមួយអ្នកនាងលឹម ហួ ចោលសីឡាលីន ទៅហើយ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ព្រោះមានព័ត៌មានថា ម្តាយរបស់សីឡាលីន មិនពេញចិត្តនឹងលោកមិន្ទណារិទ្ធ ទេ។ ប៉ុន្តែនៅពេលដែលសុខ ស្រីលក្ខណ៍ បានសាងស្នេហាជាមួយលោកអ៊ុក រួន ដែលជាប្អូនរបស់អ៊ុក មិន្ទណារិទ្ធ នោះ បែរជាម្តាយរបស់សីឡាលីន មិនប្រឆាំងទៅវិញ។
តាមព័ត៌មានឱ្យដឹងថា សុខ ស្រីលក្ខណ៍ បានហៅភ្ញៀវភាគច្រើនជាតារាសិល្បៈ ចំណែកលោកអ៊ុក រួន ហៅភ្ញៀវភាគច្រើនជាតន្ត្រីករ ដើម្បីចូលរួមកម្មវិធីមង្គលការរបស់ពួកគេ។ ដោយឡែក សុខ សីឡាលីន ជាបងស្រីសុខ ស្រីលក្ខណ៍ វិញ មិនមានសញ្ញាណាមួយនៃការចូលរោងការឡើយ ទោះជាមានព័ត៌មានថា នាងកំពុងសាងស្នេហ៍ថ្មីជាមួយពិធីកររូបសង្ហា លោកជីមមី ក៏ដោយ។
សុខ ស្រីលក្ខណ៍ ជាអ្នកចម្រៀងដែលមានកេរ្តិ៍ឈ្មោះមធ្យម ហើយទស្សនិកជនបានស្គាល់នាងតាមរយៈការឡើងច្រៀងតាមឆាកតន្ត្រីតាមប៉ុស្តិ៍ទូរទស្សន៍ផ្សេងៗ ដោយភាគច្រើន នាងច្រៀងបទជាភាសាអង់គ្លេស។ ប៉ុន្តែ ស្រីលក្ខណ៍ គ្មានទីតាំងផលិតកម្មឈរជើងដូចបងស្រីសុខ សីឡាលីន ឡើយ ទើបធ្វើឱ្យនាងមិនអាចស្ទុះទៅមុខបាន៕