Monday, May 6, 2024
Homeព័ត៌មានជាតិប្រុសលក់ដីបានលុយថ្មីៗ ស្រីចាក់៣កាំបិត តុលាការផ្តន្ទាទោស១ឆ្នាំ

ប្រុសលក់ដីបានលុយថ្មីៗ ស្រីចាក់៣កាំបិត តុលាការផ្តន្ទាទោស១ឆ្នាំ

ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស បុរសស្ត្រី៣នាក់ ដាក់ពន្ធនាគារ២ឆ្នាំ និង៦ខែ តែអនុវត្តទណ្ឌកម្មទោសក្នុងពន្ធនាគារ១ឆ្នាំ ក្រោមការចោទប្រកាន់ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទទី១-ឈ្មោះមាន ឆយី ហៅ ស៊ិន ចរិយា ហៅកាទ្រីត ភេទស្រី អាយុ២៤ឆ្នាំ មុខរបរម៉ាស្សា ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស យោងតាមមាត្រា២១៧ និងមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ។ ជនជាប់ចោទទី២-ឈ្មោះ ណុប ចំណាប់ ហៅស្វិត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូឌុប (ប្តី) និងទី៣-ឈ្មោះសោម ធី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរមេផ្ទះ ពីបទ លក់ដូរមនុស្សដោយមានគោលដៅ យោងតាមមាត្រា១៥ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

សវនាការរឿងក្តីនេះ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ដោយចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកសេង លាង រហូតមកដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ចៅក្រម បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស បុរសស្ត្រីទាំង៣នាក់ខាងលើ ដាក់ពន្ធនាគារ២ឆ្នាំ និង៦ខែ តែអនុវត្តទណ្ឌកម្មទោសក្នុងពន្ធនាគារ១ឆ្នាំ។

គួររំលឹកថា បុរសម្នាក់ ទើបនឹងលក់ដីធ្លីបានលុយមួយចំនួនធំ ក៏នឹកឃើញចង់រកនារីម្នាក់មកកំដរ ក៏ពឹងឱ្យអ្នកស្គាល់គ្នាម្នាក់ជួយរក លុះរកនារីម្នាក់បានហើយ ក៏នាំគ្នាជក់ថ្នាំញៀនជុំគ្នា ក្រោយមកក៏ផ្ទុះជាអំពើហិង្សា ត្រូវនារីរូបនោះចាក់ប្រហារបណ្តាលឱ្យរងរបួសធ្ងន់ ទើបធ្វើឱ្យ បុរសរងគ្រោះកើតទុក្ខមិនសុខចិត្តដាក់ពាក្យបណ្តឹងថា នារីសង្ស័យប៉ងចាក់សម្លាប់ខ្លួន ដើម្បីប្លន់ទ្រព្យសម្បត្តិ។ ប៉ុន្តែក្រោយពីធ្វើការស្រាវជ្រាវ ពីកម្លាំងជំនាញអាវុធហត្ថយ៉ាងម៉ត់ចត់ ឃើញថា ករណីនេះ មិនមែនជាករណីប៉ុនប៉ងចាក់សម្លាប់ប្លន់ទ្រព្យសម្បត្តិនោះទេ តែជាករណីហិង្សា ដោយ ចេតនា។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ បាន បញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងពីបុរសម្នាក់ឈ្មោះប៊ី សុខគង់ អាយុ ៣៩ឆ្នាំ ដោយប្តឹងចោទប្រកាន់នារីម្នាក់ឈ្មោះមាន ឆយ៉ី ហៅស៊ិន ចរិយា ហៅកាទ្រីត ពីករណីប៉ុងប៉ងចាក់សម្លាប់ប្លន់យកទ្រព្យសម្បត្តិ។

តាមការរៀបរាប់របស់ដើមបណ្តឹងឈ្មោះ ប៊ី សុខគង់ បានរៀបរាប់ថា ដំបូងឡើយរូបខ្លួនទើបតែលក់ដី និងឡានបានលុយមួយចំនួន ក៏ពឹងពាក់បុរសម្នាក់ឈ្មោះស្វិត ជាកូនចៅចាស់ស្គាល់គ្នាជាង២ឆ្នាំ ឱ្យជួយរកនារីម្នាក់មកដេកជាមួយខ្លួន។ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ឈ្មោះ ស្វិតនិងប្រពន្ធ បាននាំនារីឈ្មោះមាន ឆយ៉ី ហៅស៊ិន ចរិយា ហៅកាទ្រីត មកជួបខ្លួន ហើយខ្លួនបានទិញម៉ូតូវីវ៉ា១គ្រឿង តម្លៃ២៥០ដុល្លារ ឱ្យទៅ ឈ្មោះស្វិត និងបានទិញទូរស័ព្ទអាយហ្វូន៥មួយគ្រឿង តម្លៃ១១០ដុល្លារ ឱ្យទៅនារីឈ្មោះឆយ៉ី។ បន្ទាប់មក នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ម៉ោងប្រហែល៧យប់ ខ្លួនបានឱ្យលុយទៅប្រពន្ធរបស់ឈ្មោះស្វិត ទិញបង្គា និងស្រាបៀរ មកហូបគ្នា៤នាក់ រហូតដល់ម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ទើបខ្លួនប្រាប់ឱ្យអ្នកទាំងនោះចេញពីផ្ទះខ្លួន ទុកតែនារីឈ្មោះឆយ៉ី នៅដេកក្នុងបន្ទប់ជាមួយខ្លួន។ ពេលនៅ ក្នុងបន្ទប់តែពីរនាក់ នារីឈ្មោះឆយ៉ី បានប្រើខ្លួនឱ្យទៅយកទឹកឱ្យនាងផឹក ពេលខ្លួនមកវិញបើកទ្វារចូលក្នុងបន្ទប់ដេក ហើយបែរខ្នងទាញទ្វារបិទដាក់គន្លឹះ ស្រាប់តែឈ្មោះឆយ៉ី ស្ទុះមកចាក់ខ្លួន១កាំបិតពីក្រោយខ្នង និងបន្តចាក់លើក្បាល១កាំបិតទៀត ហើយខ្លួនក៏ប្រតាយប្រតប់ត្រូវ១កាំបិត ទៀតនៅកដៃខាងឆ្វេង បន្ទាប់មកខ្លួនក៏ចាប់បោចសក់នារីនោះផ្តួលទៅលើការ៉ូ រួចជាន់កនាងជាប់ និងស្រែកហៅឱ្យគេមកជួយ ហើយខ្លួនក៏ត្រូវគេ នាំទៅមន្ទីរពេទ្យដើម្បីព្យាបាលតែម្តង។

