តារាចម្រៀងសាន់ដេ លោកសុខ មេសា ហៅនាយចឺម ដែលមានមហិច្ឆតាធំ ដោយហ៊ានប្រកាសថា ត្រឹមតែ1ឆ្នាំទៀត រូបគេនឹងតាមល្បីឱ្យស្មើខេមរៈ សិរីមន្ត នោះ ពេលនេះអាចជួបឧបសគ្គធំរាំងផ្លូវហើយ ព្រោះថ្មីៗនេះ សាន់ដេ ទើបតែបញ្ចោញតារាចម្រៀងជើងថ្មីរបស់ខ្លួនម្នាក់ទៀត គឺលោកយឿន សូតអនុស្សាវរីយ៍ ដែលមានតិចនិកច្រៀងដូចគ្នាទៅនឹងនាយ ចឺម ដែរ។
អ្វីដែលធ្វើឱ្យនាយចឺម កាន់តែពិបាកទប់ទល់ជាមួយលោកអនុស្សាវរីយ៍ ថែមទៀតនោះ គឺអ្នកនិពន្ធផលិតកម្មសាន់ដេ ដែលធ្លាប់សរសេរបទចម្រៀងឱ្យនាយចឺម ច្រៀងល្បីជាច្រើនបទ គឺលោកសុន រដ្ឋា ត្រូវជាបងប្រុសបង្កើតរបស់លោកយឿន សូតអនុស្សាវរីយ៍ តែម្តង ដែលអាចស្គាល់សំឡេងរបស់ប្អូនប្រុស ច្បាស់ណាស់ ហេតុនេះហើយបានជាមានសំណួរលើកឡើងថា តើលោករដ្ឋា នឹងបន្តសរសេរបទចម្រៀងល្អឱ្យនាយចឺម ច្រៀងកាន់តែល្បីថែមទៀត ឬមួយក៏លោកងាកផ្អឹបបទចម្រៀងល្អៗទាំងនោះ ទុកឱ្យលោកអនុស្សាវរីយ៍ ដែលជាប្អូនប្រុសបានល្បីវិញម្តង ?
លោកសុន រដ្ឋា បានប្រាប់ថា លោកពិតជាដឹងបច្ចេកទេសប្អូនប្រុសរបស់លោកច្រៀងមែន ហេតុនេះហើយការធ្វើបទឱ្យអនុស្សាវរីយ៍ ច្រៀង មិនមែនជាការពិបាកឡើយ។ ជាក់ស្តែង ដូចជាកាលពីពេលថ្មីៗនេះ លោកបាននិពន្ធឱ្យប្អូនប្រុសច្រៀង ដូចជាបទ “ជើងមេឃពណ៌ខ្មៅ” ជាដើម គឺមានទស្សនិកជនច្រើនណាស់ដែលគាំទ្របទនេះ។ ដោយឡែកចំពោះ នាយចឺម វិញ កន្លងមក លោកធ្លាប់និពន្ធឱ្យច្រៀងបទល្បីៗជាច្រើនមែន ប៉ុន្តែក្រោយពេលលោកមានប្អូនចូលសាន់ដេ នេះ គឺនៅតែបន្តធ្វើឱ្យដូចមុនដដែល ហើយលោកយល់ថា តារាចម្រៀងទាំង2 គឺនាយចឺម និងអនុស្សាវរីយ៍ ទោះជាមានការច្រៀងស្ទីលប្រហាក់ប្រហែលគ្នាមែន តែមិនដូចគ្នាទាំងស្រុងនោះទេ ស្ទីលម៉្យាងៗម្នាក់ ហេតុនេះហើយ លោកមិនបារម្ភខ្លាចពួកគេប៉ះទីផ្សារចម្រៀងគ្នា ឬប្រជែងគ្នាឡើយ។
ចំណែកអ្នកចម្រៀងជើងថ្មីរបស់ផលិតកម្មសាន់ដេ យឿន សូតអនុស្សាវរីយ៍ ដែលគ្រាន់តែក្លាយជាតារាសាន់ដេភ្លាម ក៏ត្រូ់វស្រី ម្នាក់ចោទថា បោះបង់នាងដែលជាប្រពន្ធចោលនោះ បានច្រានចោលចំពោះដំណឹងនេះ ដោយចាត់ទុកថា មានគេចង់បំបាក់ខ្លួន ព្រោះរឿងលោកនិងនារីនោះ បានចប់គ្នាអស់ទៅហើយ។
អនុស្សាវរីយ៍ មានជំនឿចិត្តថា ការមានឱកាសឈរជើងនៅសាន់ដេ គឺជាឱកាសដ៏កម្រមួយ ហេតុនេះហើយ រូបគេត្រូវតែប្រឹងប្រែង និងគ្មានបំណងទៅប្រជែងជាមួយតារាណាម្នាក់ឡើយ៕