ខេត្តកំពង់ស្ពឺ៖ ករណីហិង្សាដោយចេតនានេះ បានកើតឡើងកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចវិទ្យាស្ថានថ្លុកតាសេក កងទ័ពជើងគោក មានទីតាំងស្ថិតនៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។
ស្ត្រីជាជនសង្ស័យដែលកាប់គូទំនាស់ចំនួន២កាំបិត និងត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះវ៉ែន ផល្លា អាយុ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកបុរសជាជនរងគ្រោះ មានឈ្មោះអ៊ឺម ពៅ អាយុ៣៧ឆ្នាំ មុខរបរជាយោធាចារ្យ (គ្រូបង្ហាត់យោធា) នៅវិទ្យាស្ថានថ្លុកតាសេក កងទ័ពជើងគោក និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនដៃដល់ បានកើតមានទំនាស់ពាក្យសម្តី នឹងគ្នាយ៉ាងតឹងសរសៃក តែមិនដឹងថា អ្នកទាំងពីរ ឈ្លោះគ្នាពីរឿងអ្វីនោះទេ។ ស្រាប់តែបន្តិចក្រោយមក ស្ត្រីសង្ស័យខាងលើ ក៏ស្ទុះទៅទាញ កាំបិតប៉័ងតោ កាប់ប្រហារទៅលើជនរងគ្រោះ ចំនួន២កាំបិត ត្រូវចំនួន២កន្លែង ក្នុងនោះ ត្រូវចំស្មាខាងស្តាំ១កន្លែង និងត្រូវដៃខាងស្តាំ១កន្លែង បណ្តាលឱ្យរងរបួសជាទម្ងន់។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានអង្គភាពដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកេតុមាលា ហៅពេទ្យ១៧៩ នៅឯរាជ ធានីភ្នំពេញ។

ដោយឡែក ស្ត្រីសង្ស័យ ត្រូវបានកម្លាំងស្នាក់ការសន្តិសុខ៤០៣ ចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីសួរនាំ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