តាមចម្លើយសារភាពរបស់ស្ត្រីសង្ស័យឈ្មោះមាន ឆយ៉ី ហៅស៊ិន ចរិយា ហៅកាទ្រីត បានរៀបរាប់ថា រូបនាងមានអាយុ១៩ឆ្នាំ ធ្វើការ នៅហាងម៉ាស្សា កោសជប់១៦៨។ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ រូបនាងត្រូវបានបុរសម្នាក់ឈ្មោះ ស្វិត និងប្រពន្ធឈ្មោះចែធី បបួលនាង ទៅផ្ទះពូរបស់ពួកគេ ឈ្មោះប៊ី សុខគង់ ហៅពូនៅ នៅម្តុំផ្លូវបំបែកផ្សារព្រៃទា ដោយជិះកង់បី។ ពេលទៅដល់ ឈ្មោះស្វិត និងពូនៅ បាននិយាយគ្នា តែនាងមិនដឹងថា ពួកគេនិយាយពីអ្វីនោះទេ ក្រោយមកពួកនាងទាំង៤នាក់ បានអង្គុយជក់ថ្នាំញៀនជាមួយគ្នា ពេលនោះរូបនាងក៏ឃើញ ឈ្មោះប៊ី សុខគង់ ហៅពូនៅ បានឱ្យប្រាក់១០០ដុល្លារ ទៅឈ្មោះស្វិតនិងប្រពន្ធ ហើយទាំងពីរនាក់ប្តីប្រពន្ធ ក៏បាននាំគ្នាចេញទៅបាត់អស់ ទុកតែនាង និងប៊ី សុខគង់ នៅក្នុងបន្ទប់ឡៅតឿជាមួយគ្នា ហើយពួកនាងក៏បានអង្គុយជជែកគ្នាពីរឿងគ្រួសារ និងជក់ថ្នាំញៀនជាមួយគ្នាបន្តទៀត រហូតដល់ជិតភ្លឺ ទើបរូបនាងចេញពីផ្ទះ ប៊ី សុខគង់។ លុះដល់ម៉ោងប្រហែល២រសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ រូបនាងក៏បានត្រឡប់ចូលផ្ទះប៊ី សុខគង់ វិញ ហើយឈ្មោះស្វិត និងប្រពន្ធគាត់ឈ្មោះចែធី ក៏បានត្រឡប់មកផ្ទះនោះម្តងទៀតផងដែរ។ ក្នុងថ្ងៃនោះឈ្មោះ ប៊ី សុខគង់ បានទៅទិញម៉ូតូ១គ្រឿង ឱ្យឈ្មោះស្វិត និងទិញទូរស័ព្ទដៃម៉ាកអាយហ្វូន៥មួយគ្រឿងឱ្យមកនាង ហើយក៏នាំគ្នាជក់ថ្នាំញៀន រហូតដល់ម៉ោងប្រហែល១២យប់ ទើបឈ្មោះ ប៊ី សុខគង់ បានដេញប្តីប្រពន្ធឈ្មោះស្វិត ឱ្យត្រឡប់ទៅផ្ទះវិញ ដោយទុកឱ្យរូបនាងនៅជាមួយម្ចាស់ផ្ទះតែពីរនាក់។

ក្រោយពេលគេនាំគ្នាចេញទៅអស់ ឈ្មោះ ប៊ី សុខគង់ បានយកដែកស្រួចវែងបន្តិចមកគំរាម ឱ្យនាងដេកលើពូក និងនៅឱ្យស្ងៀម នាងក៏ព្រមអង្គុយលើពូក ពេលនោះនាង បានក្រឡេកឃើញមានកូនកាំបិត១នៅលើកៅអីឈើក្បែរចុងគ្រែ នាងក៏ស្ទុះក្រោក ទៅឆក់យកកូនកាំបិតនោះ ចាក់ទៅលើខ្នងឈ្មោះ ប៊ី សុខគង់ ១កាំបិត ហើយក្រោយមកទៀតក៏ប្រតាយប្រតប់គ្នា រហូតរូបនាងត្រូវឈ្មោះប៊ី សុខគង់ ចាប់បោចសក់ បោកក្បាលទៅនឹងឥដ្ឋការ៉ូ និងជាន់កផ្ទប់ នឹងឥដ្ឋ ហើយចាប់អូសនាងពីលើឡៅតឿ រហូតដល់ក្រោម និងយកខ្សែភ្លើងចងនាង រួចស្រែកហៅអ្នកជិតខាងមកជួយ មួយសន្ទុះក្រោយមក ក៏មានសមត្ថកិច្ចអាវុធហត្ថទៅដល់ ចាប់ខ្លួននាងតែម្តង៕

RELATED ARTICLES