Wednesday, November 20, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ដ សន្យាធ្វើសន្និសីទកាសែតឆាប់ៗ ជុំវិញមរណៈភាពខេមរៈ ស្រីពៅ

ខេមរៈ សិរីមន្ដ សន្យាធ្វើសន្និសីទកាសែតឆាប់ៗ ជុំវិញមរណៈភាពខេមរៈ ស្រីពៅ

ក្នុងជំនួបផ្ទាល់ជាមួយខេមរៈ សិរីមន្ដ កាលពីម្សិលមិញ ចំបុណ្យគម្រប់៧ថ្ងៃ ខេមរៈ ស្រីពៅ នៅផ្ទះរបស់សិរីមន្ដ ទល់មុខសួនសុបិន្ដចម្ការព្រីង ខណ្ឌសែនសុខ រាជធានីភ្នំពេញ តារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ បានអះអាងថា កម្មវិធីសន្និសីទកាសែតជុំវិញជំងឺរបស់ខេមរៈ ស្រីពៅ ដែលបណ្ដាលឲ្យនាងទទួលមរណភាពនោះ នឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗខាងមុខនេះហើយ ឬអាច២ទៅ៣ថ្ងៃខាងមុខនេះ ក៏ថាបាន។

សិរីមន្ដ ថ្លែងទាំងទឹកមុខក្រៀមក្រំថា ”ខ្ញុំនឹងធ្វើសន្និសីទកាសែតរឿងជុំវិញប្អូនខ្ញុំ ទទួលមរណភាពហ្នឹងបង ក្នុងពេលឆាប់ៗហ្នឹង យើងនឹងរៀបចំ។ តែពេលនេះ ខ្ញុំសូមសម្រាកដេកឲ្យបានលក់ប៉ុន្មានថ្ងៃសិន”។

តាមជំនួយការរបស់ខេមរៈ សិរីមន្ដ បានឲ្យដឹងដែរថា សន្និសីទកាសែតជុំវិញខេមរៈ ស្រីពៅ ទទួលមរណភាព ដែលបើកឲ្យអ្នកកាសែតសួរដេញដោលគ្រប់ចម្ងល់ទាំងឡាយនោះ គឺដើម្បីលុបបំបាត់ព័ត៌មានចចាមអារ៉ាមទាំងឡាយ ឲ្យជ្រះស្រឡះ និងកុំឲ្យមាន Page មួយចំនួន ដែលមិនមែនជាអ្នកកាសែតមានវិជ្ជាជីវៈត្រឹមត្រូវ ចេះតែចុះនោះ លុបបំបាត់ព័ត៌មានមិនពិតលើស្រីពៅ តទៅទៀត ហើយអ្នកឆ្លើយសំណួររបស់អ្នកសារព័ត៌មាន គឺខេមរៈ សិរីមន្ដ ផ្ទាល់តែម្ដង។

កម្មវិធីដែលសិរីមន្ដ ត្រូវជួបតទល់ជាមួយអ្នកកាសែតជាច្រើនស្ថាប័ន ទាក់ទងមរណភាពរបស់ខេមរៈ ស្រីពៅ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅប្រទេសឥណ្ឌា នោះ នឹងអាចរៀបចំនៅសប្ដាហ៍ក្រោយនេះ ឬមុនបុណ្យចូលឆ្នាំចិន។

ទោះជាសន្និសីទកាសែតមិនទាន់ត្រូវបានដំណើរការមែន តែតាមព័ត៌មានពីតារាសិល្បៈជិតស្និទ្ធខេមរៈ សិរីមន្ដ ដែលបានទៅចូលរួមពិធីបុណ្យសព៧ថ្ងៃ របស់ខេមរៈ ស្រីពៅ នោះ បានបង្ហើបឲ្យដឹងថា សិរីមន្ដ ទទួលស្គាល់ថា ស្រីពៅ ពិតជាបានប្រើប្រាស់ថ្នាំខុសមែន ទើបបណ្ដាលឲ្យនាងរងគ្រោះថ្នាក់ដល់ជីវិត ដូចការសង្ស័យរបស់ឌួង ហ្សូរីដា មែន៕

RELATED ARTICLES