ភ្នំពេញ៖ យុវជន៤នាក់ជិះម៉ូតូ២គ្រឿង ស្រវឹងស្រាចេញពីក្លឹបត្រឡប់ទៅផ្ទះវិញ ឃើញសមត្ថកិច្ចជិះម៉ូតូគេចត្រូវកម្លាំងអន្តរាគមន៍រាជធានីភ្នំពេញ ឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី៣១ ខែសីហា តាមបណ្តោយផ្លូវវេងស្រេង នៅចំណុចផ្លូវបត់ចូលផ្សារដីថ្មី ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
យុវជនទាំង៤នាក់រួមមាន ១ ឈ្មោះ នាង ធារះ អាយុ១៨ឆ្នាំ មុខរបរសិស្សវិទ្យាល័យជាស៊ីមសាមគ្គី ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ២ ឈ្មោះ ឡុង សិម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរព្រូរថយន្ត ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ៣ ឈ្មោះ ហ៊ុយ វិចិត្រ អាយុឆ្នាំ ភេទប្រុស មុខរបរជាងសំណង់ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និង៤ឈ្មោះ ចក ឡាយ ភេទប្រុស អាយុ២២ឆ្នាំ ម្ចាស់ម៉ូតូហុងដាឌ្រីម មុខរបរ ជាងសំណង់ម្តុំចោមចៅ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
កម្លាំងអន្តរាគមន៍រាជធានីភ្នំពេញបានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងអន្តរាគមន៍រាជធានីភ្នំពេញបានចុះល្បាតនៅក្នុងមូលដ្ឋានរបស់ខ្លួនការពារជួនប្រជាពលរដ្ឋ បទល្មើសឆក់ប្លន់កើតឡើង ខណៈពេលកើតហេតុបានប្រទះឃើញយុវជន៤នាក់ ជិះម៉ូតូ២គ្រឿង មួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១៦ ពាក់ស្លាកលេខកំពង់ធំ 1H2531 និងមួយគ្រឿងទៀតម៉ាក MSX ពណ៌សបិទពណ៌ខ្មៅ មិនចាំស្លាកលេខ ពេលដែលឃើញកម្លាំងអន្តរាគមន៍រាជធានីភ្នំពេញពួកគេទាំងនោះបើករត់គេចខ្លួនយ៉ាងលឿនធ្វើឲ្យកម្លាំងអន្តរាគមន៍សង្ស័យបានដេញតាមភ្លាមៗ ធ្វើឲ្យយុវជនដែលជិះម៉ូតូហុងដាឌ្រីមបើកទៅបុកខឿនចិញ្ចើមផ្លូវ បណ្តាលឲ្យដួល សំណាង់ល្អមិនមានរងរបួសនោះឡើយ ត្រូវសមត្ថកិច្ចឃាត់បានទាំង៤នាក់ និងម៉ូតូ២គ្រឿងយកទៅសួរនាំ ។
តាមចម្លើយសារភាពរបស់យុវជនទាំង៤នាក់ បានឲ្យដឹងថា ពួកគេទាំង៤នាក់ ទើបនឹងចេញ ពីក្លឹបក្នុងស្ថានភាពស្រវឹង ពេលឃើញសមត្ថកិច្ចខ្លាចបាននាំគ្នារត់គេចតែម្តង ។
ក្រោយពេលកើតហេតុ យុវជនទាំង៤នាក់នោះ ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅបុស្តិ៍នគរបាលស្ទឹងមានជ័យ រងចាំថ្ងៃស្អែកឲ្យសាច់ញ្ញាតបងប្អូនយកឯកសារដែលពាក់ព័ន្ធនឹងម៉ូតូ មកធានាត្រឡប់ទៅផ្ទះវិញ ៕
ឥនសាន់ស៊ីដេត